លោកស្រី Peng Liyuan ជួបសន្ទនាជាមួយលោកស្រី Iriana Joko Widodo ភរិយារបស់ប្រធានាធិបតីឥណ្ឌូណេស៊ី
នៅថៃ្ងទី ២៦ ខែកក្កដា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោកស្រី Iriana Joko Widodo ភរិយារបស់ប្រធានាធិបតីឥណ្ឌូណេស៊ីនៅក្រុងប៉េកាំង ។
ថ្លែងក្នុងកិច្ចជំនួប លោកស្រី Peng Liyuan បានលើកឡើងថា ប្រទេសចិននិងឥណ្ឌូណេស៊ីគឺជាប្រទេសជិតខាងដ៏សំខាន់រវាងគ្នានិងគ្នា ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរមានប្រវតិ្តសាស្ត្រជាយូរលង់ណាស់មកហើយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ការប្រាស្រ័យទាក់ទងរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរគឺ មានភាពញឹកញាប់ ហើយឥណ្ឌូណេស៊ីជាគោលដៅទេសចរណ៍ធំទីពីរដែលទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់ភ្ញៀវទេសចរចិន ។ លោកស្រីរំពឹងថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែស៊ីជម្រៅឥតឈប់ឈរ ។
ជាការឆ្លើយតប លោកស្រី Iriana Joko Widodo បានថ្លែងថា ខ្ញុំសប្បាយរីករាយណាស់ដែលបានមកជួបមិត្តចាស់ម្តងទៀតនៅទីក្រុងប៉េកាំង ហើយសូមថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់លោកប្រធានរដ្ឋចិន Xi Jinping និងលោកស្រីសាស្រ្តាចារ្យ Peng Liyuan ។ ឥណ្ឌូណេស៊ីសូមស្វាគមន៍ភ្ញៀវទេសចរចិនកាន់តែច្រើនទៅទស្សនាកម្សាន្ត ហើយសូមជូនពរឱ្យទំនាក់ទំនងរវាងឥណ្ឌូណេស៊ីនិងចិនទទួលបានការអភិវឌ្ឍយូរអង្វែងនិងប្រកបដោយមេត្រីភាព ៕