មកមើលពួកគាត់បង្កើតសុបិននៅប្រទេសកម្ពុជាក្នុងរយៈពេល​​ ១០ ឆ្នាំ!

2020-07-10 18:02:06 |ប្រភព:澜湄趴

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៥ ពិធីមង្គលការបែបប្រពៃណីខ្មែរមួយត្រូវបានរៀបចំនៅសណ្ឋាគារនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅប្រទេសកម្ពុជា។ ភ្ញៀវដែលចូលរួមពិធីស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរដៃលើកស្រាបៀរអង្គរ ដើម្បីជូនពរដល់គូស្វាមីភរិយាថ្មី ហើយកូនក្រមុំនិងកូនកំលោះក៏ថ្លែងអំណរគុណដល់ភ្ញៀវជាភាសាខ្មែរ ។

 

តួឯកនៃពិធីរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីខ្មែរនេះមិនមែនជាជនជាតិខែ្មរនោះទេ គឺជាលោក លី ឆាវ និងលោកស្រី លាវ ម៉ី ដែលមកពីខេត្តយូណាននៃប្រទេសចិន។ ពិធីរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីខ្មែរនេះ មិនត្រឹមតែបានបង្ហាញឱ្យឃើញថាពួកគាត់ស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញអំពីក្តីសុបិនរបស់ពួកគាត់ក្នុងការបង្កើតជីវភាពរស់នៅដ៏ល្អប្រសើរនៅទីនេះទៀតផង។

គិតមកដល់ពេលនេះ លោក លី ឆាវ និងលោកស្រី លាវ ម៉ី ធ្វើការនិងរស់នៅប្រទេសកម្ពុជាអស់រយៈពេល ១០ ឆ្នាំមកហើយ  ហើយពួកគេក៏កំពុងខិតខំប្រឹងប្រែងក្នុងការសម្រេចសុបិនរបស់ខ្លួនដែរ ។

-ក្រុងព្រះសីហនុចំណុចចាប់ផ្តើមនៃសុបិន

 

នៅខែ កញ្ញា ឆ្នាំ ២០១០ លោក លី ឆាវ និងលោកស្រី លាវ ម៉ី បានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៃប្រទេសកម្ពុជា ហើយនេះជាលើកទី ១ ដែលពួកគាត់បានមកទស្សនានៅប្រទេសកម្ពុជា។ នៅប្រទេសកម្ពុជា អាកាសធាតុក្តៅ ហើយតម្លៃអគ្គិសនីក៏ខ្ពស់ណាស់ដែរ។ នេះជាចំណាប់អារម្មណ៍ដំបូងរបស់លោក លី ឆាវ និងនិស្សិតចិនភាគច្រើននៅពេលនោះ ។ ក៏ប៉ុនែ្ត ពួកគេក៏ចាប់ចិត្តស្រឡាញ់ប្រទេសកម្ពុជាក្នុងពេលនោះ  និងត្រូវបានទាក់ទាញដោយទំនៀមទម្លាប់ប្រពៃណីពិសេសនៃតំបន់ត្រូពិច ទេសភាពប្រាសាទអង្គរវត្តបុរាណដ៏អស្ចារ្យ ទន្លេមេគង្គដែលពោរពេញដោយធនធានធម្មជាតិ និងជនជាតិខែ្មរដែលមានភាពរួសរាយរាក់ទាក់និងស្វាហាប់ជាដើម ។ បន្ទាប់មក ពួកគាត់យល់ថា ប្រទេសកម្ពុជាពោរពេញទៅដោយឱកាសនិងសក្តានុពលយ៉ាងខ្លាំងក្លា ។

មុនពេលបញ្ចប់ការសិក្សា លី ឆាវ និង លាវ ម៉ី ទទួលបានការងារពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកម្ពុជា និងបានបង្កើតសុបិនខ្លួននៅកម្ពុជាដោយចាប់ផ្តើមចេញពីការងារហាត់ការ។

