លោកស្រី ងួន ​ស៊ីវងីម បង្ហាញមិត្តអ្នកអានចិនអំពីការទប់ស្កាត់ជំងឺកូវីដ១៩ របស់ប្រទេសកម្ពុជា

2021-02-04 17:49:03 |ប្រភព:khmermagazine

ថ្មីៗនេះ ​សៀវភៅ«សម្តេច ហ៊ុន សែន វីរបុរសសង្ហា ដើរបញ្ច្រាសទិស ប្រយុទ្ធកូវីដ១៩» ជាភាសាចិន ដែលបកប្រែដោយ​អ្នកនិពន្ធ​ខ្មែរ ​ងួន ​ស៊ីវងីម ​នឹងត្រូវបានបោះពុម្ពផ្សាយជាផ្លូវការ ​។ ​សៀវភៅនេះ ជាសៀវភៅទីមួយដែលលោកស្រីបកប្រែ​សៀវភៅខ្មែរជាភាសា​ចិន ​។

សៀវភៅនេះនិយាយពីវិធានការទប់ស្កាត់ ការគ្រប់គ្រងការឆ្លងរាលដាល និងការព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងដំណាក់កាលរលកទី១ដោយជោគជ័យ និងជាទីមោទនៈរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ​លោកស្រី ​ងួន ​ស៊ីវងីម ​បាន​បញ្ជាក់​ថា ​”បំណងដែលខ្ញុំបកប្រែសៀវភៅនេះពីភាសាខ្មែរទៅជាភាសាចិន គឺដើម្បីអោយមិត្តអ្នកអានចិនអាចស្វែងយល់អំពីការទប់ស្កាត់ជំងឺកូវីដ១៩ របស់ប្រទេសកម្ពុជា ​។”  

​​លោកស្រី ​ងួន ​ស៊ីវងីម កើតនៅឆ្នាំ ​១៩៨០ ​ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ លោកស្រីជាអ្នកនិពន្ធអក្សរសិល្ប៍កុមារ ​និងជាអ្នកនិពន្ធ​ផ្នែកផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ ​សព្វថ្ងៃ ​លោកស្រីជានិពន្ធនាយកនៃទស្សនាវដ្តីឡារែន និងអ្នកគ្រប់គ្រងប្រព័ន្ធ​ផ្សព្វផ្សាយ​នៃសណ្ឋាគារសុខា ​។

​​លោកស្រី ​ងួន ​ស៊ីវងីម ​ជាកូនស្រីចម្បងក្នុងគ្រួសារ ​មុនអាយុ ​៣០ ឆ្នាំ ដើម្បីសម្រេចបំណងឪពុកម្តាយ ​លោកស្រីជួយ​ឪពុក​ម្តាយ​មើលហាងលក់ទំនិញ ​ប៉ុន្តែ ​ក្នុងចិត្តរបស់លោកស្រី ចង់​ក្លាយជាអ្នកនិពន្ធ ដែលនេះជាសុបិនរបស់លោកស្រីឥតងាករេ​។ ​ក្នុងអំឡុង​ពេល​នោះ ​លោកស្រីបានអានសៀវភៅបរទេសជាច្រើន ​ហើយក្រោយមក ​លោកស្រីក៏សម្រេចចិត្តក្លាយជាអ្នកនិពន្ធ ​។ ​លោកស្រី​បាន​បញ្ជាក់ថា “ខ្ញុំជ្រើសរើស​សរសេរ​សៀវភៅសម្រាប់កុមារ នេះក៏ព្រោះតែកុមារភាពរបស់ខ្ញុំ ​។ ​ពេលនៅតូច ​នៅថ្ងៃបុណ្យប្រពៃណីខ្មែរ ​ដូចជា​បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ​បុណ្យភ្ជុំបិណ្ឌ ​បុណ្យអុំទូក ឪពុកម្តាយតែងតែប្រាប់ខ្ញុំថា ​បុណ្យនេះមានទំនៀមទម្លាប់ដូចម្តេចខ្លះ ហើយខ្ញុំត្រូវធ្វើអ្វីខ្លះ ​។ ​ប៉ុន្តែ ​សព្វថ្ងៃ ​នៅប្រទេសកម្ពុជា ទំនៀមទម្លាប់ខ្លះត្រូវបានគេបំភ្លេច ​មានកុមារជាច្រើនមិនបានស្វែងយល់​អំពី​បុណ្យប្រពៃណីនោះទេ ​ដូច្នេះ ​ខ្ញុំសរសេរសៀវភៅទាំងនេះ ដើម្បីអោយកុមារៗស្វែងយល់ពីបុណ្យប្រពៃណីខ្មែរទាំងនោះឡើងវិញ។​”​

សព្វថ្ងៃនេះ ​សៀវភៅ«មិនខ្ចីខ្លាចប្រេត»«កំពូលអ្នកផ្សងព្រេងក្នុងទីក្រុង»«ឆ្នាំថ្មីដ៏ពិសេស» ​ដែលនិពន្ធដោយលោកស្រី ងួន ​ស៊ីវងីមបានទទួលការពេញនិយមពីសំណាក់អ្នកអានជាច្រើន ​។

ពីអ្នកនិពន្ធក្លាយទៅជាអ្នកបកប្រែ ​តើលោកស្រី ​ងួន ​ស៊ីវងីម មានរឿងរ៉ាវយ៉ាងដូចម្តេចដែរ ?

