ក្រសួងការពារជាតិចិនផ្តល់ជំនួយឥតសំណង ជារថយន្តទំនើបចំនួន១៥០គ្រឿង និងសម្ភារការិយាល័យជាច្រើនទៀត ជូនក្រសួងការពារជាតិកម្ពុជា
ភ្នំពេញ៖ ក្រសួងការពារជាតិចិនបានផ្តល់ជំនួយឥតសំណងជារថយន្ត ទំនើបៗចំនួន១៥០គ្រឿង និងសម្ភារការិយាល័យជាច្រើនផ្សេង ជូនដល់ក្រសួងការពារជាតិកម្ពុជា។
ពិធីប្រគល់និងទទួលនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្តេច ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១ កញ្ញា ២០២២ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា និងមន្ត្រីយោធា និងស៊ីវិលចិនជាច្រើនរូបទៀត ព្រមទាំងនាយទាហាន ពលទាហានជាច្រើនរូប។
ឯកឧត្តម Wang Wentian បានមានប្រសាសន៍ថា ចិននិងកម្ពុជាបានកសាងសហគមជោគវាសនារួមមុនគេ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ពង្រឹងនិងពង្រីកទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាបន្តបន្ទាប់ ហើយចំណងមិត្តភាពរវាងប្រទេសទាំងពីរបានឈានឡើងដល់កម្រិតកំពូល។
ឯកឧត្តមបន្តថា ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជា ជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយម្ចាស់ការ គំាទ្រយ៉ាងមុតមាំចំពោះការកសាងទ័ពនិងខឿនការពារជាតិកម្ពុជា។
ឯកឧត្តមបន្ថែមថា ការផ្តល់ជំនួយទាំងនេះគឺជាសកម្មភាពជាក់ស្តែងដែលក្រសួងការពារជាតិចិនជួយគាំទ្រ ដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្តី្រការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយភាគីចិនសង្ឃឹមទៅមុខថា កម្ពុជានឹងដើរតួនាទីកាន់តែសកម្ម និងកាន់តែសំខាន់ ក្នុងកិច្ចការសន្តិសុខតំបន់ ហើយគោលដៅចិន គឺនឹងអនុវត្តយ៉ាងម៉ឺងមាត់នូវគំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលលើកឡើងដោយប្រធានរដ្ឋចិន Xi Jinping ប្រគៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ជំរុញកិច្ចសហប្រតិបត្តិការគាំពារស្ថេរភាពតំបន់និងផលប្រយោជន៍រួម អភិវឌ្ឍន៍ទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ ប្រកបដោយគុណភាពខ្ពស់ ក្នុងយុគសម័យថ្មី។
ជាមួយគ្នានេះ សម្តេច ទៀ បាញ់ បានបង្ហាញសេចក្តីសប្បាយរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលឆ្លុះបញ្ចាំងនូវការប្ដេជ្ញាចិត្តយ៉ាងមោះមុត របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ នៅក្នុងការងារការពារជាតិ និងលើកស្ទួយចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងឋានៈជាមិត្តដែកថែប ឱ្យគង់វង្ស និងរីកម្រើនជានិច្ចតរៀងទៅ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា សម្រាប់ ស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាក ប្រកបដោយឆន្ទៈ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងបុព្វហេតុកសាង ថែរក្សាសន្តិភាព ស្ថិរភាព មិត្តភាពរឹងមាំយូរអង្វែង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ លើសពីនេះ សម្តេចទៀ បាញ់ ក៏បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ក្រសួងការពារជាតិកម្ពុជា ក្នុងកាគាំទ្រឥតងាករេចំពោះនយោបាយ ចិនតែមួយ និងចក្ខុវិស័យសហគមន៍វាសនារួម ចិន និងកម្ពុជា។
សម្តេច ទៀ បាញ់ បានមានប្រសាសន៍ថា ក្រសួងការពារជាតិ ក៏ដូចជា កងយោធពលខេមរភូមិន្ទទាំងមូល មានមោទនភាពជាអនេក ទទួលបាននូវសម្ភារផ្នែកដឹកជញ្ជូន ផ្នែកបញ្ជូនសារជាសម្ភារការិយាល័យ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន នាពេលនេះ។ តាមរយៈឯកឧត្តម ឯកឧត្តម Wang Wentian សម្តេចសូមថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រីការពារជាតិចិន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសំណើ របស់ក្រសួងពារជាតិកម្ពុជា។ ក្នុងនាមក្រសួងការពារជាតិកម្ពុជា និងកងយោធលពលខេមរភូមិន្ទ សម្តេចសូមសម្តែងនូវការដឹងគុណចំពោះក្រសួងការពារជាតិចិន កងទ័ពរំដោះប្រជាជនចិន សម្រាប់ការជំរុញឲ្យមានផ្លែផ្កានៃកិច្ចសប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ និងផ្តល់ផលប្រយោជន៍សម្រាប់កម្ពុជា។
សម្តេចបញ្ជាក់ដែរថា សម្ភារទាំងអស់នេះពិតជាមានតម្លៃថ្លៃបានក្នុងពេលក្រសួងការពារជាតិកម្ពុជាកំពុងត្រូវការចាំបាច់បំផុត សម្រាប់បម្រើឲ្យការងារទំនាក់ទំនងបរទេសផ្នែកយោធា ជាពិសេស ក្នុងពេលដែលក្រសួងការពារជាតិកម្ពុជា កំពុងមមាញឹកក្នុងការបំពេញតួនាទីដឹកនាំ ក្នុងឋានៈជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ។ មិនត្រឹមតែប៉ុណ្ណោះទេ សម្ភារដ៏មានតម្លៃទាំងអស់នេះ ក៏អាចនឹងយកទៅប្រើប្រាស់ក្នុងកិច្ចការសំខាន់ៗ ជាលក្ខណៈអន្តរជាតិផ្សេងៗទៀត។
លោក Tang Hao សេនានុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិបានអញ្ជើញចុះហត្ថលេខា លើលិខិតប្រគល់និងទទួលសម្ភារទាំងនេះ ក្រោមការអញ្ជើញជាសាក្សី ពីសំណាក់ សម្តេច ទៀ បាញ់ និងឯកឧត្តម Wang Wentian និងមានការប្រគល់កូនសោរថយន្ត ជានិមិត្តរូប តំណាងឲ្យរថយន្តទាំង១៥០គ្រឿង ផងដែរ។ ក្នុងពេលនោះ គណប្រតិភូក៏បានអញ្ជើញពិនិត្យសម្ភារទាំងនោះផងដែរ ក្នុងបរិយាកាសរីករាយ៕