បទអត្ថាធិប្បាយ៖ ជំនួយចិន និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ក្រុមអ្នកជំនាញសេដ្ឋកិច្ច អ្នកវិនិយោគវិស័យឯកជន និងអ្នកវិភាគសង្គមនៅកម្ពុជាបានលើកឡើងដូចគ្នាថា ការផ្ដល់ជំនួយ និងការបណ្តាក់ទុនវិនិយោគរបស់ចិនលើគ្រប់វិស័យនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមជាច័ន្ទបរិបូណ៍រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាអ្នកតាមដានផ្នែកសង្គមបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ប្រទេសកម្ពុជាបានទទួលជំនួយឥតសំណង និងជំនួយផ្សេងៗជាច្រើនទៀតពីបណ្តាប្រទេសជាមិត្ត ដែលនេះជាសច្ចធម៍យើងមិនអាចបដិសេធបានទេ ប៉ុន្តែជំនួយទាំងអស់នោះមិន ទាន់គ្រប់គ្រាន់នូវអ្វីដែលកម្ពុជាត្រូវការសម្រាប់អភិវឌ្ឍនៅឡើយទេ។
ឯកឧត្តមចាត់ទុកថា ប្រទេសចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការផ្ដល់ជំនួយសាង សង់ស្ពានឆ្លងកាត់ទន្លេ អភិវឌ្ឍន៍ផ្លូវ មន្ទីរពេទ្យ និងការផ្ដល់ជំនួយគាំទ្រដល់វិស័យជាច្រើនបម្រើឱ្យការវិនិយោគ ពាណិជ្ជកម្ម ថាមពល ដឹកជញ្ជូន កសិកម្ម និងវិស័យទេសចរណ៍ជាដើម។
សំឡេង៖ « អ៊ីចឹងជំនួយរបស់ចិនគឺបានចូលមកបំពេញ បន្ថែមនូវអ្វីដែលកម្ពុជាត្រូវការ ដែលខ្ញុំអាចឆ្លើយក្តោបបានថាតើចិនបានដើរតួនាទីសំខាន់បែបណាក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត ? វិស័យដឹកជញ្ជូនក៏មានភាគីចូលមកបន្ថែម ដែលជាចំណុចយើងត្រូវការ ។ល។ ភាគីចិនជាផ្នែកមួយដើម្បីបំពេញបន្ថែមចំពោះចំណុចយើងត្រូវការជាចាំបាច់ ហើយយើងត្រូវការឯករាជ្យដោយ ខ្លួនឯង ដូចជាវិស័យថាមពល និងដឹកជញ្ជូនជាដើម»។
ពាក់ព័ន្ធទៅវិស័យនេះដែរ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវេទិកាម្ចាស់អាជីវកម្មកម្ពុជានាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិត កាន់មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិនដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងវិស័យដឹកជញ្ជូនជារឿងចាំបំផុត ក្នុងការជំរុញ និងទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចព្រោះការអភិវឌ្ឍសេដ្ឋកិច្ចនេះ យើងមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ដោយទាមទារឱ្យមានការការតភ្ជាប់ជាមួយប្រទេសក្នុងតំបន់ និងសកលលោក។
សំឡេង៖«អ៊ីចឹងហេដ្ឋារចនា សម្ព័ន្ធទាំងអស់នេះ គឺជាផ្នែកធំសំខាន់បំផុត ដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចព្រោះការជំរុញសេដ្ឋកិច្ចមិនមែនតែយើងម្នាក់ឯងធ្វើទៅបានទេគឺត្រូវការការតភ្ជាប់រវាងសេដ្ឋកិច្ចក្នុងតំបន់អ៊ីចឹងវាគ្មានអ្វីក្រៅពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនេះឱ្យអស់លទ្ធភាពទេត្រូវសហការជាមួយប្រទេសពាក់ព័ន្ធឱ្យបានលឿនបំផុត»។
លោកកឹម អឿនស្ថាបនិក និងអគ្គនាយកសហគ្រាសអប់រំហូមឌូខេសិនមានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនមកពីប្រទេសចិនវិនិយោគនោះគឺជាហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់ជួយដល់ការអភិវឌ្ឍផ្នែកដឹកជញ្ជូនរបស់ប្រទេសកម្ពុជា ហើយច្រកទាំងអស់នោះគឺជាដង្ហើមសេដ្ឋកិច្ច។
របាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចនៅកម្ពុជារបស់ធនាគារពិភពលោកបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន៤,៥ភាគរយក្នុងឆ្នាំ២០២២ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ ដោយ សារតែការឡើងថ្លៃនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក។
តែយ៉ាងនាក៏ដោយ “យុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” ក៏បានបង្កលក្ខណៈឱ្យសេដ្ឋកិច្ចមានដំណើរការឈានទៅស្តារស្ថានភាពឡើងវិញ។ ពោលគឺនៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងមានកំណើនជាមធ្យម៦ភាគរយក្នុងមួយឆ្នាំដោយសារអំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាដើម៕