នៅពីរបីឆ្នាំដំបូង សម្រាប់លោកស្រី លាវ ម៉ី ការទាក់ទងទូរស័ព្ទជាវីដេអូជាមួយក្រុមគ្រួសារនៅប្រទេសចិនគឺជារឿងរីករាយបំផុតនៅពេលនោះ។ លោកស្រីបានប្រាប់អ្នកកាសែតថា ពីមុន ប្រាក់ខែទាប ហើយដើម្បីកាត់បន្ថយចំណាយ យើងតែងតែមិនប្រើម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះ ។ នៅពេលនោះ យើងគ្មានរថយន្ត ដូច្នេះចង់ទៅខាងក្រៅក៏មិនងាយស្រួលដែរ ។ លោកស្រីបានបន្តទៀតថា នៅពេលចាប់ផ្តើមសាងសង់តំបន់សេដ្ឋកិច្ចពិសេស សេវាទូរស័ព្ទមិនល្អទេ ខ្ញុំតែងតែសុំឱ្យមិត្តភក្តិខ្មែររបស់ខ្ញុំជិះម៉ូតូនាំខ្ញុំទៅតំបន់ទេសចរណ៍មាត់សមុទ្រ ដើម្បីរកកន្លែងដែលមានសេវាទូរស័ព្ទល្អ ហើយទាក់ទងជាមួយក្រុមគ្រួសារខ្ញុំ ។

អ្វីដែលចោទឡើងសម្រាប់លោក លី ឆាវ គឺជាបញ្ហានៃកម្រិតភាសាខែ្មរនិងតម្រូវការក្នុងការងារ។ ទោះបីលោកបានសិក្សាយ៉ាងយកចិត្តទុកដាក់នៅសាលាក៏ពិតមែន ប៉ុន្តែវានៅតែមិនអាចបំពេញតម្រូវការក្នុងការងារបាន ។ ដើម្បីលើកកម្ពស់កម្រិតភាសាខ្មែរឱ្យកាន់តែរហ័ស និងងាយចូលទៅក្នុងបរិយាកាសការងារ លោកបានធ្វើការផ្លាស់ប្តូរជាមួយនឹងមិត្តភក្តិកម្ពុជាកាន់តែច្រើន។ លោកបានប្រាប់អ្នកកាសែតថា ខ្ញុំតែងតែចូលរួមពិធីខួបកំណើត ពិធីមង្គលការ ពិធីបង្កក់កូនជាដើម ដែលមិត្តភក្តិខ្មែរបានរៀបចំ។ មិនតែប៉ុណ្ណោះ ខ្ញុំក៏ចូលចិត្តចូលរួមកិច្ចប្រជុំសិក្សា កិច្ចប្រជុំផ្លាស់ប្តូរចំណេះដឹង កិច្ចប្រជុំរៀបចំផែនការការងារជាដើមជាមួយនឹងមិត្តភក្តិខ្មែរផងដែរ ។

-មិត្តភាពចិន និងកម្ពុជា គឺជាមូលដ្ឋានគ្រឹះនៃសុបិន

នៅពេលនិយាយទៅដល់មនុស្ស និងអ្វីៗដែលខ្លួនចង់ថែ្លងអំណរគុណបំផុតនោះ លី ឆាវ និងលាវ ម៉ី មានចម្លើយដូចគ្នា៖ គឺដោយសារតែទំនាក់ទំនងមិត្តភាពចិន និងកម្ពុជា ឈានទៅមុខឥតឈប់ឈរ ទើបយើងអាចសម្រេចសុបិនរបស់ខ្លួនបាន ។

 

ដោយសារទទួលបានអត្ថប្រយោជន៍ពីទំនាក់ទំនង និងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជនចិន-កម្ពុជា មានសហគ្រាសចិនកាន់តែច្រើនវិនិយោគ និងចាប់ផ្តើមបង្កើតអាជីវកម្មនៅប្រទេសកម្ពុជា ព្រមទាំងផ្តល់ឱកាសការងារជាច្រើនដល់យុវជននៃប្រទេសទាំងពីរ។  ចុងឆ្នាំ ២០១៧ លោក លី ឆាវ បានចូលធ្វើការនៅផែ្នកតំបន់កប្ពុជាន នៃក្រុមហ៊ុនវិនិយោគក្រៅប្រទេសយូណាន នៃក្រុមហ៊ុនវិនិយោគសំណង់យូណានគ្រុប ហើយនៅដើមឆ្នាំ ២០២០ លោកត្រូវបានក្រុមហ៊ុនបញ្ជូនទៅកាន់ការនៅក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណលអ៊ែរផត អ៊ិនវេសមិន(ខេមបូឌា) ក្នុងនាមជានាយករងផ្នែកវិនិយោគពាណិជ្ជកម្ម ។ ក្នុងឆ្នាំដដែល លោកស្រី លាវ ម៉ី ក៏បានក្លាយជាប្រធានផ្នែកពាណិជ្ជកម្មនិងទាក់ទាញវិនិយោគនៃក្រុមហ៊ុនព្រីនហ័នយូអចលនទ្រព្យ។ ពួកគេទាំងពីរនាក់ បានផ្លាស់ប្តូរពីការងារបកប្រែភាសា ទៅជាការងារពាក់ព័ន្ធនឹងរដ្ឋបាល ការគ្រប់គ្រងធនធានមនុស្ស ការវិនិយោគ និងការគ្រប់គ្រងផ្សេងៗជាដើម អាជីពរបស់គូស្នេហ៍មួយគូនេះមានភាពប្រសើរឡើងនិងមានការអភិវឌ្ឍជាបន្តបន្ទាប់។

