ភ្លៀងនៅក្រុងគុនមីង

2020-03-25 17:05:25 |ប្រភព:yunnangateway

 

 

ខ្ញុំនឹកភ្លៀងនៅក្រុងគុនមីង។

កាលមុនខ្ញុំមិនដឹងថាអ្វីជារដូវភ្លៀងទេ។ ក្រោយពីទៅដល់ក្រុងគុនមីងខ្ញុំទើបមានអារម្មណ៍អំពី“រដូវភ្លៀង”នេះ។


ខ្ញុំមិនអាចចាំបានថាតើរដូវភ្លៀងនៅក្រុងគុនមីងមានរយៈពេលប៉ុន្មានខែទេពីខែណាដល់ខែណា វាហាក់ដូចជាយូរណាស់ ប៉ុន្តែ រដូវភ្លៀងនៅក្រុងគុនមីងមិនដែលធ្វើឱ្យគេស្អប់នោះទេ។ ពីព្រោះ ភ្លៀងធ្លាក់មួយរយៈពេលហើយរាំងមួយរយៈពេលមិនមែនថាធ្លាក់ជាប់រហូតទេហើយក៏មិនមែនថាមានអាកាសធាតុស្អុះដែរ។ នៅក្រុងគុនមីងមានសម្ពាធខ្យល់មិនទាបនោះទេដែលធ្វើឱ្យគេមានអារម្មណ៍ស្រណុកសុខស្រួល។

រដូវភ្លៀងនៅក្រុងគុនមីងមានភាពភ្លឺចិញ្ចាចនិងសម្បូរបែបហើយអាចធ្វើឱ្យគេរំភើបចិត្តយ៉ាងខ្លាំង។ នៅរដូវផ្ការីករុក្ខជាតិចាប់ផ្តើមដុះលូតលាស់នៅរដូវក្តៅ រុក្ខជាតិលូតលាស់យ៉ាងស្រស់បំព្រង។ ភ្លៀងនៅក្រុងគុនមីងប្រកបដោយពណ៌បៃតង។ ជាតិទឹកក្នុងស្លឹកនិងមែកឈើមានគ្រប់គ្រាន់ហើយលូតលាស់បានឆាប់រហ័សគួរជាទីកត់សម្គាល់។

ក្រុងគុនមីងមានផ្សិតជាច្រើន។ បើទៅដើរលេងក្នុងផ្សារបន្លែនៅរដូវភ្លៀងលោកអ្នកអាចឃើញផ្សិតគ្រប់ប្រភេទ។ ផ្សិតច្រើនជាងគេនិងថ្លៃបំផុតគឺផ្សិតថ្លើមគោ។ នៅពេលសម្បូរផ្សិតថ្លើមគោគ្រប់ភោជនីយដ្ឋានសុទ្ធតែមានមុខម្ហូបឆាផ្សិតថ្លើមគោហើយក្នុងអាហារដ្ឋាននៃសាកលវិទ្យាល័យសហព័ន្ធភាគនិរតីក៏មានម្ហូបនេះដែរ។

ផ្សិតថ្លើមគោមានពណ៌ដូចថ្លើមគោវាខ្ចី ទន់ បរិភោគទៅឈ្ងុយឆ្ងាញ់ណាស់។ នៅពេលឆាផ្សិតនេះ គេចូលចិត្តដាក់ខ្ទឹមបើមិនដាក់ខ្ទឹម វាងាយធ្វើឱ្យគេវិលមុខ។ ផ្សិតឈីងធូវថ្លៃជាងផ្សិតថ្លើមគោបន្តិច។ ផ្សិតនេះមានពណ៌បៃតងខ្ចីនៅពេលឆាឱ្យឆ្អិនល្អជាងផ្សិតថ្លើមគោ ។ផ្សិតជីជុងត្រូវគេសន្មតជា“ស្តេចផ្សិត”ដែលមានរសជាតិឆ្ងាញ់ណាស់គ្មានអ្វីអាចប្រៀបផ្ទឹមបាន។

