ប្រទេសចិនទទួលបានសមិទ្ធផលដ៏អស្ចារ្យ

2021-07-02 16:45:07 |ប្រភព:

  ខ្ញុំធ្លាប់បានទៅបំពេញទស្សនកិច្ចផ្លូវការក្នុងនាមប្រតិភូក្រសួងព័ត៌មាន ដែលរៀបចំដោយស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួនមួយដងនៅឆ្នាំ ២០០១ ក្នុងអំឡុងខែកញ្ញា ។ ខ្ញុំបានស្នាក់នៅរដ្ឋធានីប៉េកាំងនិងបានទៅទស្សនាទីកន្លែងមួយចំនួន។ គ្រប់ទីកន្លែងដែលខ្ញុំបានឃើញដោយផ្ទាល់ភ្នែកនិងស្តាប់ការអធិប្បាយរបស់មន្រ្តីដ៏ល្អនៃប្រទេសចិនរូបខ្ញុំផ្ទាល់ពិតជាកោតសរសើរចំពោះប្រវត្តិសាស្រ្តវប្បធម៌ ប្រពៃណី  នយោបាយរបស់ប្រទេសចិន ប្រជាជនចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលរក្សាបាននូវវប្បធម៌ដ៏ចំណាស់ និងដឹកនាំធ្វើឱ្យមហាប្រទេសចិនមានការរីកចម្រើនយ៉ាងខ្លាំង ។ 

  នាពេលក្រោយៗមកមានការអញ្ជើញឱ្យខ្ញុំទស្សនកិច្ចនិងចូលរួមព្រឹត្តិការណ៍ជាច្រើនលើកទៀតនៅប្រទេសចិន តែខ្ញុំពុំបានចូលរួម។ ប៉ុន្តែសហការីរបស់ខ្ញុំជាច្រើនរូបសុទ្ធតែបានមកបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ដែរ។

  ហេតុអ្វីប្រទេសចិនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិនមានការផ្លាស់ប្តូរយ៉ាងខ្លាំង ? ខ្ញុំសូមច្បិចយកតែបីចំណុចក្នុងចំណោមចំណុចសំខាន់ៗជាច្រើនដែលខ្ញុំយល់ឃើញ ។

  ទីមួយ.គឺបក្សកុម្មុយនីស្តចិនមានគោលមាគ៌ានយោបាយសមស្រប រស់រវ៉ើក ទាំងចក្ខុវិស័យ ទាំងបច្ចុប្បន្នដែលជាគ្រឹះនៃការជំរុញឱ្យមានរីកចម្រើនលើគ្រប់វិស័យ។ពិសេសគឺការផ្លាស់ប្តូរជីវភាពរបស់ប្រជាជនចិនបានយ៉ាងឆាប់រហ័សនិងរឹងមាំ។ប្រជាជនចិនបានក្លាយជាប្រជាជនដែលមានចំណូលខ្ពស់និងជាប្រជាជនដែលធ្វើទេសចរក្រៅប្រទេសច្រើនជាងគេបំផុតលើលោក។បក្សកុម្មុយនីស្តចិនមាននយោបាយការបរទេសទន់ភ្លន់ រស់រវ៉ើក ទៅគ្រប់ប្រទេសទាំងអស់ មិនថាប្រទេសអ្នកមានឬប្រទេសទន់ខ្សោយ។ ទំនាក់ទំនងការបរទេសប្រកបដោយភាពស្មើសិទ្ធិ ស្មើភាព គោរពអធិបតេយ្យភាពនៃប្រទេសនីមួយៗ ។ បានផ្តួចផ្តើមលើការអភិវឌ្ឍ និង ជួយដល់ប្រទេសដែលទន់ខ្សោយ ។ប្រការនេះបានធ្វើឱ្យបក្សកុម្មុយនីស្តចិនទទួលបាននូវការគាំទ្រ ,ការពេញចិត្តទាំងក្នុង និង ក្រៅប្រទេស ដែលជាការធានាដល់កិត្យានុភាពនៃក្សកុម្មុនីស្តចិន។

  ទីពីរ. បក្សកុម្មុយនីស្តចិនមានថ្នាក់ដឹកនាំកំពូលល្អៗ មានសមត្ថភាពក្នុងការដឹកនាំ និង សម្លឹងបានមុន បានវែងឆ្ងាយចំពោះការវិវត្តប្រែប្រួលនៃពិភពលោក ទាំងនយោបាយ សេដ្ឋកិច្ច តិចណូឡូជី និង ឌីជីថល។ បក្សកុម្មុយនីស្តចិន មានថ្នាក់ដឹកនាំល្អៗគ្រប់លំដាប់ថ្នាក់ មានគុណភាព មានប្រសិទ្ធភាព ចូលរួមក្នុងការអនុវត្ត, ចូលរួមក្នុងការដឹកនាំអនុវត្តនូវរាល់គោលនយោបាយ ផែនការអភិវឌ្ឍន៍ទាំងឡាយដែលកំណត់ដោយបក្សកុម្មុយនីស្តចិន។

  ទីបី. គឺមានការចូលរួមគាំទ្រ ពីគ្រប់កម្លាំងទាំងអស់នៃសង្គមចិនសម័យទំនើប។ ពិសេសពីប្រជាជនចិនទាំងមូល ដែលប្រមូលផ្តុំបានជាកម្លាំងមហាសាមគ្គីក្នុងការជំរុញប្រទេសចិនឱ្យក្លាយទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ច ។នេះជាចំណុចសំខាន់ដែលមិនអាចខ្វះបាន ។

  នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ប្រទេសចិននិងកម្ពុជា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាផ្លូវការ។ចាប់តាំងពីមានចំណងទាក់ទងការទូតរយៈពេលជាងពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសចិននិងកម្ពុជាដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុននិងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសចិននិងកម្ពុជា។សូមជូនពរមិត្តភាពចិននិងកម្ពុជាឋិតថេរចីរកាល ។

  (លោក ទាវ សារៈមុន្នី អគ្គនិព្ធននាយករបស់កាសែតរស្មីកម្ពុជា)