តាមពិត ​ក្រៅពីអក្សរសាស្រ្តខ្មែរ ​លោកស្រី ​ងួន ​ស៊ីវងីមចូលចិត្តស្នាដៃអក្សរសាស្រ្តចិនជាងគេ ​។ ​២៧ ​ឆ្នាំមុន អត្ថបទចិន​ដែល​លោកស្រី​មើលក្នុងសៀវភៅមេរៀន ​ក្នុងអត្ថបទចិននោះមានវប្បធម៌ចិនជាច្រើនដែលបានទាក់ទាញលោកស្រី ​។ ​សៀវភៅចិន​ឈ្មោះ​«ពាក្យផ្អែមល្ហែម»«រក្សាការរស់នៅអោយបានល្អ»ធ្វើអោយលោកស្រីចាប់អារម្មណ៍យ៉ាងខ្លាំង។ ស្នាដៃអក្សរសាស្រ្តចិនជាច្រើន​ពោរពេញ​ដោយគតិល្អៗ ​ព្រមទាំងបង្រៀនខ្ញុំឱ្យមានសេចក្តីក្លាហាន និងខិតខំតស៊ូ​ប្រឹងប្រែង​​ក្នុងផ្លូវជាអ្នកនិពន្ធ ក៏ដូចជាការរស់នៅ​ប្រចាំថ្ងៃផងដែរ ​។

លោកស្រី ​ងួន ​ស៊ីវងីម បានប្រាប់អ្នកសារព័ត៌មានថា ​”ទោះបីជាខ្ញុំសិក្សាភាសាចិន ​២៧ ​ឆ្នាំមកហើយមែន ​ប៉ុន្តែ ​ខ្ញុំនៅតែ​បន្ត​ការ​សិក្សា​ជាបន្តបន្តាប់ ​សព្វថ្ងៃនេះ ខ្ញុំអាចសរសេរសៀវភៅដោយប្រើប្រាស់ភាសាចិន ​នៅពេលទំនេរ ​ខ្ញុំបន្តទៅសាលារៀនភាសាចិន ​ខ្ញុំយល់ឃើញ​ថា ​បើសិន​ជាខ្ញុំចង់អាន ​ ​និងបកប្រែអ​ក្សរសាស្រ្តចិន វាមិនត្រឹមតែទាមទារឱ្យខ្ញុំចេះភាសាចិនដ៏ល្អនោះទេ ​តែវាក៏​ទាមទារ​ឱ្យខ្ញុំស្វែងយល់ពីវប្បធម៌ចិនផងដែរ ​។”

នៅឆ្នាំ ​២០១២ ​លោកស្រី ​ងួន ​ស៊ីវងីម សាកល្បងបកប្រែអក្សរសិល្ប៍កុមារចិន លោកស្រីបានបញ្ជាក់ទៀតថា “អក្សរសិល្ប៍​កុមារ​ចិន​មាន​រឿង​ទាក់ទាញ ដើម្បីអោយកុមារាកុមារីស្វែងយល់អំពីវប្បធម៌ប្រពៃណីចិន ហើយ​នេះក៏ជាបំណងដូចខ្ញុំផងដែរ ​។” ​នៅឆ្នាំ ​២០២០ ​សៀវភៅ«ដំណើរ​ការស្វែងរកស្តេចត្រី»ដែលបកប្រែដោយ លោកស្រី ​ងួន ​ស៊ីវងីម ត្រូវបានបោះពុម្ភផ្សាយនៅប្រទេសកម្ពុជា​ជាផ្លូវការ ​។

លោកស្រី ​ងួន ​ស៊ីវងីម បានប្រាប់អ្នកសារព័ត៌មានថា ​ពេលអនាគត លោកស្រីនឹងបន្តបកប្រែសៀវភៅចិនកាន់តែច្រើន ​ដើម្បីអោយ​មិត្តអ្នកអានខ្មែរអាចអានសៀវភៅចិនកាន់តែច្រើន ​។ ​ទន្ទឹមនឹងនេះ ​លោកស្រីក៏ចង់ណែនាំសៀវភៅខ្មែរកាន់តែច្រើន​អោយមិត្ត​អ្នក​អាន​​ចិន​ផងដែរ ។

បកប្រែដោយ លូវរ៉ុង