សិប្បករ លោក វ៉ាន ឡឺសៀវ បានរក្សាចម្លាក់ឫស្សីជាង៥០ឆ្នាំ

2021-11-23 17:22:19 |ប្រភព:xinhua

  នៅពេលមកដល់ការិយាល័យលោក វ៉ាន ឡឺសៀវ លោកអ្នកអាចមើលឃើញស្នាដៃចម្លាក់ឫស្សីជាច្រើន រួមមានភ្លើងឫស្សីដ៏ល្អប្រណីត កៅអីស្រស់ស្អាតដែលមានការរចនាឆ្លាតវៃ ប្រអប់ដ៏គួរឱ្យចាប់អារម្មណ៍ជាដើម។ សិប្បកម្មទាំងនេះដែលប្រកបដោយកម្លាំងទាក់ទាញដ៏ពិសេស មានក្បាច់ចម្លាក់ល្អប្រណិតនិងក្បាច់រចនាច្នៃប្រឌិតពិសេស។

  សិប្បកម្មដែលមានឈ្មោះហៅថាចម្លាក់ឫស្សី ជីងហ័ងមានប្រភពពីទីក្រុងប៉ៃកាំង។ លោក វ៉ាន ឡឺសៀវជាអ្នកបន្តវេនជំនាន់ទី៤នៃចម្លាក់ឫស្សី ជីងហ័ង ស្រុកសៀង ខេត្តហឺបៃ ដែលមានល្បីឈ្មោះក្នុងមជ្ឈដ្ឋានចម្លាក់ឫស្សី។ លោក វ៉ាន ឡឺសៀវតែងតែចូលរួមក្នុងពិព័រណ៍ក្នុងនិងក្រៅប្រទេស ព្រមទាំងទទួលបានពានរង្វាន់ជាច្រើន អាស្រ័យលើស្នាដៃដ៏ល្អប្រណិត។ ដោយសារឥទ្ធិពលពីគ្រួសារ លោកបានស្គាល់សិល្បៈនេះតាំងពីកុមារភាព។

  លោក វ៉ាន ឡឺសៀវនិយាយថា៖“ចម្លាក់ឫស្សី ជីងហ័ងបំបែកដែនកំណត់នៃឫស្សី អាចឆ្លាក់ទៅជារូបរាងជាច្រើន ដូចជារាងចតុកោណ រាងមូលជាដើម។ ចម្លាក់ឫស្សី ជីងហ័ងមិនត្រឹមតែអាចប្រើប្រាស់ក្នុងជីវភាពរស់នៅធម្មតា ក៏មានតម្លៃសិល្បៈខ្ពស់ផងដែរ ដូច្នេះ វាជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ខេត្ត។”

  លោក វ៉ាន ឡឺសៀវណែនាំថា ស្នាដៃចម្លាក់ឫស្សីមិនសូវធំ ប៉ុន្តែមានភាពល្អប្រណិត។ ដូច្នេះ ការបង្កើតស្នាដៃនីមួយៗពិតជាពិបាក និងត្រូវចំណាយពេលវេលាជាច្រើនផងដែរ។

  នៅក្នុងការិយាល័យលោក វ៉ាន ឡឺសៀវ មានភ្លើងស្រស់ស្អាតនិងល្អប្រណិតក្នុងចន្លោះពន្លឺនិងស្រមោល។ ប្រសិនជាលោកមិនណែនាំ នេាះទេ យើងពិបាកនឹងដឹងថាភ្លើងនេះធ្វើដោយឫស្សី។ លោក វ៉ាន ឡឺសៀវនិយាយថា៖“សិប្បករពិបាកនឹងឱ្យឫស្សីដ៏ត្រង់និងរឹងប្រែជារាងមូលនិងកោង។ យើងមានមោទនភាពចំពោះសិប្បកម្មនេះណាស់។”

  តាំងពីរៀនចម្លាក់ឫស្សី ជីងហ័ងនៅអាយុ១៨ឆ្នាំមក លោក វ៉ាន ឡឺសៀវយកចិត្តទុកដាក់លើការឃោសនាសិប្បកម្មប្រពៃណីនេះ។ បច្ចុប្បន្ននេះ លោកបានបង្រៀនសិស្សជាច្រើន ដើម្បីទទួលមរតកសិប្បកម្មនេះឲ្យកាន់តែល្អប្រសើរ។

  មិនតែប៉ុណ្ណោះទេ លោក វ៉ាន ឡឺសៀវក៏រួមបញ្ចូលសិប្បកម្មប្រពៃណីនិងកក្តាររចនាទាន់សម័យបញ្ចូលគ្នា ធ្វើឲ្យស្នាដៃខ្លះដែលមានគំនិតច្នៃប្រឌិតល្អ។ ចម្លាក់ឫស្សី ជីងហ័ងទទួលបានការពេញនិយមនៅទីផ្សារក្នុងនិិងក្រៅស្រុក។

  នៅពេលយប់ជ្រៅ លោក វ៉ាន ឡឺសៀវដែលបានអាយុ៥៦ឆ្នាំនៅតែបើកភ្លើង និងឆ្លាក់ស្នាដៃដោយយកចិត្តទុកដាក់។ លោក វ៉ាន ឡឺសៀវនិយាយថា៖ “ការបង្កើតស្នាដៃត្រូវការចិត្តស្ងប់។ ដូច្នេះ ខ្ញុំចូលចិត្តរចនានិងឆ្លាក់ស្នាដៃចម្លាក់ឫស្សីនៅពេលយប់។ ដំណើរការនេះឱ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។”

  នៅក្នុងផ្ទះដែលតុបតែងដោយស្នាដៃចម្លាក់ឫស្សីរបស់លោក វ៉ាន ឡឺសៀវ មានតុធំមួយ។ នៅលើតុនេះ មានជក់ ទឹកខ្មៅ ក្រដាស។ លោក វ៉ាន ឡឺសៀវញញឹមហើយពោលថា៖“នៅពេលធម្មតា ក្រោយពីរចនានិងធ្វើចម្លាក់ឫស្សី ខ្ញុំក៏ហាត់សរសេរអក្សរផ្ចង់និងគូរគំនូរ ពីព្រោះអក្សរផ្ចង់ គំនូរនិងចម្លាក់មិនអាចបំបែកបាន។”

  លោក វ៉ាន ឡឺសៀវនិយាយថា៖ “ក្នុងរយៈពេលរាប់សិបឆ្នាំនេះ ខ្ញុំធ្វើរឿងតែមួយគត់គឺ ការធ្វើចម្លាក់ឫស្សី ជីងហ័ង។ វាមិនត្រឹមតែឆ្លាក់លើឫស្សី ក៏បានឆ្លាក់ក្នុងជីវិតរបស់ខ្ញុំ។ ចំពោះខ្ញុំ ការឃោសនាសិប្បកម្មនេះជារឿងដែលមានសុភមង្គលធំជាងគេ។”

  អ្នកបកប្រែ៖李润菁