មន្ត្រីជាន់ខ្ពស់សភាកម្ពុជា-ចិន ជួបពិភាក្សាការងារទ្វេភាគី តាមប្រព័ន្ធនិម្មិត
កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Wang Chen អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន តាមប្រព័ន្ធនិម្មិត នេះបើតាមការចេញផ្សាយរបស់សភាជាតិនៃកម្ពុជា។
បើតាមប្រភព ឯកឧត្តម ជាម យៀប បានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតនូវការរៀបចំឱ្យមានជំនួបនេះឡើង ដោយសភាប្រជាជនចិន ក្នុងគោលបំណងដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ក្នុងនាមមហាមិត្តចិនជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបរបស់កម្ពុជា។
រីឯ ឯកឧត្តម Wang Chenបានមានប្រសាសន៍លើកឡើងពីចំណងមិត្តភាពដ៏ល្អប្រពៃដែលត្រូវបានកសាងឡើង តាំងពីថ្នាក់ដឹកនាំជំនាន់មុន និងបន្តពង្រឹងរហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន នៃប្រទេសទាំងពីរ ចិន កម្ពុជា និងថាភាគីទាំងពីរអាចជំរុញការអនុវត្តផែនការ នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ការធ្វើទំនើបកម្ម សេដ្ឋកិច្ចឌីជីថល ការផ្តល់វ៉ាក់សាំង ហើយចិននឹងផ្ដល់បទពិសោធន៍ក្នុងការផលិតវ៉ាក់សាំង ដល់ភាគីកម្ពុជា៕