លោក លី ហៃមីង បានដាក់ឧបករណ៍ផ្សេងៗនៅលើតុ មានដូចជាកន្ត្រៃ ចន្ទាស កាវបិទជាដើម។ លោកតែងតែផ្លាស់ប្តូរឧបករណ៍ កាត់សរសៃមាស និងបំពេញពណ៌។ សត្វហង្សមួយក្បាលក៏បានកើតចេញពីដៃរបស់លោក លី ហៃមីង។
លោក លី ហៃមីងដែលមានអាយុ៥៨ឆ្នាំ មកពីទីក្រុងឡានចូវ ខេត្តកានស៊ូ។ លោកបានធ្វើគំនូរអេណាមែល៣៥ឆ្នាំហើយ។ លោករៀបរាប់ថា គំនូរអេណាមែលគឺជាសិប្បកម្មបុរាណមួយ ដែលបានប្រើប្រាស់អាលុយមីន និងខ្សាច់ចម្រុះពណ៌ធម្មជាតិទៅគូរគំនូរនៅលើក្តារប្លាស្ទិកឬក្តារលោហៈ។ គំនូរអេណាមែលមានប្រភពពីសិប្បកម្ម Cloisonne។ សិប្បកម្មCloisonneដែលមានប្រវត្តិសាស្ត្រជាង៦០០ឆ្នាំ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិលើកទី១។
នៅពេលអាយុ៨ឆ្នាំ លោក លី ហៃមីងបានមើលឃើញពូធ្វើគ្រឿងCloisonne ហើយបានចាប់អារម្មណ៍ចំពោះសិប្បកម្មអេណាមែល។ ក្រោយពីការរៀនសិប្បកម្មគ្រឹះផ្នែកការធ្វើCloisonneតាមពូរបស់លោក លោកក៏បានទៅរៀនគូរគំនូរបែបបុរាណ។ លើកពីនេះទៅទៀត លោកនៅតែរៀនសិប្បកម្មផ្សេងៗ ដើម្បីបណ្តុះបណ្តាលសមត្ថភាពខាងការធ្វើ ដូចជា គ្រឿងប៉ាក់ក្រុងស៊ូចូវ ការឆ្លាក់ផ្លែឃ្លោកតាមម្ជុលជាដើម។
នៅឆ្នាំ១៩៧៨ លោក លី ហៃមីងដែលមានអាយុ១៦ឆ្នាំបានមកដល់រូងភ្នំមុដកោជាលើកដំបូង ហើយត្រូវបានគំនូរជញ្ជាំងទុនហ័ងទាក់ទាញយ៉ាងខ្លាំង។ នៅពេលនោះ លោក លី ហៃមីងបានសម្រេចចិត្តចង់យកសិប្បកម្មCloisonneទៅគូរគំនូរជញ្ជាំងដុនហ័ង គឺបង្ហាញស្នាដៃសិល្បៈនេះដោយវិធីច្នៃប្រឌិត។ ក្រោយមក ស្នាដៃអេណាមែលរបស់លោកបានចងនិស្ស័យជាមួយនឹងគំនូរជញ្ជាំងដុនហ័ង។ ស្នាដៃរបស់លោក លី ហៃមីងដែលមានគំនិតច្នៃប្រឌិតនិងគំនូរល្អប្រណិត បានផ្តោតទៅលើកត្តាវប្បធម៌នៃគំនូរជញ្ជាំងដុនហ័ង ដូចជា គំនូរទេពអប្សរ ក្តាន់៩ពណ៌ជាដើម។
ទន្ទឹមនឹងនេះ លោក លី ហៃមីងបានស្រាវជ្រាវនិងកែច្នៃប្រឌិតសិប្បកម្មអេណាមែលជានិច្ច។ លោកបានរួមបញ្ចូលសិប្បកម្ម និងវិធីបំពេញពណ៌នៃសិល្បៈផ្សេងនៅក្នុងគំនូរអេណាមែល ដូចជា គ្រឿងប៉ាក់ គំនូរបែបបុរាណចិន គំនូរថ្នាំលាប ចម្លាក់ផ្លែឃ្លោកជាដើម។
ទោះបីជាការធ្វើគំនូរអេណាមែលជារឿងពិបាកណាស់ លោក លី ហៃមីនៅតែស្រឡាញ់សិល្បៈនេះក្រៃលេង។ ថ្មីៗនេះ លោកមិនត្រឹមតែសហការជាមួយសាកលវិទ្យាល័យនិងបង្រៀននិស្សិតគំនូរអេណាមែលប៉ុណ្ណោះទេ ក៏បានបើកការិយាល័យគំនូរអេណាមែល ដើម្បីបណ្តុះបណ្តាលសិស្សនិងទទួលមរតកសិល្បៈនេះផងដែរ។ ក្រោមការខិតខំប្រឹងប្រែឥតឈប់ឈរ លោកបានគូរគំនូរអេណាមែលនៅលើឧបករណ៍ភ្លេង គ្រឿងសង្ហារឹមនិងគ្រឿងតុបតែង ហើយបានផលិតផលិតផលច្នៃប្រឌិតជាច្រើន។ នេះបានធ្វើអោយសិល្បៈនេះដើរចូលក្នុងជីវភាព និងធ្វើអោយមនុស្សកាន់តែច្រើនស្វែងយល់និងចូលចិត្តគំនូរអេណាមែល។
អ្នកបកប្រែ៖李润菁