លោកបណ្ឌិត ជា មុនីឬទ្ធិ៖ សង្ឃឹមថាស្ថានភាពជំងឺកូវីដ១៩ ឆាប់បញ្ចប់ដែលអាចឱ្យកុមារមានជំងឺបេះដូងចំហពីកំណើតរបស់កម្ពុជាទៅព្យាបាលនៅខេត្តយូណានបាន

2020-05-21 17:24:49 |ប្រភព:yunnangateway

“ឥឡូវនេះកុមារមានជំងឺបេះដូងចំហពីកំណើតចំនួន៤៦នាក់ដែលបំពេញតាមលក្ខខណ្ឌក្នុងការវះកាត់ក្រោយការត្រួតពិនិត្យកំពុងតែរង់ចាំការបញ្ចប់នៃជំងឺរាតត្បាតកូវីដ១៩ ក្នុងការបែងចែកជាក្រុមទៅធ្វើការវះកាត់ដោយមិនគិតថ្លៃនៅមន្ទីរពេទ្យជំងឺសសៃឈាមខួរក្បាល​ និងបេះដូងហ្វូវៃខេត្តយូណាន។” លោកបណ្ឌិត  ជា មុនីឬទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលប្រទេសកម្ពុជាបានថ្លែងបែបនេះនាថ្ងៃទី១៩ ខែឧសភា។

នៅដើមឆ្នាំ២០១៨  ប្រទេសចិននិងកម្ពុជាបានបើកគម្រោង“ដំណើរការនៃក្តីស្រឡាញ់”ហើយមន្ទីរពេទ្យហ្វូវៃបានចូលរួមក្នុងគម្រោងនេះផងដែរ  ក្នុងការជួយព្យាបាលកុមារមានជំងឺបេះដូងចំហពីកំណើតឱ្យសះស្បើយជាច្រើននាក់។

ក្រោយពីប្រទេសចិនផ្ទុះជំងឺកូវីដ១៩ឡើង  ស្ថាប័នរបស់លោកបណ្ឌិត  ជា មុនីឬទ្ធិបានសហប្រតិបត្តិការណ៍ជាមួយទីស្នាក់ការប្រចាំភ្នំពេញនៃអង្គការមជ្ឈមណ្ឌលស្រាវជ្រាវឥរិយាបថនិងសុខភាពសិក្សា YUNDI គុនមីញ បានរៀបចំកម្មវិធីផ្តល់ម៉ាស់ដែលជាអំណោយ​ក្តីស្រឡាញ់ពេញបេះដូងពីកម្ពុជាជូនមិត្តចិនដែលមានរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃទី២៥ ខែមករាដល់ថ្ងៃទី០៣ ខែកុម្ភៈ នៅឆ្នាំ២០២០  ។  ក្នុងអំឡុងពេលនោះ  កុមារកម្ពុជាចំនួន៨៦នាក់ដែលធ្លាប់ទទួលការព្យាបាលឱ្យជាសះស្បើយពីមន្ទីរពេទ្យហ្វូវៃខេត្តយូណាននិងក្រុមគ្រួសារគេបានជូនម៉ាស់ក្តីស្រឡាញ់ចំនួន៥០២១ ម៉ាស់ដើម្បីជួយប្រទេសចិនប្រឆាំងជំងឺកូវីដ១៩។  ក្រោយការត្រួតពិនិត្យពីអ្នកជំនាញ ម៉ាស់ទាំងអស់នេះត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជួរមុខខេត្តយូណានប្រទេសចិនភ្លាមៗ។

មិនយូរប៉ុន្មាន  ជំងឺកូវីដ១៩បានចាប់ផ្តើមកើតមានឡើងនៅប្រទេសកម្ពុជា។ ទីស្នាក់ការប្រចាំភ្នំពេញនៃអង្គការមជ្ឈមណ្ឌលYUNDIបានបញ្ចូន“កញ្ចប់ក្តីស្រឡាញ់”សម្រាប់ប្រឆាំងជំងឺកូវីដ១៩និងការពារខ្លួនដល់កុមារជំងឺបេះដូងចំហពីកំណើត។  ក្នុង“កញ្ចប់ក្តីស្រឡាញ់”រួមមាន ម៉ាស់វេជ្ជសាស្ត្រ  អាកុលសំរាប់មេរោគ  ទឹកអាកុលលានដៃ  ឧបករណ៍វាស់កម្តៅ និងសៀវភៅការពារនិងប្រឆាំងជំងឺកូវីដ១៩ជាភាសាខ្មែរ​។

“ក្រោមការពួតដៃសហការណ៍រវាងប្រទេសកម្ពុជានិងប្រទេសចិនក្នុងការឆ្លងកាត់ប្រឆាំងជំងឺកូវីដ១៩  មិត្តភាពនៃប្រទេសទាំងពីរនឹងកាន់តែរឹងមាំហើយគឺមិនអាចបំបែកបាននោះទេ។ ទោះបីជាមុននិងក្រោយការផ្ទុះជំងឺកូវីដ១៩ឡើង  ប្រទេសចិនក៏បានចែករំលែកបទពិសោធន៍ខ្លួនឥតមានលាក់បាំង រួមទាំងផ្តល់ជំនួយឧបត្ថម្ភដល់បណ្តាប្រទេសនានាលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។”លោកបណ្ឌិត  ជា មុនីឬទ្ធិ យល់ឃើញថា  ការពួតដៃគ្នាក្នុងការប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសកម្ពុជានិងប្រទេសចិនគឺជាគំរូដ៏ល្អសម្រាប់បណ្តាប្រទេសនានាលើពិភពលោកក្នុងការរួមសហការណ៍គ្នាប្រឆាំងនឹងជំងឺកូវីដ១៩។

នៅខែមិថុនាមជ្ឈមណ្ឌលYUNDIនឹងរៀបចំកិច្ចប្រជុំអនឡាញស្តីអំពីសកម្មភាពជួយសង្គ្រោះកុមារមានជំងឺបេះដូងចំហពីកំណើតក្នុងប្រទេសចំនួន៦  ដើម្បីចែករំលែកបទពិសោធន៍ នៃ ស្តង់ដារការងារសង្គមពេលមុនធ្វើការវះកាត់  កំឡុងពេលវះកាត់  និងបន្ទាប់ពីធ្វើការវះកាត់ ចំពោះការជួយសង្គ្រោះកុមារមានជំងឺបេះដូងពីកំណើតរបស់ប្រទេសកម្ពុជាដល់ប្រទេសនេប៉ាល់មីយ៉ាន់ម៉ាឡាវថៃនិងបង់ក្លាដែស។ល។

អ្នកសារព័ត៌មាន៖ Shen Yan

អ្នកបកប្រែ៖ លីហ្សា