កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិននិង សម្រួលការវិនិយោគឱ្យមកកម្ពុជាកាន់តែច្រើន
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិនស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង អំឡុងកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៨ កក្កដា ២០២២ នេះបើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ឯកឧត្តម ផៃ ស៊ីផាន ថា កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិនផ្តល់អត្ថប្រយោជន៍ជាច្រើន ដែលអាចទទួលបានពីកិច្ចព្រមព្រៀងនេះ ដូចជាការទាក់ទាញនិង សម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និងបង្រ្កាបការគេចវេះពន្ធទាំងក្នុង ក្របខណ្ឌជាតិ និងអន្តរជាតិ។
កិច្ចព្រមព្រៀងស្ដីការចៀសវាងការយកពន្ធត្រួតគ្នានេះ គឺជាការបែងចែកសិទ្ធិ ក្នុងការយកពន្ធរវាងគូភាគីនៃយុត្តាធិការជាហត្ថលេខី ដែលម្ខាងអាចកម្រិតផ្នែកខ្លះនៃការអនុវត្ដច្បាប់ និងបទប្បញ្ញតិ្តក្នុងស្រុកស្ដីពីពន្ធដារ ហើយនៅក្នុងដំណាក់កាលនៃការអនុវត្ដដំបូង អាចមានផលប៉ះពាល់ផ្ទាល់ដល់ចំណូលពន្ធរបស់ប្រទេសប្រភព ដោយសារការកាត់បន្ថយអត្រាពន្ធកាត់ទុកដែលត្រូវអនុវត្ដចំពោះអ្នកជាប់ពន្ធអនិវាសនជន និងការបែងចែកសិទ្ធិយកពន្ធលើប្រភេទប្រាក់ចំណូលមួយចំនួនឱ្យទៅប្រទេសនិវាសនដ្ឋានតែម្ខាងទៀតផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដែលជាការប៉ះប៉ូវវិញដល់យុត្តាធិការជាហត្ថលេខី ដូចជា៖
- ការទាក់ទាញនិងជំរុញវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ដោយសារការផ្តល់នូវភាពច្បាស់លាស់ តម្លាភាព និងគ្មានការរើសអើងក្នុងវិស័យពន្ធដារ
- កំណើនមូលដ្ឋានពន្ធ
- លំហូរមូលធន ដោយសារទាក់ទាញ នៃអត្រាពន្ធកាត់ទុកលើការប្រាក់ និងភាគលាភ
- ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស និង
- ការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យពន្ធដារ ជាពិសេស ការទប់ស្កាត់និងការបង្រ្កាបការ
គេចវេះពន្ធតាមរយៈការផ្លាស់ប្ដូរព័ត៌មានរបស់អ្នកជាប់ពន្ធ។
ក្នុងគោលបំណងកាត់បន្ថយនូវផលប៉ះពាល់ខ្លះៗដូចបានបញ្ជាក់ខាងលើ ក្នុងការចរចា កម្ពុជាប្រកាន់ខ្ជាប់នូវ ជំហររបស់ខ្លួន ស្របតាមក្របខ័ណ្ឌគោលនយោបាយ ដែលបានដាក់ចេញដើម្បីការពារឱ្យបានជាអតិបរមានូវសិទ្ធិ
យកពន្ធរបស់ខ្លួន ដែលក្នុងនោះកម្ពុជាសម្រេចបាននូវ៖
- លក្ខខណ្ឌដែលផ្តល់ប្រយោជន៍ដល់កម្ពុជាក្នុងការកំណត់ពន្ធតាមរយៈគ្រឹះស្ថានអចិន្ត្រៃយ៍
- ការយកពន្ធលើបុព្វលាភធានារ៉ាប់រងដែលលក់ដោយសហគ្រាសអនិវាសនជន
- ការយកពន្ធលើការដឹកជញ្ជូនអន្តរជាតិតាមផ្លូវទឹក
- ការយកពន្ធតាមរយៈសួយសារលើការជួលឧបករណ៍ឧស្សាហកម្ម ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ
- ការយកពន្ធកាត់ទុកលើកម្រៃសសេវាបច្ចេកទេស
- ការរក្សាបាននូវអត្រាពន្ធកាត់ទុកខ្ពស់ ចៀសវាងបាននូវផលប៉ះពាល់ខ្លាំងលើចំណូលពន្ធជាតិ
- ការយកពន្ធលើចំណូលផ្សេងៗរបស់អនិវាសនជន
- ការដាក់បញ្ចូលនូវគោលការណ៍លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគដែលមានលក្ខណសម្បតិ្តគ្រប់គ្រាន់ ដែលមានប្រយោជន៍សម្រាប់ធានាភាពទាក់ទាញនៃការវិនិយោគផ្ទាល់មកពីបរទេស តាមរយៈការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដូចដែលមានចែងក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា កម្ពុជា-តំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្លុះបញ្ចាំងអំពីគោលការណ៍សំខាន់ៗ នៃគោលនយោបាយពន្ធអន្តរជាតិ និងបទប្បញ្ញតិ្តស្ដីពីពន្ធដាររបស់កម្ពុជា ក៏ដូចជាតាមលំនាំគំរូអង្គការសហប្រជាជាតិ ដែលមានលក្ខណៈអំណោយផលដល់ប្រទេសកំពុងអភិឌ្ឍន៍ ដូចកម្ពុជា៕