រដ្ឋមន្ត្រីកសិកម្មកម្ពុជា៖ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

2022-07-21 09:48:47
ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ មានប្រសាសន៍អំឡុងកិច្ចសន្ទនាអនឡាញស្ដីពីកសិកម្មកម្ពុជា-ចិន ក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» នារសៀលថ្ងៃទី២០ កក្កដា ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃប្រទេសកម្ពុជាបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ថា ពិតជាបានផ្តល់នូវផលប្រយោជន៍ ជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសកម្ពុជា។

  ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃប្រទេសកម្ពុជាបានមានលើកឡើងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរ កម្ពុជា-ចិន វិនិយោគបង្កើនសមត្ថភាពក្នុងការផលិត និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ពិសេស ធ្វើឲ្យប្រសើរឡើង នូវវិស័យកសិ-ឧស្សាហកម្ម និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈធ្វើការអភិវឌ្ឍរួមគ្នា ដោយប្រើប្រាស់ សក្តានុពលនៃការអភិវឌ្ឍឲ្យអស់ពីលទ្ធភាព និងពង្រីកទំហំទីផ្សារផលិតផលកសិកម្ម សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទំាងពីរ ប្រកបដោយចីរភាព។

  ឯកឧត្តម វេង សាខុន៖ «ជាលទ្ធផល ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំ ៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ ៦ខែ ដើមឆ្នាំ២០២២ កន្លងមកនេះ សម្រេចបានទំហំជាង ២.៤ លានតោន ដែលក្នុងនោះ មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្មចំនួន២៤មុខផ្សេងទៀត ដែលមានតម្លៃ ១៩៤២លានដុល្លារអាមេរិក។»

  គួរបញ្ជាក់ថា វេទិកាអនឡាញស្តីពី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើវិស័យកម្ម ក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» នេះរៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជា-ចិន។ ក្នុងកម្មវិធីនេះ ក៏មានអ្នកជំនាញវិស័យកសិកម្មមកពីប្រទេសចិន ដូចជា លោក Lan Huiyan ប្រធានប្រតិបត្តិមជ្ឈមណ្ឌលជំរុញកសិកម្មចិន-កម្ពុជា, លោកស្រី Huang Ying បណ្ឌិតនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រភូតគាមអនាម័យចិន, លោក Xie Zhigan អ្នកជំនាញស្រូវនៃមជ្ឈមណ្ឌលជំរុញកសិកម្មចិន-កម្ពុជា ព្រមទាំង លោកស្រី អរុណ អគ្គនាយិកាវិទ្យុមិត្តភាពកម្ពុជាចិនចូលរួមផងដែរ ដើម្បីរួមគ្នាពិភាក្សាអំពីប្រធានបទមួយចំនួន ដូចជា កំណើនទិន្នផលសិកម្មកម្ពុជា ការនាំចេញផលិតផលកសិកម្ម និងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយវិស័យកសិកម្មរវាងប្រទេសទាំងពីរផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃទូរទស្សន៍ជាតិកម្ពុជា (ទទក) លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លឹម ជាវុត្ថា អគ្គនាយកសារព័ត៌មាន Fresh News ព្រមទាំង លោក កាន់ គន្ធី នាយកប្រតិបត្តិក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា ទៀតផង៕

រដ្ឋមន្ត្រីកសិកម្មកម្ពុជា៖ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា