ចំណាប់អាម្មណ៍ នៃដំណើរទស្សនកិច្ច នៅទីក្រុងគុនមីង នៃខេត្តយូណាន ប្រទេសចិន

2019-07-27 17:47:57 |ប្រភព:yunnangateway

តបតាមការអញ្ជើញរបស់ក្រុមហ៊ុនកាសែតយូណានដេលីគ្រុប នៅទីក្រុងគុនមីង ខេត្តយូណាន ដើម្បីទៅចូលរួមវគ្គបណ្ដុះបណ្ដាលមន្ដ្រីរាជការ និងអ្នកសារព័ត៌មាននៃប្រទេសមហាអនុតំបន់ទន្លេមេគង្គឡានឆាង ដែលមានប្រទេសចូលរួមចំនួនបួនប្រទេសរួមមាន កម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ក្រោមប្រធានបទ “ ស្វែងយល់អំពីសម្រស់ស្អាតនៃខេត្ដយូណាន ” ។

នៅក្នុងឳកាសនោះដែរ ប្រតិភូនៃប្រទេសកម្ពុជា បានទទួលការស្វាគមន៍ដ៏កក់ក្ដៅពីក្រុមហ៊ុនកាសែតយូណានដេលីគ្រុប ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលស្នាក់នៅ ការទទួលទានអាហារ និងការធ្វើដំណើរផងដែរ ។ ពួកយើងបានទទួលនូវបទពិសោធន៍ថ្មីៗជាច្រើនក្នុងសិក្ខាសាលាកន្លងមកនេះ រួមទាំងដំណើរកំសាន្ដនៅទីក្រុងមួយចំនួននៅក្នុងខេត្តយូណាន មានដូចជាគាន់ទូនៅក្នុងខេត្តយូណាន ដែលមានសម្រស់ដ៏ស្រស់ស្អាត និងមានការតាំងបង្ហាញនូវវត្ថុបុរាណ និងជីវភាពរស់របស់ប្រជាជននៅទីនោះ ។ នៅថ្ងៃបន្ទាប់ ប្រតិភូនៃបណ្ដាប្រទេសឡានឆាងមេគង្គ ត្រូវបានអញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរដាយណូ-ស័រ ( Lufeng World Dinosaur Valley ) ជាទីកន្លែងមួយដែលបានធ្វើកំណាយរកឃើញនូវឆ្អឹងសត្វដាយណូស័រដែលមានអាយុកាលរាប់លានឆ្នាំមកហើយ ។

បន្ទាប់ពីបានទស្សនកិច្ចនៅសារមន្ទីរដាយណូស័រ គណៈប្រតិភូនៃបណ្ដាប្រទេសឡានឆាងមេគង្គបានទៅទស្សនកិច្ចនៅសារមន្ទីរខេត្តយូណាន ដែលនៅទីនោះមានតាំង បង្ហាញអំពីគំនូរ ដែលរៀបរាប់អំពីជីវភាពរស់នៅរបស់មនុស្សនៅសម័យបុរាណ និងជនជាតិចិនភាគតិចជាច្រើនជនជាតិ រួមទាំងការតាំងបង្ហាញផងដែរនូវវត្ថុបុរាណនានា ដូចជារបស់ប្រើប្រាស់ផ្សេងៗនាសម័យនោះ ។

នាដំណើរទស្សនកិច្ច និងការសិក្សាកន្លងមកនេះ ពួកយើងពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ក៏ដូចជាបានទទួលនូវបទពិសោធន៍ថ្មីៗជាច្រើនទាក់ទងនឹងខេត្តយូណាន ។ ជាចុងក្រោយពួកយើងដែលជាមន្ដ្រីនៃក្រសួងព័ត៌មាន សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនកាសែតយូណានដេលីគ្រុបដែលបានបើកនូវវគ្គបណ្ដុះបណ្ដាលដ៏ល្អ នេះ និងបានផ្ដល់បទពិសោធន៍ថ្មីៗល្អដល់មន្ដ្រីយើង ។

សូមអរគុណ…!