ផ្សិតជីជុងជាម្ហូបដ៏មានតម្លៃតែមានតម្លៃថ្លៃគួរសម ។តែនៅខេត្តយូណាន ម្ហូបខផ្សិតជីជុងនិងម្ហូបខមាន់មានតម្លៃប្រហាក់ប្រហែលគ្នាពីព្រោះមិនមានការលំបាកក្នុងការរកឃើញផ្សិតនេះនៅខេត្តយូណានទេ។

មានផ្សិតមួយប្រភេទវាមានរសជាតិឆ្ងាញ់ តែមើលទៅមិនស្អាតទេគឺ ផ្សិតកានប៉ា ។ បើមើលតែម្តងលោកអ្នកមុខជានឹងគិតថាវាអាចហូបបានឬ? ផ្សិតនេះមានពណ៌ត្នោតនិងបៃតងហាក់ដូចជាអាចម៍គោ ឬសម្បុកឪម៉ាល់ហើយនៅក្នុងវាមានរោមច្រើន។ ប៉ុន្តែ បើខិតខំសម្អាតរោមក្នុងវារួចហែកជាសសៃតូចៗ ឆាជាមួយម្ទេសពិតជានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ថាម៉េចក៏វាអាចមានរសជាតិឆ្ងាញ់ម៉្លេះ?

ផ្លែឈើនៅរដូវភ្លៀងគឺផ្លែយ៉ាងម៉ី(red bayberry) ។អ្នកលក់យ៉ាងម៉ីសុទ្ធតែជានារីជនជាតិមាវ។ ពួកគេពាក់មួកមួយលើក្បាលពាក់ស្បែកជើងប៉ាក់ អង្គុយលើជណ្តើរថ្មហើយស្រែកថា “លក់យ៉ាងម៉ី”ពិតជាមានសំឡេងពិរោះណាស់។សំឡេងរបស់ពួកគេធ្វើឱ្យខ្យល់អាកាសក្នុងរដូវភ្លៀងក្រុងគុនមីងកាន់តែមានភាពទន់ភ្លន់។ ផ្លែយ៉ាងម៉ីនៅក្រុងគុនមីងធំណាស់ដូចបាល់ពីងប៉ុងមួយហើយមានពណ៌ក្រហមក្រម៉ៅត្រូវបានគេហៅថា“ផ្លែធ្យូង”។



ឈ្មោះនេះពិតជាល្អណាស់ពីព្រោះវាហាក់ដូចជាធ្យូងក្តៅមួយដុំ! ផ្លែយ៉ាងម៉ីនៅក្រុងគុនមីងគ្មានរសជាតិជូរទេ! ខ្ញុំធ្លាប់ហូបយ៉ាងម៉ីរបស់ភ្នំតុងធីងក្រុងស៊ូចូវនិងភ្នំជីងកាងហាក់ដូចជាសុទ្ធតែចាញ់ផ្លែយ៉ាងម៉ីនៅក្រុងគុនមីង។

ផ្កានៅរដូវភ្លៀងជាផ្កាចម្ប៉ា។ អ្នកប៉េកាំងហៅផ្កានេះថា “ប៉ារឡាន”(ឈ្មោះនេះមិនពីព្រោះស្តាប់ទេ) ។អ្នកខេត្តយូណានហៅវាថា “ផ្កាមីយ៉ាន់គួយ”ប្រហែលមកពីវាត្រូវនាំមកដល់ខេត្តយូណានពីប្រទេសមីយ៉ាន់ម៉ាចំណែកក្លិនវាស្រដៀងគ្នានឹងផ្កាគួយតាមពិតវាគ្មានទំនាក់ទំនងជាមួយផ្កាគួយទេ។ ខ្ញុំធ្លាប់រស់នៅក្នុងផ្ទះលេខ២ តាមផ្លូវយួយាន់ ។ក្នុងទីធ្លាមានដើមចម្ប៉ាដ៏ធំមួយដើមមានស្លឹកឈើច្រើនដែលបានធ្វើឱ្យផ្ទះជុំវិញឡើងពណ៌បៃតងទាំងស្រុង។ 

