កម្ពុជាបង្ហាញក្តីរំពឹងថា ភាគីចិននឹងបង្កើនជើងហោះហើរកាន់តែច្រើនមកកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យអាកាស ចរស៊ីវិលកម្ពុជារំពឹងថា ប្រទេសចិននឹងបង្កើនជើងហោះហើរកាន់តែច្រើនមកកម្ពុជា ប្រសិនបើស្ថានភាពកូវីដ១៩មានលក្ខណៈធូរស្បើយ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរតាមផ្លូវអាកាស ខណៈក្នុងខែកក្កដានេះ ការ ហោះហើរត្រង់រវាងប្រទេសទាំងពីរមានត្រឹមតែ៣ជើងទៅ៣ជើងមកប៉ុណ្ណោះក្នុងមួយសប្តាហ៍។
ឯកឧត្តមស៊ីនចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន ប្រសាសន៍ប្រាប់អ្នកសារព័ត៌ មានកាលពីពេលថ្មីៗនេះថា កន្លងមកនេះប្រទេសចិនបានដាក់វិធានការរឹតបណ្តឹងការធ្វើដំណើរនិងកាត់បន្ថយជើង ហោះហើរនៅតំបន់មួយចំនួននៃប្រទេសចិនយ៉ាងតឹងតែង ហើយសម្រាប់ការហោះហើរត្រង់ពីកម្ពុជាទៅចិននិងពីចិនមកកម្ពុជាក្នុងបរិបទកូវីដ- ១៩ត្រូវបានកាត់បន្ថយមួយរយៈ។
ឯកឧត្តមបញ្ជាក់ថា សម្រាប់ខែកក្កដានេះ ភាគីកម្ពុជានិងចិនបានឯកភាពគ្នាបើកឱ្យមានការហោះហើរពីកម្ពុជាទៅចិន និងពីចិនមកកម្ពុជាវិញរហូតដល់បីជើងទៅ និងបីជើងមកក្នុងមួយសប្តាហ៍ ហើយប្រសិនបើស្ថានភាពកូវីដ-១៩នៅប្រទេសចិនមានលក្ខណៈធូរស្រាលអាចគ្រប់ គ្រងបាន ភាគីចិននឹងបង្កើនជើងហោះហើរជាបណ្តើរៗថែមទៀត។
សំឡេង៖ « យើងដឹងហើយថាវិធានការនៅស្រុកចិន…. នឹងឈានទៅបើកជើងហោះហើរកាន់តែច្រើន»។
ឯកឧត្តមអ្នកនាំពាក្យជឿជាក់ថា ការបើកជើងហោះហើរកាន់តែច្រើននឹងធ្វើឱ្យវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរវាង កម្ពុជា ចិននឹងកើនឡើង ជាពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគតែម្ដង។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី៣ខែកក្កដាកន្លងទៅ នៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបង្កើនជើងហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំងពីរ ក្រោយរំខានដោយសារជំងឺកូវីដ-១៩អស់រយៈពេលជិត៣ឆ្នាំ៕