ព្រះមហាក្សត្រ និងព្រះវររាជមាតាស្តេច យាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព

2022-08-22 17:09:24
ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព ។

  សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា  សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា  សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមវ៉ាង វិនធៀនឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជារួមនិងឥស្សរជនជាន់ខ្ពស់ ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ 

  ក្នុងពេលនៃព្រះអវត្តមាននេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បំពេញភារកិច្ចថ្វាយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី៕

ព្រះមហាក្សត្រ និងព្រះវររាជមាតាស្តេច យាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព