ជាង៣ឆ្នាំកន្លងមកនេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅចិនក្នុងទំហំ២.៤លានតោន គិតជាថវិកាមានតម្លៃជិត២ពាន់លានដុល្លារ

2022-07-21 09:48:03
ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅចិន ក្នុងទំហំ២.៤លានតោន និងគិតជាថវិកាមានតម្លៃជិត២ពាន់លានដុល្លារ ខណៈប្រទេសចិនគឺជាទីផ្សាដ៏ធំរបស់កម្ពុជា។

  ថ្លែងក្នុងអំឡុងកិច្ចសន្ទនាអនឡាញស្ដីពីកសិកម្មកម្ពុជា-ចិន ក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» នារសៀលថ្ងៃទី២០ កក្កដា ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃប្រទេសកម្ពុជាមានប្រសាសន៍ថា ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំ ៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ ៦ខែ ដើមឆ្នាំ២០២២ កន្លងមកនេះ សម្រេចបានទំហំជាង ២.៤ លានតោន ដែលក្នុងនោះ មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្មចំនួន២៤មុខផ្សេងទៀត ដែលមានតម្លៃ ១៩៤២លានដុល្លារអាមេរិក។

  ឯកឧត្តម វេង សាខុន លើកឡើងដែរថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរ កម្ពុជា-ចិន វិនិយោគបង្កើនសមត្ថភាពក្នុងការផលិត និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ពិសេស ធ្វើឲ្យប្រសើរឡើង នូវវិស័យកសិ-ឧស្សាហកម្ម និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈធ្វើការអភិវឌ្ឍរួមគ្នា ដោយប្រើប្រាស់ សក្តានុពលនៃការអភិវឌ្ឍឲ្យអស់ពីលទ្ធភាព និងពង្រីកទំហំទីផ្សារផលិតផលកសិកម្ម សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទំងពីរ ប្រកបដោយចីរភាព។

  ឯកឧត្តម រដ្ឋមន្ត្រីសូមវាយតម្លៃខ្ពស់ចំពោះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលពិតជាបានផ្តល់នូវផលប្រយោជន៍ជាច្រើន សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា មានដូចជា៖១. ការជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការស្តីពីដំណាំស្រូវ ដំឡូងមី បន្លែ ផ្លែឈើត្រូពិក ពោត កៅស៊ូធម្មជាតិ ត្រី សត្វ ។ល។ បង្កើតតំបន់សម្រាប់បង្ហាញអំពីកសិកម្ម ដែលមានលក្ខណៈជាសហគមន៍ ដោយធ្វើការបង្ហាញនិងជំរុញបច្ចេកវិទ្យាកសិកម្ម បទពិសោធន៍គ្រប់គ្រង និងប្រើប្រាស់គ្រឿងយន្កកសិកម្ម ពិសេស ការកែលម្អគុណភាព និងស្តង់ដារផលិតផលកសិកម្ម។២. ការកែច្នៃផលិតផលកសិកម្ម រួមទាំងការបង្កើតសូនកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែមដល់វិស័យកសិកម្ម ធ្វើឲ្យប្រសើរឡើងនូវពាណិជ្ជកម្មទ្វេភាគី និងវិនិយោគលើម្ហូបអាហារ មានគុណភាពខ្ពស់ និងផលិតផលកសិកម្ម។៣. ការផ្តល់បរិយាកាសល្អសម្រាប់វិនិយោគិនចិន ដើម្បីវិនិយោគលើផលិតកម្ម កសិកម្ម និងនាំចេញទៅប្រទេសចិន ដូចជាការវិនិយោគលើផលិតកម្មស្រូវ និងនាំចេញអង្ករ ដំឡូងមី ផ្លែចេក ស្វាយ  និងផលិតផលកសិកម្មដដទៃទៀត និង៤. ការគាំទ្របច្ចេកទេស ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងធនធានថវិកាសម្រាប់ជំរុញផលិតកម្មកសិកម្ម នៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន៕

ជាង៣ឆ្នាំកន្លងមកនេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅចិនក្នុងទំហំ២.៤លានតោន គិតជាថវិកាមានតម្លៃជិត២ពាន់លានដុល្លារ