នៅក្នុងអំឡុងជាង៣០ឆ្នាំ លោកស៊ូ ឡុងស៊ាង បានទទួលមរតកវប្បធម៌តាលីតាមរយៈសិប្បកម្មរូបចម្លាក់ដីឥដ្ឋ

2021-08-02 18:46:52 |ប្រភព:xinhua

  លោក ស៊ូ ឡុងស៊ាង ជនជាតិបៃ ជាអ្នកបន្តវេននៃសិប្បកម្មរូបចម្លាក់ដីឥដ្ឋដែលជាបេតិកភ័ណ្ឌវប្បធម៌អរូបីខេត្តយូណាន។ រូបចម្លាក់ដីឥដ្ឋជាសិល្បៈប្រជាប្រិយបុរាណចិន ដែលជាសិប្បកម្មចម្លាក់ធ្វើពីដីឥដ្ឋ។

  ការធ្វើចម្លាក់ដីឥដ្ឋតាលីមានដំណាក់កាលដូចជា យកដី ជ្រើសរើសដី សូនចម្លាក់ដីឥដ្ឋជាដើម។ វាបានច្របាច់បញ្ចូលលក្ខណៈពិសេសនៃសិប្បកម្មនានា​រួមមាន រូបចម្លាក់ម្សៅ គ្រឿងស្មូន​ និងចម្លាក់ឈើជាដើម ហើយនាំយករឿងព្រេងរបស់ជនជាតិនានានៅមណ្ឌលស្វយ័តជនជាតិបៃតាលីជាគោល បានធ្វើឱ្យស្នាដៃរូបចម្លាក់ដីឥដ្ឋកាន់តែរស់រវើក។ ក្នុងនាមជាស្នាដៃសិល្បៈប្រជាប្រិយជនជាតិបៃ ចម្លាក់ដីឥដ្ឋតាលីពោរពេញទៅដោយទំនៀមទម្លាប់ និងស្មារតីវប្បធម៌នៃសង្គមជនជាតិបៃ ដែលប្រកបដោយលក្ខណៈពិសេសរបស់តាលីនិងរចនាបទជនជាតិ ក៏ដូចជាលក្ខណៈសិល្បៈ និងលម្អ។ នៅខែតុលា ឆ្នាំ២០១៣ ចម្លាក់ដីឥដ្ឋតាលីបានបញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីខេត្តយូណាន។

  លោក ស៊ូ ឡុងស៊ាង បានចាប់ផ្តើមប្រកបរបរធ្វើរូបចម្លាក់ដីឥដ្ឋនៅអាយុ១៨ឆ្នាំ។ រយៈពេល២៦ឆ្នាំមកនេះ លោកបានយកចិត្តទុកដាក់ចំពោះការស្រាវជ្រាវអំពីសិប្បកម្មចម្លាក់ដីឥដ្ឋ ហើយបានសម្រេចស្នាដៃចម្លាក់ដីឥដ្ឋ និងស្នាដៃរូបចម្លាក់ម្សៅចំនួនជាង២៣០០០។ ក្នុងនាមជាជនជាតិបៃ លោក ស៊ូ ឡុងស៊ាង ស្រឡាញ់ និងស្វែងយល់យ៉ាងស៊ីជម្រៅចំពោះទឹកដីមួយនេះ។ ទោះបីជាស្នាដៃ​នីមួយៗមានលក្ខណៈខុសពីគ្នាក៏ដោយ ក៏សុទ្ធតែពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិនៅមណ្ឌលតាលី និងបង្ហាញអំពីភាព​ស្រស់ស្អាតនៃវប្បធម៌តាលី។ នៅឆ្នាំ២០១៩ លោក ស៊ូ ឡុងស៊ាង បានទទួលកិត្តិនាមជាអ្នកបន្តវេននៃចម្លាក់ដីឥដ្ឋបេតិកភ័ណ្ឌវប្បធម៌អរូបីខេត្តយូណាន។

  នៅឆ្នាំ២០១៨ លោកស៊ូ ឡុងស៊ាងបានបង្កើតសាលាសម្រាប់បង្រៀននិងរៀនរូបចម្លាក់ម្សៅជនជាតិបៃនិងរូបចម្លាក់ដីឥដ្ឋនៅក្នុងតំបន់ពិសោធន៍ការពារបរិស្ថានវប្បធម៌តាលី។នៅឆ្នាំ២០១៩ លោកបានបង្កើតមូលដ្ឋានវប្បធម៌ប្រជាប្រិយ( ឆ្មាដីឥដ្ឋ) តាលី ដើម្បីស្វែងរក ការពារនិងទទួលមរតកវប្បធម៌“ឆ្មាដីឥដ្ឋ”ដ៏ប្លែក។លោកស៊ូ ឡុងស៊ាងបានបណ្តុះបណ្តាលអ្នកបន្តវេននៃរូបចម្លាក់ម្សៅនិងរូបចម្លាក់ដីឥដ្ឋដ៏ល្អឆ្នើមជាច្រើន និងបន្តខិតខំប្រឹងប្រែដើម្បីច្នៃប្រឌិតនិងទទួលមរតកបេតិកភ័ណ្ឌវប្បធម៌អរូបីតាលី។

  លោក ស៊ូ ឡុងស៊ាង គ្រាន់តែចង់ធ្វើជាសិប្បករធម្មតាមួយរូប ដែលបានទទួលមរតកវប្បធម៌ជនជាតិនានានៅមណ្ឌលតាលី។

  អ្នកបកប្រែ៖李润菁