បទវិភាគ៖បញ្ហាទាំងក្នុងនិងក្រៅប្រទេសកើតឡើងឥតឈប់ឈរ អ្នកនយោបាយអង់គ្លេសកុំចចេសក្បាលរឹងទៀតអី
កាលពីថ្ងៃទី១៥ខែមិថុនាតាមម៉ោងក្នុងតំបន់ គណៈកម្មាធិការសហភាពអឺរ៉ុបបានដាក់ពាក្យបណ្តឹងអំពីការល្មើសនឹងកិច្ចសន្យាដោយសាររដ្ឋាភិបាលអង់គ្លេសមិនគោរពខ្លឹមសារមួយចំនួននៃ “ពិធីសារអៀរឡង់ខាងជើង” ។ លោកស្រី Michelle O’Neil អនុប្រធានបក្ស Sinn Fin នៃអៀរឡង់ខាងជើងដែលផ្តួចផ្តើមគំនិតជាប់រហូតឱ្យអៀរឡង់ខាងជើង “ដកខ្លួនចេញពីអង់គ្លេស”បានលើកឡើងថា ទង្វើរបស់រដ្ឋាភិបាលអង់គ្លេសបានបង្កើនភាពមិននឹងនរនៃស្ថានការណ៍នយោបាយអៀរឡង់ខាងជើង ។ នៅរយៈពេលពីរថ្ងៃមុន លោកស្រី Nicola Sturgeon ប្រធានរដ្ឋមន្ត្រីនៃរដ្ឋាភិបាលតំបន់ស្កុតឡេនបានប្រកាសថា មិនថារដ្ឋាភិបាលអង់គ្លេសឯកភាពគ្នាឬអត់ លោកស្រីនឹងជំរុញឱ្យស្កុតឡេនរៀបចំធ្វើការបោះឆ្នោតសកលស្តីពីការដកខ្លួនចេញពីអង់គ្លេសជុំថ្មីនៅឆ្នាំក្រោយ ។
“ពិធីសារអៀរឡង់ខាងជើង” ជាចំណែកមួយនៃកិច្ចព្រមព្រៀងស្តីពីការដកខ្លួនចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស ។ យោងតាមកិច្ចព្រមព្រៀងនេះ បន្ទាប់ពីអង់គ្លេសដកខ្លួនចេញពីសហភាពអឺរ៉ុប តំបន់អៀរឡង់ខាងជើងនឹងស្ថិតក្នុងទីផ្សារតែមួយរបស់អឺរ៉ុបនិងសម្ព័ន្ធពន្ធគយសហភាពអឺរ៉ុប ដើម្បីបង្ការកុំឱ្យលេចចេញ “ព្រំដែន”ផ្លូវគោកនៅកោះអៀរឡង់ ។ ប៉ុន្តែការចាត់ចែងបែបនេះបណ្តាលឱ្យកើតមានប៉ុស្តិ៍ត្រួតពិនិត្យរវាងតំបន់អៀរឡង់ខាងជើងនិងកោះចក្រភពអង់គ្លេស ហើយធ្វើឱ្យទំនាស់រវាងបក្សពួកដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអង់គ្លេសនិងបក្សពួកចង់ដកខ្លួនចេញពីអង់គ្លេសរបស់តំបន់អៀរឡង់ខាងជើងមានភាពកាន់តែខ្លាំងឡើងៗ ។ កាលពីថ្ងៃទី១៣ខែមិថុនា លោកស្រី Elizabeth Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានដាក់ជូនរដ្ឋសភានូវពង្រាងពិភាក្សាដោយប្រកាសជាផ្លូវការនូវផែនការជាក់ស្តែងស្តីពីការធ្វើវិសោធនកម្មដោយឯកតោភាគីនូវខ្លឹមសារមួយចំនួននៃ “ពិធីសារអៀរឡង់ខាងជើង” ហើយបានអះអាងថា ទង្វើនេះនឹងដោះស្រាយបញ្ហាជាក់ស្តែងដែលពិធីសារបានបង្កឡើងនៅតំបន់អៀរឡង់ខាងជើង ។
