ការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្ដាច់បានពីការជួយឧបត្ថម្ភ គាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីមិត្ដចិនបានឡើយ
ភ្នំពេញ៖សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អះអាងថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បានពីការជួយឧបត្ថម្ភ គាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីគណបក្ស រដ្ឋាភិបាល និងប្រជាជនចិនបានឡើយ ដើម្បីអភិវឌ្ឍន៍ប្រទេស និងដោះស្រាយបញ្ហានានា។
ក្នុងពេលពេលអញ្ជើញទទួលជួបជាមួយឯកឧត្តម លីវ ជានចាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នារាជធានីភ្នំពេញ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានរួមវិភាគទានយ៉ាងធំធេង ដល់ការកសាង និងអភិវឌ្ឍកម្ពុជា ដោយសម្តេចបញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បានពីការជួយឧបត្ថម្ភគាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីគណបក្ស រដ្ឋាភិបាល និងប្រជាជនចិនបានឡើយ។ ជំនួយគាំទ្ររបស់ចិន មិនគ្រាន់តែនាំមកនូវការអភិវឌ្ឍកម្ពុជាប៉ុណ្ណោះទេ គឺបានជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់កម្ពុជាទៀតផង ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេស បន្តប្រកាន់ខ្ជាប់ជានិច្ច នូវ «គោលនយោបាយបាយចិនតែមួយ» ឥតងាករេ ហើយចាត់ទុកបញ្ហាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។ កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកស និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ។
សម្តេចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគចិននៅកម្ពុជា មានកំណើនជាលំដាប់ ។ សម្តេចសង្ឃឹមថា មិត្តចិននឹងជួយជំរុញវិនិយោគគិនចិន មកបណ្តាក់ទុននៅកម្ពុជា ជាពិសេស លើវិស័យកសិកម្មបែបទំនើប។ សម្តេចបានអរគុណមិត្តចិន ដែលបានយកចិត្តទុកដាក់ បង្កើនការនាំចូលកសិផលពីកម្ពុជា មានអង្ករ ផ្លែឈើ និងផលិតផលនានាពីផ្លែឈើ ដែលនេះជួយយ៉ាងច្រើនដល់កសិករកម្ពុជា៕