តើ“ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ជារបបអី ?
រសៀលថ្ងៃទី៣០ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិន បានអញ្ជើញទៅដល់ហុងកុងដោយជិះរថភ្លើងពិសេស ហើយបានថ្លែងសុន្ទរកថានៅស្ថានីយ West Kowloonហុងកុង ដោយបានលើកឡើងថា ការពិតជាក់ស្តែងបានបញ្ជាក់ថា “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” គឺជារបបល្អដែលអាចធានាឱ្យហុងកុងមានស្ថិរភាពនិងវិបុលភាពក្នុងរយៈពេលយូរនិងអាចគាំពាសុភមង្គលនិងផលប្រយោជន៍របស់ជនរួមជាតិហុងកុង។ ឱ្យតែយើងប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវ“ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” នោះអនាគតរបស់ហុងកុងមុខជានឹងមានភាពកាន់តែល្អបវរជាមិនខាន ។
សូមបញ្ជាក់ថា “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” គឺមានន័យថា “នៅប្រទេសមួយ មានប្រព័ន្ធគ្រប់គ្រងពីរយ៉ាង” ពោលគឺ ឈរលើបុរេលក្ខខណ្ឌចិនតែមួយ ចិនដីគោកអនុវត្តប្រព័ន្ធរបបសង្គមនិយម រីឯហុងកុង ម៉ាកាវនិងតៃវ៉ាន់រក្សាប្រព័ន្ធរបបមូលធននិយមដដែល ។ នៅដើមទសវត្សរ៍ឆ្នាំ៨០នៃសតវត្សរ៍២០ ដើម្បីសម្រេចបាននូវការបង្រួបបង្រួមមាតុប្រទេសដោយសន្តិភាព លោក Deng Xiaoping អ្នកដឹកនាំចិនកាលនោះបានលើកឡើងនូវគំនិតប្រកបដោយលក្ខណៈស្ថាបនាស្តីពី “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ព្រមទាំងបានប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាហុងកុងមុនគេបង្អស់ ។
អនុលោមតាមគោលលំនាំស្តីពី “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” រដ្ឋាភិបាលចិនបានដោះស្រាយបញ្ហាហុងកុងដែលបន្សល់ទុកក្នុងប្រវត្តិសាស្ត្រដោយជោគជ័យ តាមរយៈធ្វើកិច្ចចរចាការទូតជាមួយរាជរដ្ឋាភិបាលអង់គ្លេស ។
កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ រដ្ឋាភិបាលចិនបានរៀបចំអធិបតេយ្យភាពឡើងវិញនៅហុងកុង ដែលបានបញ្ចប់ការគ្រប់គ្រងអាណានិគមអស់រយៈពេល១៥០ឆ្នាំរបស់អង់គ្លេសនៅហុងកុង ព្រមទាំងបានបង្កើតតំបន់រដ្ឋបាលពិសេសហុងកុង ចាប់ពីពេលនោះមក ជនរួមជាតិហុងកុងបានក្លាយជាម្ចាស់ពិតប្រាកដក្នុងដែនដីរបស់មាតុប្រទេសនេះ ។
ការអនុវត្តជាក់ស្តែងអស់រយៈពេល២៥ឆ្នាំបានបញ្ជាក់ថា “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”មិនគ្រាន់តែជាផែនការល្អបំផុតសម្រាប់ដោះស្រាយបញ្ហាហុងកុងដែលបន្សល់ទុកពីប្រវតិ្តសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏ជាការធានាពីឬគល់សម្រាប់ឱ្យហុងកុងរក្សាស្ថិរភាពនិងវិបុលភាពក្នុងរយៈពេលយូរបន្ទាប់ពីបានវិលត្រឡប់ចូលមាតុប្រទេសវិញទៀតផង ជាងនេះទៅទៀត ក៏ជាការធានាពីឬគល់នៃការអភិវឌ្ឍប្រជាធិបតេយ្យនៅហុងកុងផងដែរ ។ ចាត់ទុក “ប្រទេសមួយ” ជាឬគល់ និងពង្រីកឧត្តមភាពនៃ “ប្រព័ន្ធគ្រប់គ្រងពីរ” បន្ទាប់ពីបានវិលត្រឡប់ចូលមាតុប្រទេសវិញ ហុងកុងនិងចិនដីគោកបានបំពេញបន្ថែមឧត្តមភាពគ្នាទៅវិញទៅមក សម្រេចបាននូវការអភិវឌ្ឍយ៉ាងផុលផុសលើផ្នែកសង្គមនិងសេដ្ឋកិច្ច ៕