ក្រសួងការបរទេសចិន៖ ផ្នត់គំនិតផ្ដួលរំលំរដ្ឋអំណាចនៃប្រទេសដទៃបានជ្រាបចូលទៅក្នុងខួរឆ្អឹងនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិករួចទៅហើយ
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ១៨ ខែកក្កដាថា ផ្នត់គំនិតផ្តួលរំលំរដ្ឋអំណាចរបស់ប្រទេសដទៃបានជ្រាបចូលទៅក្នុងខួរឆ្អឹងនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិករួចទៅហើយ ។
នៅពេលមុននេះ លោក Bolton អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានទទួលស្គាល់នៅពេលផ្តល់បទសម្ភាសន៍មួយថា លោកបានជួយរៀបចំផែនការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសផ្សេងទៀត ។ តាមការផ្សាយដំណឹងឱ្យដឹងថា ការញុះញង់ឲ្យមានសកម្មភាពធ្វើរដ្ឋប្រហារនៅក្នុងប្រទេសផ្សេងទៀតគឺជារឿងធម្មតាសម្រាប់សហរដ្ឋអាមេរិក។
ទាក់ទិននឹងករណីនេះ លោក Wang Wenbin បានថ្លែងថា ការលើកឡើងរបស់លោក Bolton បង្ហាញថា "សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់" ដែលអ្នកនយោបាយអាមេរិកតែងអះអាងបំប៉ោងខ្លួនឯង គឺជាសណ្តាប់ធ្នាប់ដើម្បីធានាថាសហរដ្ឋអាមេរិកអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងធ្វើវិទ្ធង្សនាប្រទេសផ្សេងទៀតតាមទំនើងចិត្ត ។