ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនជំរុញប្រជាកសិករ ដាំដំណាំកសិឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារចិន

2022-09-02 15:32:05
ប្រភព:វិទ្យុជាតិកម្ពុជា

  ប៉ៃលិន៖ លោក សាយ សុផាត បានបញ្ជាក់នៅចំពោះមុខកសិករដាំដំណាំតាង៉ែន ហៅថា( មៀនប៉ៃលិន)និងស្វាយកែវរមៀតនៅខេត្តប៉ៃលិនថា កសិករត្រូវតែអនុវត្តកសិកម្មល្អ(កម្ពុជា) Cam-GAP តាមលក្ខខណ្ឌតម្រូវ ដើម្បីនាំផ្លែតាង៉ែន និងស្វាយកែវរមៀត ទៅកាន់ទីផ្សារក្រៅប្រទេស ខណៈទីផ្សារប្រទេសចិន កំពុងមានតម្រូវការខ្ពស់ ក្នុងការទទួលយកកសិផល របស់កម្ពុជាយើង។ 

  ការថ្លែងបែបនេះរបស់លោកប្រធានមន្ទីរកសិកម្មខេត្តក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មល្អ-កម្ពុជា (Cam-GAP) ដល់កសិករជាម្ចាស់ចម្ការមៀនប៉ៃលិន និងស្វាយក្នុងខេត្តប៉ៃលិន នៅមន្ទីរកសិកម្មខេត្តនាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ។  លោក សាយ សុផាត បានណែនាំឱ្យប្រជាកសិករនៅខេត្តប៉ៃលិនទាំងអស់ នាំគ្នាដាំដុះប្រភេទដំណាំកសិឧស្សាហកម្មឱ្យបានច្រើនហើយអនុវត្តការដាំដុះ ការប្រើប្រាស់ជី និងការថែទាំតាមស្តង់ដារកសិកម្ម ព្រោះដំណាំប្រភេទនេះរួមមាន( ផ្លែមៀនប៉ៃលិន-ផ្លែស្វាយ) មានតម្រូវការខ្ពស់នៅទីផ្សារប្រទេសចិន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដុតដៃដុតជើង ចរចានាំយកកសិផលទាំងនោះចូលទីផ្សារប្រទេសចិនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដូច្នេះ ក្នុងនាមជាប្រជាកសិករក្នុងស្រុក ត្រូវអនុវត្តយន្តការ ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយមានការជំរុញឱ្យមានទីតាំងសហគមន៍ និងឃ្លាំងកន្លែងប្រមូលផ្ដុំ ផ្លែមៀន ឬផ្លែតាង៉ែន ក៏ដូចជាស្វាយកែវរមៀត ពិសេស ការគ្រប់គ្រងទិន្នន័យ ផ្ទៃដីដាំដុះ ដំណាំទាំង២នេះ ឱ្យបានត្រឹមត្រូវ និងមានភាពច្បាស់លាស់ ។ 

  លោកប្រធានមន្ទីរបានគូសបញ្ជាក់ផងដែរថា៖ ម្ចាស់ចម្ការទាំងអស់ ត្រូវតែទទួលការបណ្តុះបណ្តាល លើការអនុវត្តកសិកម្មល្អកម្ពុជា ហៅកាត់ថា Cam-GAP ក្នុងការចុះបញ្ជីចម្ការ ដើម្បីគ្រប់គ្រងបាននូវទិន្នន័យនៃមុខដំណាំនីមួយៗ និងការជំរុញដល់ម្ចាស់ចម្ការ ដែលទទួលបានវគ្គបណ្ដុះបណ្ដាល Cam-GAP នេះរួចរាល់និងច្បាស់លាស់ ត្រូវបានចុះបញ្ជី និងការរៀបចំឯកសារចម្ការរបស់ពួកគាត់ ដើម្បីឱ្យមន្ត្រីជំនាញបច្ចេកទេសចុះវាយតម្លៃតាមលក្ខខណ្ឌតម្រូវ និងទទួលបានវិញ្ញាបនប័ត្រអនុវត្តកសិកម្មល្អដើម្បីភាពងាយស្រួលដល់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ 

  បើតាមលោក លន់ វណ្ណី អនុប្រធានការិយាល័យលើកកម្ពស់គុណភាពនិងសុវត្ថិភាពផលិតផលកសិកម្មនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យបានធ្វើបទបង្ហាញស្តីពី ការអនុវត្តកសិកម្មល្អកម្ពុជា (Gam-GAP) និងនីតិវិធីនៃការផ្ដល់វិញ្ញាបនបត្រកសិកម្មកម្ពុជា ហើយក៏បានណែនាំបន្ថែម ដល់កសិករទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកសិកម្មល្អកម្ពុជា តាមលក្ខខណ្ឌតម្រូវ ដើម្បីនាំផ្លែតាង៉ែន និងស្វាយកែវរមៀតទៅកាន់ទីផ្សារប្រទេសចិន ដែលទាំងនេះ គឺជាការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីជួយស្វែងរកទីផ្សារកសិផលជូនប្រជាកសិករដែលកំពុងដាំដុះ ដែលកន្លងមក ជួបនូវបញ្ហាកង្វះទីផ្សារនាំចេញ។

  តាមរបាយការណ៍របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងផងដែរថាៈ ចំពោះដំណាំការ ដាំ មៀន ប៉ៃលិន កំពុង កើន ឡើងខ្ពស់ ដោយ មាន ផ្ទៃដីដាំជាង ១៣,៦០៨ ហិកតា នៅ ទូទាំង ប្រទេស ហើយ ភាគ ច្រើន ដាំ នៅ ខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្ត បន្ទាយមានជ័យ ក្នុង នោះ ផ្ទៃដី ប្រមូល ផល មាន ៨ពាន់ ហិកតា ដោយ ១ហិកតា ទទួល បាន ផល ពី ១៥ ទៅ ២០តោន។ ក្នុង ១ឆ្នាំៗ ទិន្នផល មៀន ប៉ៃលិន ប្រមូល ផលបាន ជាង ១០ ម៉ឺន តោនផងដែរ៕

ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនជំរុញប្រជាកសិករ ដាំដំណាំកសិឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារចិន