ផ្លូវដែកសាងសង់មុនគេនៅខេត្តយូណាន——ផ្លូវដែកទានយៀក

2019-04-09 15:44:07 |ប្រភព:yunnangateway

ជាងមួយរយឆ្នាំមុន  ក្នុងខេត្តយូណានប្រទេសចិនមានភ្នំខ្ពស់និងជ្រលងភ្នំជ្រៅ  គ្មានផ្លូវថ្នល់សម្រាប់រថយន្តមួយខ្សែឡើយ  ក៏ប៉ុន្តែមានផ្លូវដែកឆ្លងកាត់ប្រទេសមួយខ្សែគឺ ផ្លូវដែកទានយៀក(ខេត្តយូណាន-ប្រទេសវៀតណាម)។  ផ្លូវដែកទានយៀកជាផ្លូវដែកទីមួយនៃខេត្តយូណាន  ក៏ជាផ្លូវដែកមួយក្នុងផ្លូវដែកម៉ែត្រ(ផ្លូវដែកប្រវែងទទឹងចង្អៀត)ដែលមានចំនួនមិនសូវច្រើននៅប្រទេសចិន។

ផ្លូវដែកម៉ែត្រ គឺមានន័យថា  ចម្ងាយរវាងខ្សែផ្លូវដែកថែបទាំងពីរគឺមានចំនួន១ម៉ែត្រ។  ប្រវែងបណ្តោយនៃផ្លូវដែកទានយៀកសរុបមានចំនួន៨៥៥គីឡូម៉ែត្រ  នៅក្នុងនោះ  កំណាត់ផ្លូវក្នុងប្រទេសវៀតណាមមានចំនួន៣៨៩គីឡូម៉ែត្រ  កំណាត់ផ្លូវក្នុងខេត្តយូណានប្រទេសចិនមាន៤៦៦គីឡូម៉ែត្រ។  ផ្លូវដែកមួយនេះបានចាប់ផ្តើមសាងសង់តាំងពីខែតុលា ឆ្នាំ១៩០៣  ហើយបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាខែមករាឆ្នាំ១៩១០  ដល់បច្ចុប្បន្ននេះមានប្រវត្តិសាស្ត្រមួយរយឆ្នាំជាងហើយ។

ក្នុងនាមផ្លូវដែកទានយៀកជាផ្លូវដែកលើទីបីនៅប្រទេសចិន  ដែលបានធ្វើឱ្យខេត្តយូណានប្រែក្លាយពីខេត្តតាមខ្សែព្រំដែនចិននិងមានលក្ខណៈអន់ថយទៅជាទ្វារដែលបើកចំហរមួយព្រមទាំងក្លាយទៅជាកន្លែងមួយដែលបង្កើតទំនាក់ទំនងជាមួយពិភពលោកដោយឥតឈប់ឈរ។

ផ្លូវដែកទានយៀកចាប់ដំណើរការពីទីក្រុងគុនមីញ ឆ្លងកាត់ស្រុកហឹខាវនៃតំបន់ខ្សែព្រំដែនចិននិងវៀតណាម រហូតដល់ទីក្រុង Hai Phong នៃប្រទេសវៀតណាម។ តាមខ្សែផ្លូវដែកនេះមានទីក្រុងនិងស្រុកដែលមានលក្ខណៈពិសេសជាច្រើនដូចជាទីក្រុងគុនមីញ ស្រុកជានសុយ ស្រុកមឹងជឺជាដើម។  ក្នុងរយៈពេលមួយរយឆ្នាំកន្លងមកនេះ  ទីក្រុងនិងស្រុកទាំងនេះសុទ្ធតែបានទទួលឱកាសអភិវឌ្ឍន៍យ៉ាងធំសម្បើម។

តាមខ្សែផ្លូវដែកនេះមានភ្នំខ្ពស់  ទឹកទន្លេស្ទឹងថ្លាល្អនិងវាលស្មៅធំទូលាយជាដើម  តំបន់ឆ្លងកាត់មានអាកាសធាតុយ៉ាងល្អប្រសើរ  និងមានទេសភាពល្អផូរផង់សុទ្ធតែជាទីកន្លែងល្អប្រសើរសម្រាប់ការទៅលេងកម្សាន្តនិងធ្វើទេសចរ៕

អ្នកបកប្រែ៖ លីហ្សា