សមុទ្របុប្ផាពណ៌លឿងដ៏ល្បីល្បាញនៅក្នុងប្រទេសចិន

2018-04-11 17:43:22 |ប្រភព:postkhmer.com

  ក្រុងគុងមីង :ឡូពីង(Luoping)​គឺជា​តំបន់​ភាគ​ខាង​កើត​ខេត្ត​យូណាន​ដែល​មាន​ចម្ងាយ​ប្រមាណ ២២៨​ គីឡូម៉ែត្រ​ពី​ក្រុងគុងមីង។

  ជា​រៀង​រាល់​ឆ្នាំ នៅ​ដើម​រដូវ​ផ្កា​រីក​ផ្កា​ពណ៌​លឿង​ម៉្យាង​តែង​រីក​ដេរ​ដាស​បង្កើត​បាន​ជា​កម្រាល​ព្រំ​ពណ៌​លឿង​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ដែល​មាន​កូន​ភ្នំ​រាយប៉ាយ។

  ទេសភាព​ដ៏​ត្រកាល​បាន​ទាក់​ទាញ​អ្នក​ថត​រូប និង​ភ្ញៀវ​ទេសចរ​ណ៍រាប់​ពាន់​នាក់​មក​ទស្សនា​វាល​ផ្កា​ពណ៌​លឿង​ដែល​លាត​សន្ធឹង​ដាច់​កន្ទុយ​ភ្នែក​តែ​ម្ដង។

  វេលា​ដ៏​ល្អ​បំផុត​សម្រាប់​គយ​គន់​ទេសភាព​នេះ​គឺ​អំឡុង​ខែ​កុម្ភៈ និង​មីនា ហើយ​បុប្ផា​ពណ៌​លឿង​ទាំង​នោះ​នឹង​ផ្ដើម​រុះរោយ​នា​រដូវ​ក្ដៅ​ក្នុង​ខែ​មិថុនា។

  ដើម​ឡើយ ទេសភាព​ដ៏​អស្ចារ្យ​នេះ​មិន​ត្រូវ​បាន​អ្នក​ទេសចរណ៍​ចាប់​អារម្មណ៍​ឡើយ។ ពោល​គឺ​ម្នាក់ៗ​នាំ​គ្នា​ទៅ​ហួស មក​ហួស មិន​បាន​ចាប់​អារម្មណ៍​ចោល​ភ្នែក​ក្រឡេក​មើល​សមុទ្រ​ផ្កា​នេះ​ឡើយ។

  លុះ​ក្រោយ​មក ជាង​ថត​រូប​អាជីព​ជា​ច្រើន​បាន​មក​ដល់​ទី​នេះ និង​បាន​បង្ហោះ​រូបថត​របស់​ខ្លួន​ជា​សាធារណៈ ទើប​មនុស្ស​ម្នា​ចាប់​ផ្ដើម​ស្គាល់​ទី​នេះ និង​នាំ​គ្នា​ផ្អើល​មក​ទស្សនា​លេង​កម្សាន្ត​តែ​ម្ដង៕

អ្នកនិពន្ធ៖ លីហ្សា