អមដោយតន្ត្រី អាយ៉ងរាំគ្រវីនៅលើឆាកល្ខោន។ ក្រោយឆាកល្ខោន សិល្បករកំពុងយកចិត្តទុកដាក់លើការបញ្ជាលើរូបអាយ៉ង។ អាយ៉ងទាំងនេះហាក់ដូចជាមានជីវិតនៅលើឆាក។ នេះគឺជាភាពស្និទ្ធស្នាលរវាងសិល្បករនិងអាយ៉ង ដែលបានបង្ហាញនូវមនោសញ្ចេតនាក្នុងរឿងយ៉ាងល្អឥតខ្ចោះក្នុងការសម្តែង។
ល្ខោនអាយ៉ងស្រុកស៊ាវយី គឺជាល្ខោនប្រពៃណីដែលទទួលបានពេញនិយនៅស្រុកស៊ាវយី ក្រុងលូលៀន ខេត្តសានស៊ី និងតំបន់ជុំវិញនោះ ដោយសារវាបានបង្ហាញទំនៀមទម្លាប់នៅតំបន់នោះ ។ ល្ខោនអាយ៉ងស្រុកស៊ាវយីត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិលើកដំបូងនៅឆ្នាំ២០០៨។ ល្ខោនអាយ៉ងស្រុកស៊ាវយីមានឈ្មោះផ្សេងទៀត គឺ ការលើកអាយ៉ត ឯលក្ខណៈពិសេសរបស់វានោះគឺអាយ៉ងនៅលើឆាក សិល្បករនៅក្រោមឆាក។ សិល្បករបញ្ជាលើអាយ៉ងតាមរយៈដំបងឈើមួយនិងដំបងដែកពីរដែលអាចបញ្ជាលើដៃរបស់អាយ៉ងបាន។
អាយ៉ងស៊ាវយីមានការឆ្លាក់រូបយ៉ាងល្អប្រណិត ទឹកមុខរស់រវើក និងមានការរចនាគន្លឹះយ៉ាងពិសេស។ ក្រោយពីការស្រាវជ្រាវរយៈពេលជាច្រើនឆ្នាំ អាយ៉ងបច្ចុប្បន្នអាចសម្តែងសកម្មភាពស្មុគស្មាញ ដូចជា ការព្រួសភ្លើង និងការគ្រវីស្បៃជាដើម។ សិល្បករត្រូវការភាពស្ទាត់ជំនាញខាងសិល្បៈនិងការដេរប៉ាក់ ទើបអាចសម្រេចបានអាយ៉ងមួយ។ ការធ្វើអាយ៉ងមួយ ត្រូវការដំណាក់កាលចំនួនជាង ៤០។
ក្រោយពីការធ្វើអាយ៉ង ល្ខោនអាយ៉ងត្រូវការបច្ចេកទេសបញ្ជាដ៏ស្ទាត់ជំនាញរបស់សិល្បករ។ លោក លីវ យ៉ាស៊ាង យល់ឃើញថា ល្ខោនអាយ៉ងគឺជាសិល្បៈដែលងាយនឹងធុញទ្រាន់ អ្នកប្រកបការងារនេះត្រូវការយកចិត្តទុកដាក់ អត់ធ្មត់ ស្រាវជ្រាវនិងចាប់អារម្មណ៍ចំពោះកម្លាំងទាក់ទាញនៃបេតិកភ័ណ្ឌវប្បធម៌អរូបីនេះ ទើបអាចទទួលមរតកសិល្បៈនេះបាន។
សិល្បៈមានការអភិវឌ្ឍឥតឈប់ឈរ។ សិល្បករត្រូវការភាពច្នៃប្រឌិតឥតឈប់ឈរ និងការបញ្ចូលអត្ថន័យថ្មីដល់វា។ ពេលថ្មីៗនេះ សិល្បករ ដូច លោក លីវ យ៉ាស៊ាង កំពុងច្នៃប្រឌិតនៅក្នុងផ្នែកជាច្រើន។
ល្ខោនអាយ៉ងស៊ាវយី ជាសិល្បៈដែលបានរួមបញ្ចូលតន្ត្រី ល្ខោន របាំ គំនូរនិងចម្លាក់បញ្ចូលគ្នា។ លោក លីវ យ៉ាស៊ាងសង្ឃឹមថា៖ យើងនឹងទទួលមរតកសិល្បៈនេះ ធ្វើឱ្យល្ខោនអាយ៉ងមិនត្រឹមតែសម្តែងនៅលើឆាកប៉ុណ្ណោះទេ ក៏អាចចូលរួមក្នុងជីវភាពរស់នៅរបស់មនុស្សកាន់តែច្រើន។
អ្នកបកប្រែ៖李润菁