ក្រសួងការបរទេសចិន៖ នៅពីមុខការពិត សម្តីខុសទំនងណាមួយដែលលាបពណ៌គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” នឹងត្រូវលាតត្រដាងដោយស្វ័យប្រវត្តិ

2022-08-16 17:06:03
ប្រភព:CRI

  ថ្ងៃទី ១៥ ខែសីហា   លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីនៃសន្និសីទកាសែតជាប្រចាំ។ មានអ្នកកាសែតបានសួរថា ៖ មានព័ត៌មានបានផ្សាយថា  ក្រសួងហិរញ្ញវត្ថុបង់ក្លាដែសបានផ្ញើលិខិតទៅឱ្យកាសែត « Financial Times» របស់អង់គ្លេសនៅថ្ងៃទី ១២ ខែសីហា ដើម្បីស្រាយបំភ្លឺចំពោះការដែលកាសែតនេះបានផ្សព្វផ្សាយដោយមួលបង្កាច់ប្រសាសន៍របស់លោកKamal រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបង់ក្លាដែសស្តីពី “ខ្សែក្រវាត់និងផ្លូវ”។ តើភាគីចិនមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?

        លោក Wang Wenbin បានថ្លែងថា   ខ្ញុំបានមើលឃើញការស្រាយបំភ្លឺរបស់លោកKamal រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបង់ក្លាដែសចំពោះការផ្សព្វផ្សាយក្លែងក្លាយនេះ ។ នេះបានបង្ហាញយ៉ាងពេញលេញនូវទំនុកចិត្តរវាងចិននិងបង់ក្លាដែសផង ហើយក៏បានបញ្ជាក់ពីប្រយោគមួយឃ្លាដែលជនជាតិចិនតែងនិយាយថា  «ការពិតមិនបាច់ជជែកប្រកែក   សច្ចធម៌ស្ថិតក្នុងដួងចិត្តមនុស្ស»។

      លោក Wang Wenbin បានបន្តថា   ការពិតបានបង្ហាញម្តងហើយម្តងទៀតថា   អ្វីដែលហៅថា “  អន្ទាក់បំណុលចិន” តាមពិតគឺជា “អន្ទាក់ពាក្យសម្តី”  របស់បុគ្គលមួយចំនួនតូចដែលប៉ុនប៉ងបង្កភាពរំខាន ដើម្បីបំផ្លាញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នារវាងចិននិងប្រទេសកំពុងអភិវឌ្ឍន៍។ គួរបញ្ជាក់ថា  គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ទទួលបានការគាំទ្រជាទូទៅនិងមានការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍   កិច្ចសហប្រតិបត្តិការបាននិងកំពុងទទួលបានផ្លែផ្កាជាច្រើន  ដែលបន្តផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជនគ្រប់ប្រទេស៕

ក្រសួងការបរទេសចិន៖ នៅពីមុខការពិត សម្តីខុសទំនងណាមួយដែលលាបពណ៌គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” នឹងត្រូវលាតត្រដាងដោយស្វ័យប្រវត្តិ