នៅពេលផ្កាចម្ប៉ារីកម្ចាស់ផ្ទះនឹងកូនស្រីរបស់គាត់ឡើងជណ្តើរទៅបេះយកផ្កាដើម្បីយកទៅលក់ក្នុងផ្សារ។ គាត់ប្រហែលខ្លាចអ្នកជួលផ្ទះទៅបេះយកផ្កាគាត់ផ្តេសផ្តាសដូច្នេះគាត់តែងតែជូនផ្កាឱ្យគេ។ ជួនកាល គាត់នឹងយកថាសមួយដែលដាក់ផ្កាដ៏ច្រើនទៅជូនឱ្យគេ។ ផ្កាដែលមានជាប់នឹងទឹកភ្លៀងបានធ្វើឱ្យចិត្តខ្ញុំទន់ភ្លន់មិនមែនថាមកពីការនឹករំលឹកអ្នកណាឬស្រុកកំណើតរបស់ខ្ញុំទេ ។

ទឹកភ្លៀងតែងតែអាចធ្វើឱ្យគេនឹកដល់ស្រុកកំណើតរបស់ខ្លួន។ លោកកវីនិពន្ធ លី សាងយីនបានតែងកំណាព្យ“នឹកភាគខាងជើងនៅពេលធ្លាក់ភ្លៀងពេលរាត្រី”សម្រាប់អ្នកដែលចាកចេញពីស្រុកកំណើត។ ព្រឹកមួយខ្ញុំនិងតឺស៊ីដើរពីសាកលវិទ្យាល័យទៅបឹងផ្កាឈូកក្នុងចន្លោះពេលរាំងភ្លៀង។ យើងបានឃើញទឹកដ៏ថ្លាឈ្វេងក្នុងបឹងនិងរូបសំណាករបស់កញ្ញា ឆឹនយាន់យាន់ រួចមានភ្លៀងធ្លាក់ទៀត។

នៅក្បែរបឹងផ្កាឈូកមានផ្លូវចង្អៀតមួយខ្សែហើយមានភោជនីយដ្ឋានតូចមួយ។ យើងដើរចូលទៅ ហើយទិញសាច់ក្បាលជ្រូកមួយចាននិងស្រាកន្លះនាឡិ ។ក្នុងទីធ្លានៃភោជនីយដ្ឋាននេះមានផ្កាមូសៀងដ៏ធំមួយដើម។ នៅក្រុងគុនមីងមានផ្កានេះច្រើន។ នៅមាត់ទន្លេតូចៗខ្លះសុទ្ធតែជាផ្កានេះ ។តែផ្កាមូសៀងធំប៉ុននេះពិបាករកឃើញណាស់។ ផ្កាមូសៀងមួយដើម ដុះលើធ្នើមួយគ្របលើទីធ្លានេះ ។

  

៤០ឆ្នាំកន្លងផុតទៅហើយខ្ញុំនៅតែមិនអាចបំភ្លេចអារម្មណ៍នៅថ្ងៃនោះហើយបានសរសេរកំណាព្យខាងក្រោម។

ខ្ញុំនឹកភ្លៀងនៅក្រុងគុនមីង។

ការឧទ្ទេសនាមអំពីអ្នកនិពន្ធ ៖លោក វ៉ាង ជឺងឈី(១៩២០-១៩៩៧) អ្នកក្រុងកាវយូវខេត្តជាំងស៊ូអ្នកនិពន្ធ អ្នកសរសេរពាក្យរាយអ្នកល្ខោននិងអ្នកនិពន្ធនិកាយប៉េកាំងល្បីឈ្មោះក្នុងប្រទេសចិន។ លោកមានស្នាដៃជាច្រើនក្នុងការសរសេរប្រលោមលោកខ្លីហើយមានការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីល្ខោននិងសិល្បៈប្រជាប្រិយ ។ស្នាដៃតំណាងរបស់លោកមាន “受戒” “晚饭花集” “逝水” និង“晚翠文谈”ជាដើម។

(ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ១៩៨៤)