ដូចការរំពឹងទុកថា សកម្មភាពឯកតោភាគីរបស់រដ្ឋាភិបាលអង់គ្លេសបានរងការរិះគន់យ៉ាងខ្លាំងពីសហភាពអឺរ៉ុប ដោយត្រូវចោទប្រកាន់ថា បានល្មើសនឹង “ច្បាប់អន្តរជាតិ” ។ កាសែត«The Guardian»បានលើកឡើងថា “ការបង្ករឿងហេតុយ៉ាងកម្រោល”របស់អង់គ្លេសប្រហែលនឹងបណ្តាលឱ្យកើតសង្គ្រាមពាណិជ្ជកម្មរវាងអង់គ្លេសនិងសហភាពអឺរ៉ុប ។ ការវិភាគមួយចំនួនរហូតដល់សម្គាល់ថា ទង្វើរបស់ភាគីអង់គ្លេសនឹងបង្កជាផលប៉ះពាល់អវិជ្ជមានចំពោះស្ថានការណ៍នយោបាយរបស់អៀរឡង់ខាងជើង ដែលនឹងរំញោចនិងបង្កើនមនោសញ្ចេតនា “ដកខ្លួនចេញពីអង់គ្លេស”នៃតំបន់អៀរឡង់ខាងជើង ។
អាចប៉ាន់ប្រមាណថា ប្រសិនបើរដ្ឋាភិបាលអង់គ្លេសធ្វើតាមតែទំនើងចិត្ត ដែលបំផ្លាញដល់ផលប្រយោជន៍យ៉ាងទូលំទូលាយរបស់តំបន់អៀរឡង់ខាងជើង នោះ មិនច្រានចោលលទ្ធភាពដែលបក្ស Sinn Fin ជំរុញរបៀបវារៈរៀបចំធ្វើការបោះឆ្នោតសកលអំពីការដកខ្លួនចេញពីអង់គ្លេសនោះទេ ។ ប៉ុន្តែដោយសារឋានៈដ៏រសើបនិងពិសេសរបស់តំបន់អៀរឡង់ខាងជើង អង់គ្លេសធ្វើអ៊ីចឹងប្រហែលនឹងនាំមកនូវ “ឥទ្ធិពលដូមីណូ” ។
តំបន់អៀរឡង់ខាងជើងចង់ទទួលបានឯករាជ្យ ហើយតំបន់ស្កុតឡេនចង់ធ្វើការបោះឆ្នោតសកលប្រការទាំងនេះនាំឱ្យរដ្ឋាភិបាលអង់គ្លេសដែលមានបញ្ហាជាច្រើនធ្លាក់ក្នុងភាពជាប់គាំងបន្ថែមទៀត ។ ប៉ុន្តែទោះបីយ៉ាងនេះក៏ដោយ ប្រហែលមានបំណងចង់ផ្ទេរទំនាស់ក្នុងស្រុក ប្រហែលងប់ចិត្តក្នុងសុបិន “ចក្រភពអង់គ្លេស” អ្នកនយោបាយអង់គ្លេសនៅតែខិតខំប្រឹងប្រែងបង្ហាញខ្លួនលើផ្ទៃអន្តរជាតិ ។ ទង្វើលាក់ពុតបែបនេះគ្រាន់តែនឹងបន្ថែមរឿងកំប្លែងដល់ពិភពលោកប៉ុណ្ណោះទេ ។
បញ្ហាទាំងក្នុងនិងក្រៅប្រទេសបានកើតឡើងឥតឈប់ឈរ អ្នកនយោបាយអង់គ្លេសកុំចចេសក្បាលរឹងទៀតអី ឆាប់ដោះស្រាយបញ្ហារបស់ខ្លួនឯងសិន!