ក្រសួងទេសចរណ៍ ចាប់ផ្តើមរៀបចំផែនការទាក់ទាញទេសចរណ៍ ជនជាតិដើមភាគតិច

2020-11-02 13:14:20 |ប្រភព:柬埔寨新闻社(AKP)

នៅក្នុងគោលបំណងដើម្បីពង្រីកសក្តានុពល នៃវិស័យទេសចរណ៍នៅក្នុងប្រទេសបន្ថែមទៅលើសក្តានុពលដែលមានស្រាប់នៅពេលនេះ ក្រសួងទេសចរណ៍កំពុងតែរៀបចំផែនការទាក់ទាញទេសចរណ៍ជនជាតិភាគតិច ។

ក្រសួងទេសចរណ៍បានអះអាងថា ការរៀបចំផែនការយុទ្ធសាស្ត្រទេសចរណ៍ជនជាតិដើមភាគតិច ចងក្រងសៀវភៅភូមិសាស្ត្រទេសចរណ៍ កម្មវិធីបណ្តុះបណ្តាលយុវជនបន្តវេនអេកូទេសចរណ៍ គឺជាប្រធានបទមួយនៃកិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ ។

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាត្រូវបានគេដឹងថា មានសក្តានុពលសំខាន់ៗមួយចំនួនដែលមានស្រាប់ និងផុសផុល នៅក្នុងការទាក់ទាញភ្ញៀវទេសចរ ដូចជាទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានប្រាសាទបុរាណ របាំ … ទេសចរណ៍ធម្មជាតិមានព្រៃព្រឹក្សា ឆ្នេរ … ដោយឡែកទេសចរណ៍ជនជាតិដើមភាគតិចនេះជាផ្នែកមួយ នៃកញ្ចប់ទេសចរណ៍វប្បធម៌គ្រាន់តែមិនសូវមានសកម្មភាព ខណៈដែលគេដឹងថា កម្ពុជាក៏មានជនជាតិដើមជាច្រើន ដែលវប្បធម៌ ជីវភាពរស់នៅ និងប្រវត្តិសាស្រ្តរបស់ពួកគេ ក៏អាចជាធនធានទាក់ទាញ និងចូលរួមអភិវឌ្ឍទេសចរណ៍នៅកម្ពុជាបានផងដែរ ។