១០ ឆ្នាំកន្លងមកនេះ ទោះបីធ្វើការនៅក្រុមហ៊ុន និងមុខតំណែងផ្សេងៗគ្នាក៏ដោយ ក៏ការងាររបស់លោក លី ឆាវ និងលោកស្រី លាវ ម៉ី សុទ្ធតែពាក់ព័ន្ធជាមួយនឹងកិច្ចសហប្រតិបតិ្តការរវាងចិន និងកម្ពុជាជានិច្ច។  គម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ  អាកាសយានដ្ឋានអន្តរជាតិអង្គរ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាដើម មិនត្រឹមតែជាគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”របស់ប្រទេសចិនដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាការគាំទ្រដ៏សំខាន់សម្រាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។ លោក លី ឆាវ បានបញ្ជាក់ថា ក្រុមហ៊ុនចំនួនជាង ១០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបង្កើតការងារជាង ២០០០០ កន្លែងដល់ប្រជាជនក្នុងតំបន់ ហើយទទួលបានការកោតសរសើរនិងកាពេញចិត្តពីប្រជាជនកម្ពុជា។ លោកក៏មានមោទនភាពដោយបានធ្លាប់ចូលរួមក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។

មិនចាំបាច់ទៅកន្លែងទេសចរណ៍ ដើម្បីស្វែងរកសេវាទូរស័ព្ទទៀតឡើយ។ នេះមិនត្រឹមតែដោយសារប្រាក់ចំណូលកាន់តែខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែការអភិវឌ្ឍនៃកិច្ចសហប្រតិបតិ្តការរវាងចិន និងកម្ពុជាក្នុងរយៈពេល ១០ ឆ្នាំនេះផងដែរ។ ទន្ទឹមនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការចិន និងកម្ពុជា សមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់ប្រទេសកម្ពុជាមានភាពប្រសើរឡើង ហើយហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ផងដែរ ។ លោកស្រី លាវ ម៉ី បានសង្កត់ធ្ងន់ថា ឥឡូវនេះ ខ្ញុំមិនត្រឹមតែអាចទាក់ទងជាមួយក្រុមគ្រួសារនៅប្រទេសចិនតាមវីដេអូដោយងាយស្រួលប៉ុណ្ណោះទេ ថែមទាំងអាចទស្សនាកម្មវិធីទូរទស្សន៍យូណាននៅទីក្រុងភ្នំពេញផងដែរ  ហើយនេះជាអ្វីដែលខ្ញុំមិនហ៊ានគិតទាល់តែសោះកាលពី ១០ ឆ្នាំមុន។

ក្នុងរយៈពេល ១០ ឆ្នាំ លោក លី ឆាវ និងលោកស្រី លាវ ម៉ី ក្លាយពីមិត្តរួមថ្នាក់ទៅជាប្តីប្រពន្ធ ហើយធ្វើការនិងរស់នៅជាមួយគ្នានៅប្រទេសកម្ពុជា ។ ពួកគេបានសម្របខ្លួនទៅនឹងការរស់នៅនិងទំនៀមទម្លាប់ប្រពៃណីប្រទេសកម្ពុជាហើយព្រមទាំងបានក្លាយទៅជា“អ្នកចំណូលថ្មី”ផងដែរ។ ពួកគេបានចូលរួមក្នុងលំហូរនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍចិន-កម្ពុជា ហើយពួកគេជឿជាក់ថា ក្តីសុបិន្តគ្មានទីបញ្ចប់ វានឹងវិវត្តន៍ទៅកាន់តែល្អប្រសើរឡើងនៅពេលអនាគត។

អ្នកសារព័ត៌មាន៖ Shen Yan

អ្នកបកប្រែ៖ លីហ្សា