ផ្សារសួងតាក្រុងស៊ូចូវ៖ផ្សារបន្លែប្រកបដោយសិល្បៈនិងភាពស្រស់ស្រាយ មានដង្ហើមជីវភាពថ្មីក្នុងក្រុងហ្គូស៊ូ

2021-08-02 18:49:25 |ប្រភព:

  ប្រសិនបើអ្នកចង់ស្វែងយល់ទីក្រុងថ្មីមួយ វិធីដែលឆាប់រហ័សបំផុត គឺទៅដើរមើលផ្សារបន្លែនៅទីក្រុងនោះ។ ផ្សារបន្លែ គឺជាទីកន្លែងមួយដែលបង្ហាញដង្ហើមជីវភាព ហើយអាចបង្ហាញទម្លាប់នៃបរិភោគនិងទំនៀមទម្លាប់របស់ក្រុងមួយ។ ប៉ុន្តែ ភ្ញៀវទេសចរយល់ឃើញថា ផ្សារបន្លែជាទីកន្លែងកខ្វក់ និងរញ៉េរញ៉ៃ ដែលមិនគួរនឹងទៅលេងកំសាន្ត។ នៅក្នុងទីក្រុងស៊ូចូវ មានផ្សារបន្លែល្បីឈ្មោះលើអ៊ីនធឺណែត​មួយ បានក្លាយជាទីកន្លែងលេងកំសាន្តដែលបានទទួលបានការពេញនិយមពីយុវជន និងភ្ញៀវទេសចរជាច្រើន។

  ផ្សារសួងតាក្រុងស៊ូចូវស្ថិតនៅចំកណ្តាលខណ្ឌហ្គូស៊ូនៅជិតផ្លូវគ័នឈៀននិងផ្លូវភីងជាំង។ ក្រោយពីជួសជុលរួច កន្លែងនេះមិនត្រឹមតែអាចទិញម្ហូប ផឹកកាហ្វេ អានសៀវភៅប៉ុណ្ណោះទេ ក៏បានរក្សាហាងកាត់ដេរខោអាវ និងហាងធ្វើសោនៅក្នុងផ្សារបន្លែក្រុងស៊ូចូវ។ តូបទាំងអស់មានរបៀបរៀបរយ។ ផ្សារបន្លែចាស់បានក្លាយទៅជាផ្សារដ៏ល្បីឈ្មោះនៅលើអ៊ីនធឺណែត។ លើលពីនេះទៅទៀត ផ្សារសួងតាមានលក់ម្ហូបអាហារពិសេសប្រចាំក្រុងស៊ូចូវ ដូចជាស៊ុបសាច់គោ ស៊ីវម៉ៃ នំប៉ាវ នំOsmanthus និងមីបែបស៊ូចូវ ជាដើម។ 

  ហេតុអ្វីបានជាផ្សារបន្លែក្រុងស៊ូចូវនេះខុសពីផ្សារដទៃនៅប្រទេសចិន? មូលហេតុគឺដោយសារអ្នករចនាមិនត្រឹមតែបានគិតដល់ភាពស្រស់ស្អាត និងម៉ូដទាន់សម័យប៉ុណ្ណោះទេ ក៏បានគិតដល់កក្តាសំខាន់ផ្សេងទៀត ដូចជាការបង្ហូរទឹក និងកាងបែងចែកសំរាម។ នៅជុំវិញផ្សារបន្លែ មានកន្លែងចតរថយន្ត និងរៀបចំតំបន់មើលថែសត្វចិញ្ចឹម។

  នៅពេលទៅដើរលេងផ្សារបន្លែនេះ មនុស្សភាគច្រើននឹងមានអារម្មណ៍ល្អនិងស្រស់ស្រាយ ហើយប្រាកដជាផ្លាស់ប្តូរគំនិតចំពោះ​ផ្សារបន្លែបុរាណ។ ផ្សារសួងតា ជាផ្សារបន្លែពិសេសមួយដែលបានបញ្ចូលកក្តាពិសេសតាមអ៊ីនធឺណែតជាច្រើនបញ្ចូលគ្នា ដូចជាផ្សារបន្លែ ម្ហូបអាហារឈ្ងុយឆ្ងាញ់ ផ្កាស្រស់ ផលិតផលវប្បធម៌ ផលិតផលចម្រុះ កាហ្វេនិងបណ្ណាគារជាដើម។ ប្រសិនបើធ្វើទេសចរនៅក្រុងស៊ូចូវ នៅពេលគយគន់ទេសភាពដ៏ស្រស់ស្អាតនៃឧទ្យានជាំងណាន និងដើរកំសាន្តតាមផ្លូវក្រុងបុរាណ ភ្ញៀវទេសចរក៏អាចទៅមើលផ្សារសួងតា ដែលនឹងអាចទទួលបានបទពិសោធន៍ទេសចរណ៍ដ៏ពិសេសមួយ។

  អ្នកបកប្រែ៖李润菁