ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៣ត្រូវបានបញ្ចប់ដោយជោគជ័យយ៉ាងខ្លាំងនៅខេត្តមណ្ឌលគិរី

2018-12-21 17:14:11 |ប្រភព:CRI

  ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៣ដែលបានធ្វើដំណើរមកដល់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងបានចាក់បញ្ចាំងនៅទីធ្លាក្បែររង្វង់មូលគោព្រៃកាលពីរាត្រីថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៨ នោះ ទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង ដោយសារតែមានការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរក្រុង មន្ទីរពាក់ព័ន្ធ និងការចូលរួមទស្សាពីបងប្អូនប្រជាពលរដ្ឋ ព្រមទាំងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករប្រមាណជា ១៣០០នាក់។

  គួរបញ្ជាក់ថា ឆ្នាំ២០១៨នេះស្របពេលដែលប្រមុខថ្នាក់​ដឹក​នាំប្រទេសទាំងពីរកម្ពុជាចិនបានប្រារព្ធខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ ព្រឹត្តិការណ៍ “ដំណើភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៣” ត្រូវបានចាប់ផ្ដើមបន្តបេសកកម្មរបស់ខ្លួនបន្តទៀត ដោយមានកិច្ចសហការរវាងស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងរៀបចំផ្ទាល់ដោយវិទ្យុមិត្តភាពកម្ពុជា​​ចិន។ ព្រឹត្តិការណ៍ “ដំណើភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៣”នេះ បានចាប់ផ្ដើមបេសកកម្មចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដោយទទួលបានជោគជ័យយ៉ាងធំសម្បើមនៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងចុងក្រោយគឺខេត្តមណ្ឌលគិរី និងបានធ្វើដំណើរក្នុងចម្ងាយផ្លូវដ៏វែងឆ្ងាយសរុបប្រមាណជាជាង២៥០០គីឡូម៉ែត្រ និងមានអ្នកចូលរួមទស្សនាសរុបប្រមាណជា១៥០០០នាក់។

  ឆ្លៀតក្នុងឱកាសនោះ លោកស្រី វិនស៊ីធួន( Vin Saithoun) អភិបាលរងខេត្តមណ្ឌលគិរី ដែលបានមានវត្តមានជាអធិបតីក្នុងព្រឹត្តិការណ៍នេះបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៣”នេះ បានជំរុញឱ្យមានការផ្លាស់ប្តូរនូវវប្បធម៌សិល្បៈភាពយន្ត នៃប្រទេសទាំងយើងពីរចិននិងកម្ពុជា ហើយក៏បានធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរស្គាល់គ្នាកាន់តែច្បាស់ និងបានស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅបន្ថែមទៀត។

  ជាមួយគ្នានេះដែរ លោកហ្វឹង ហ៊ុយអគ្គនាយកវិទ្យុមិត្តភាពកម្ពុជាចិនបានមានប្រសាសន៍ថាព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្តចល័តចិនកម្ពុជាដ៏ឆ្នើមលើកទី៣ឆ្នាំ២០១៨នេះ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរវប្បធម៌និងពង្រឹង​​កិច្ចសហ​​ប្រតិបត្តិ​ការរវាង​ប្រទេស​​ទាំង​ពីរកម្ពុជាចិនឱ្យកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀត។​ លោក ហ្វឹង ហ៊ុយ ក៏បានអរគុណចំពោះរដ្ឋបាលខេត្តក្រុង អាជ្ញាធរនិងបងប្អូនប្រជាពលរដ្ឋនៅ​ខេត្តមណ្ឌលគិរី​ដែលបានគាំទ្រសហការ និងចូលរួមទស្សនាយ៉ាងច្រើនកុះករបែបនេះ  ហើយការចូលរួមទស្សនារបស់បងប្អូន​ប្រជាពលរដ្ឋខ្មែរតាមបណ្ដាខេត្តនានា ក៏ដូចជានៅខេត្តមណ្ឌលគិរីនេះពិតជាបានជំរុញឱ្យទំនាក់ទំនង​រវាងកម្ពុជាចិនកាន់តែស្អិតរមួត និងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។

  កញ្ញា ត្រាវឆ្វេ(Travchve) ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យហ៊ុនសែន មណ្ឌលគិរីដែលបានមកចូលរួមទស្សនាភាពយន្តចិនខ្មែរនេះដែរ បានចាត់ទុកថា ការបញ្ចាំងភាពយន្តចិនខ្មែរនៅពេលនេះ ពិតជាល្អមើលខ្លាំងណាស់  ទាំងរូបភាព ទាំងការអប់រំនិងបានមើលឃើញពីទិដ្ឋភាពនានានៃប្រទេសចិន រួមទាំងវប្បធម៌របៀបរបបរស់នៅរបស់ប្រជាជនចិន និងកម្ពុជាផងដែរ។

  យុវជនលឹមសំណាង(limSomnang) មានអាយុ១៧ឆ្នាំ ដែលកំពុងទស្សនាយ៉ាងជក់ចិត្តផងនោះ ក៏បានប្រាប់ឱ្យដឹងថាការចាក់បញ្ចាំងភាពយន្តចិនខ្មែរនេះ ពិតជាវិសេសវិសាលខ្លាំងណាស់ ព្រោះជារឿងដែលបានផ្ដល់តម្លៃអប់រំនិងការកំសាន្តសប្បាយរីករាយជួនដល់ប្រជាពលរដ្ឋទូទៅក៏ដូចជាអ្នករស់នៅខេត្តមណ្ឌលគិរីនេះតែម្តងហើយវាក៏ជាលើកទី១ផងដែរដែលអ្នកខេត្តមណ្ឌលគិរីបានទស្សនាដោយផ្ទាល់នូវភាពយន្តខ្នាតធំបែបនេះ។

  លោកស្រី ជ្រឺ ចាន់រី(ChruChanri) ជាប្រជាជនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី  បានបង្ហាញក្តីរំភើបសប្បាយរីករាយក្រៃលែង​ចំពោះវិទ្យុមិត្តភាពកម្ពុជាចិន ដែលបាន​នាំ​យ​​ក​​​​នូវភាពយន្ត​​​​​​ចិនខ្មែរ​​ដ៏ល្អឆើត​​ឆាយមកចាក់បញ្ចាំងឱ្យបងប្អូន​​ប្រជាពល​រដ្ឋនៅខេត្តមណ្ឌលគិរីបានទស្សនា​​ដោយ​សេរី​​​នៅ​​​ពេល​នេះ​ និងអរគុណចំពោះព្រត្តិការណ៍ដ៏មានអត្ថន័យនេះ និងសំណូមពរឱ្យមានការចាក់បញ្ចាំងភាពយន្ត បែបនេះជាបន្តបន្ទាប់ទៀតផងដែរ៕