កម្ពុជារំពឹងថា នឹងអាចនាំ ចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ
កម្ពុជារំពឹងថា នឹងអាចនាំ ចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះ កម្ពុជានៅបំពេញតាមលក្ខខណ្ឌមួយ ចំនួនទៀតតាមភាគីចិន។
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ក្នុងសន្និសីទស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងកសិកម្ម នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ ថា ផ្លែមៀនប៉ៃលិនរបស់កម្ពុជាគឺបានវាយតម្លៃដល់ដំណាក់កាលចុងក្រោយហើយ ដោយអគ្គរដ្ឋបាលគយចិនបានធ្វើការសន្និដ្ឋានថា មៀនប៉ៃលិនកម្ពុជាមានគុណភាពល្អ និងមិនមានសមាស ភាពចង្រៃទាំង៦ប្រភេទដែលភាគីចិនហាមឃាត់នោះទេ។
ឯកឧត្តមបានបន្តថា ចំពោះការវាយតម្លៃនៅតាមចម្ការផ្ទាល់ ឃើញថា ចម្ការមៀនប៉ៃលិនរបស់កម្ពុជាបានដាំដុះស្អាត មានអនាម័យល្អ ហើយ ក៏មានការកត់ត្រាទៅលើការអភិវឌ្ឍតាមស្តង់ដារមួយយ៉ាងត្រឹមត្រូវ ដូច្នេះហើយឯកឧត្តមសង្ឃឹមថា នឹងមិនមានបញ្ហាចោទអ្វីទៀតនោះទេ គឺនឹង អាចនាំចេញផ្លែមៀនប៉ៃលិនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនបាន ខណៈដែលរដូវប្រមូលផលនៅចន្លោះខែសីហា ដល់ខែកញ្ញាខាង មុខនេះហើយ ។
សំឡេង ៖ «ពាក់ព័ន្ធទៅនឹងការនាំចេញកសិផលជាពិសេសទៅប្រទេសចិននេះ ដែលក្នុងពេលថ្មីៗនេះមានការចរចា ក៏ដូចជាវាយតម្លៃបើកទីផ្សារសម្រាប់នាំផ្លែមៀនប៉ៃលិនទៅប្រទេសចិន ខ្ញុំសូមបញ្ជាក់កន្លែងនេះមកដល់ ពេលនេះ គឺបានធ្វើការវាយ តម្លៃដំណាក់កាលចុងក្រោយ កាលពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ហើយជាលទ្ធផលយើងទទួលបានជាវិជ្ជមាន ដោយមានការងារសេសសល់បន្តិចបន្តួចដែលត្រូវធ្វើការកែលម្អ ដូច្នេះយើងសង្ឃឹមថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ យើងអាចនាំ ចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនបាន » ។
ឯកឧត្តមបានបន្ថែមថា ចំពោះរោងចក្រវេចខ្ចប់កែច្នៃដែលមានចំនួន៨ទីតាំងនោះ ក៏បានវាយតម្លៃហើយស្រេច គឺអាចមានសមត្ថភាពនិងមានស្តង់ ដារគ្រប់គ្រាន់ ដែលអាចនាំ ចេញទៅប្រទេសចិនបាន ។
សូមបញ្ជាក់ថា ផ្លែមៀនប៉ៃលិនផ្លែធុរេនរបស់កម្ពុជា មិនទាន់បាននាំចេញត្រង់ទៅ កាន់ប្រទេសចិននៅឡើយទេ ប៉ុន្តែផ្លែមៀននិងផ្លែធុរេនរបស់កម្ពុជា អាចនាំចេញទៅប្រទេសជិតខាងបាន គឺប្រទេសវៀតណាមនិងប្រទេសថៃ ៕