កងទ័ពកម្ពុជា-ចិន នឹងខិតខំប្រឹងប្រែអនុវត្តឱ្យបានម៉ឺងម៉ាត់តាមកូសង់ស៊ីសំខាន់ៗ ដែលប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នា រួមគ្នាកសាងស្នូលនៃសហគមន៍រួមវាសនាកម្ពុជា-ចិន
ភ្នំពេញ ៖ កងទ័ពកម្ពុជា-ចិន នឹងខិតខំប្រឹងប្រែអនុវត្តឱ្យបានម៉ឺងម៉ាត់តាមកូសង់ស៊ីសំខាន់ៗ ដែលប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នា រួមគ្នាកសាងស្នូលនៃសហគមន៍រួមវាសនាកម្ពុជា-ចិនដើម្បីពង្រឹងការប្រាស្រ័យទាក់ទងទៅវិញទៅមកឱ្យកាន់តែជិតស្និទ្ធនិងស៊ីជម្រៅបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិននៅ កាលពីពេលថ្មីៗកន្លងមកនេះ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ហ្ស៊ី ឈីឡាំង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រព្រឹត្តទៅនៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន ។
នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ហ្ស៊ី ឈីឡាំង បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទនៅប្រទេសចិនលើកនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ។ នាយឧត្តមសេនីយ៍ ហ្ស៊ី ឈីឡាំង បានបញ្ជាក់ទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន មានតាំងពីយូរលុងណាស់មកហើយ ហើយរក្សាបានជាប្រវត្តិសាស្ត្រ និង ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ចំពោះមុននឹងស្ថានភាពប្រែប្រួលឥតឈប់ឈរនៃសកលលោក កងទ័ពចិនប្រកាន់ខ្ជាប់នូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល រួមគ្នាជាមួយនឹងភាគីកម្ពុជាខិតខំប្រឹងប្រែអនុវត្តឱ្យបានម៉ឺងម៉ាត់តាមកូសង់ស៊ីសំខាន់ៗ ដែលប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នា រួមគ្នាកសាងស្នូលនៃសហគមន៍រួម វាសនា កម្ពុជា-ចិន ពង្រឹងការប្រាស្រ័យទាក់ទងទៅវិញទៅមកឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការជាក់ស្តែង រួមគ្នាថែរក្សាស្ថិរភាពតំបន់ និងការពារនូវផលប្រយោជន៍រួមនៃប្រទេសទាំងពីរ រួមគ្នាបើកទំព័រប្រវត្តិសាស្រ្តថ្មីនៃការអភិវឌ្ឍទំនាក់ទំនងកម្រិតខ្ពស់នៃកងទ័ពទាំងពីរក្នុងយុគ្គសម័យថ្មី។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា នៅក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ទោះបីស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ ជាសកល ធ្វើឱ្យកងទ័ពប្រទេសទាំងពីរមិនបានជួបគ្នាដោយផ្ទាល់ក្តី ប៉ុន្តែថ្នាក់ដឹកនាំកងទ័ពទាំងពីរ បានធ្វើការទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ ដើម្បីសាកសួរសុខទុក្ខគ្នាទៅវិញទៅមក ។ កាយវិការដ៏ថ្លៃថ្លានេះ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ នូវចំណងមិត្តភាព សាមគ្គីភាព មនោសញ្ចេតនា និងការគោរពរាប់អានដ៏ស្មោះរបស់កងទ័ព និងប្រជាជនចិន ជូនចំពោះកងទ័ព និងប្រជាជនកម្ពុជា ក្នុងស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលជាមិត្តដែកថែប ស្ថិតស្ថិររឹងមាំជាអមតៈ មិនអាចបំបែកបានឡើយ។
សម្ដេចពិជ័យសេនា បានបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ចនេះទៅកងទ័ពទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំដៅជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យដូចជា យន្តការទំនាក់ទំនង លំហាត់សមយុទ្ធរួមគ្នា ការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យយុទ្ធសាស្ត្រសុខាភិបាលកាន់តែរីកចម្រើន និងស៊ីជម្រៅថែមមួយកម្រិតទៀត រួមចំណែកក្នុងការកសាងសហគមន៍រួម វាសនា កម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធក្នុងយុគសម័យថ្មីនេះ។
សម្ដេចពិជ័យសេនាបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល កងទ័ពនិងប្រជាជនចិនដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋភិបាល កងទ័ព និងប្រជាជនកម្ពុជា បានទាន់ពេលវេលា តាមសំណូមពរចាំបាច់ បានលើកកម្ពស់ចំណងសាមគ្គីភាពជាបងប្អូន និងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកងទ័ពប្រទេស ទាំងពីរកម្ពុជា-ចិន។ តាមរយៈដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ នៅប្រទេសចិនបាននាំមកនូវលទ្ធផលជាផ្លែផ្កាជូនប្រទេសជាតិ និងបានពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ក្រោយវិបត្តិជំងឺកូវីដ-១៩ ៕