តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិថ្លែងថា មិនអនុញ្ញាតឱ្យពិភពលោករំកិលទៅរក “សង្គ្រាមត្រជាក់ថ្មី”ជាដាច់ខាត

2022-08-25 17:46:39
ប្រភព:CRI

  លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងក្នុងសន្និសីទបើកចំហស្តីពីបញ្ហាអ៊ុយក្រែននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៤ខែសីហាថា មិនអនុញ្ញាតឱ្យពិភពលោករំកិលទៅរក “សង្គ្រាមត្រជាក់ថ្មី”ជាដាច់ខាត ។

  លោក Zhang Jun បានថ្លែងថា វិបត្តិអ៊ុយក្រែននិងស្ថានការណ៍តានតឹងមួយចំនួនដែលកើតឡើងលើផ្ទៃអន្តរជាតិនៅពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ក្នុងយុគសម័យដែលត្រូវការសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាឆ្លើយតបបញ្ហាប្រឈមនេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះការប៉ុនប៉ងបង្កហេតុឬមានចេតនាបង្កើនការបំបែកបំបាក់និងបដិបក្ខគ្នាណាមួយ ហើយត្រូវការពារស្ថិរភាពយុទ្ធសាស្ត្រសកលឱ្យបានល្អ មិនអនុញ្ញាតឱ្យពិភពលោករំកិលទៅរក “សង្គ្រាមត្រជាក់ថ្មី”ជាដាច់ខាត ។

  លោក Zhang Jun បានថ្លែងទៀតថា បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ អង្គការណាតូបានវាតទីទៅខាងកើតឥតឈប់ឈរ ដែលមិនត្រឹមតែមិនបាននាំមកនូវសន្តិសុខជូនអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងក៏បានបន្សល់ទុកគ្រាប់ពូជនៃជម្លោះទៀតផង ។ មនុស្សជាតិជាសហគមន៍រួមសន្តិសុខដែលមិនអាចបំបែកពីគ្នាបាន ការសម្រេចបាននូវសន្តិសុខរួមគឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសនានាបំផុត ។ សហរដ្ឋអាមេរិកនិងអង្គការណាតូគួរតែពិនិត្យពីតួនាទីរបស់ខ្លួនឡើងវិញ ហើយផ្តោតទៅលើកិច្ចការដែលមានអំណោយផលដល់ការជំរុញសន្តិភាពដ៏ពិតប្រាកដ តែមិនមែនធ្វើរឿងចាក់សាំងលើភ្លើងនោះទេ ៕

តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិថ្លែងថា មិនអនុញ្ញាតឱ្យពិភពលោករំកិលទៅរក “សង្គ្រាមត្រជាក់ថ្មី”ជាដាច់ខាត