ទស្សនកិច្ចរបស់ឯកឧត្តម Wang Yi នៅកម្ពុជាទទួលបានការគាំទ្រចំពោះគោលការណ៍ «ចិនតែមួយ» ពីបណ្ដាប្រទេសក្នុងតំបន់
ភ្នំពេញ៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា តាមរយៈទស្សនកិច្ចរបស់ ឯកឧត្តម Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន មកកម្ពុជានាពេលថ្មីៗនេះ ទទួលបានការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ «ចិនតែមួយ» ពីបណ្ដាប្រទេសក្នុងតំបន់។
តាមរយៈផេកហ្វេសបុកផ្លូវការ ឯកឧត្តម Wang Wentian បានលើកឡើងថា ចាប់ពីថ្ងៃទី២ដល់៦ ខែសីហា ឯកឧត្តម Wang Yi បានអញ្ជើញបំពេញទស្សនកិច្ច មកកាន់កម្ពុជា និង បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ នេះជាលើកទីមួយដែលកិច្ចប្រជុំពាក់ព័ន្ធថ្នាក់រដ្ឋមន្ត្រីការបរទេស ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាត្រូវបានរៀបចំឡើងដោយផ្ទាល់ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ឯកឧត្តម Wang Yi បានចូលរួមកិច្ចប្រជុំទ្វេភាគីនិងពហុភាគីចំនួន១៩លើក ក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ និងសម្រេចបាន «សមិទ្ធផលផ្លែផ្កាធំៗទាំង៦» ក្នុងនោះ សមិទ្ធផលផ្លែផ្កាទី១ គឺជាការទទួលបានការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ «ចិនតែមួយ» ពីបណ្ដាប្រទេសក្នុងតំបន់ ផងដែរ។
ត្រង់ចំណុចនេះ ឯកឧត្តម Wang Wentian បានរៀបរាប់ថា «បានទទួលការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ «ចិនតែមួយ» ពីបណ្ដាប្រទេសក្នុងតំបន់។ ដំណើរទស្សនកិច្ចរបស់លោកនាលើកនេះស្របពេលដែល លោកស្រី Pelosi កំពុងតែបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ប្រទេសចិន។ នៅក្នុងគ្រប់កិច្ចប្រជុំទាំងទ្វេភាគីនិងពហុភាគី ឯកឧត្តម Wang Yi បានបង្ហាញពីគោលជំហរយ៉ាងមុតមាំរបស់ភាគីចិន ចំពោះទង្វើនៃការបង្កបញ្ហារបស់ភាគីអាមេរិកដែលបានរំលោភបំពានលើអធិបតេយ្យភាពរបស់ចិន លើកឡើងថាទង្វើដ៏អាក្រក់បំផុតនេះដែលបង្កឡើងដោយលោកស្រី Pelosi បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ បានបំពានយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាពចិន បានបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមប្រតិបត្តិទំនាក់ទំនងអន្តរជាតិ។ ការមិនគោរពតាមសន្យា ប្រើល្បិចកលបង្កបញ្ហាដោយចេតនាលើបញ្ហាកោះតៃវ៉ាន់ ប្រទេសចិន មានតែធ្វើឱ្យភាពជឿជាក់របស់អាមេរិកកាន់តែចុះខ្យោយប៉ុណ្ណោះ។
ឯកឧត្តមឯកអគ្គដ្ឋទូតចិនបានបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីគោលជំហរ ហើយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ដោយសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ និង គាំទ្រប្រទេសចិនក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន។
ប្រទេសរ៉ុស្ស៊ី ឡាវ ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម សិង្ហបុរី បង់ក្លាដែស ក្រិក ទួកគី នូវែលសេឡង់ និងប្រទេសដទៃទៀតក្នុងសកម្មភាពទ្វេភាគី និងពហុភាគីនៃកិច្ចប្រជុំបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថានឹងរក្សាបាននូវសន្តិភាព និងស្ថិរភាពនៃបរិយាកាសអន្តរជាតិនិងក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មី អំពីគោលនយោបាយចិនតែមួយ និង អំពាវនាវឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ៕