គំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវបង្កើតឡើងចិនគឺជាកាតាលីករថ្មី សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា

2022-09-05 17:26:47
ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិនគឺជាកាតាលីករថ្មី សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ពិភពលោក និងជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការពិភពលោក លើវិស័យជាច្រើន ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់កម្ពុជា។

  ឯកឧត្តម លឹម ស៊ីដេនីន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៧ នៅទីក្រុងហុងកុង ក្រោមប្រធានបទ៖ “ឆ្ពោះទៅកាន់ទំព័រថ្មី កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍” ដោយមានការចូលរួមពីបណ្តារដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងបណ្តាក្រុមហ៊ុនវិនិយោគធំៗជុំវិញពិភពលោក ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា កម្ពុជាបានទទួលផលប្រយោជន៍ យ៉ាងច្រើនពីគំនិតផ្ដួចផ្តើមនេះ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ព្រមទាំងជំរុញការតភ្ជាប់ក្នុងប្រទេស និងក្នុងតំបន់ ដើម្បីបង្កើនប្រសិទ្ធភាពការដឹកជញ្ជូន និងធ្វើឱ្យប្រសើរឡើងនូវវិស័យភស្តុភារកម្មរបស់កម្ពុជា។ ក្រៅពីការជំរុញការតភ្ជាប់ សង្គម វប្បធម៌ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ឯកឧត្តមបានបន្ថែមថា គំនិតផ្ដួចផ្តើមខាងលើ ក៏បានជួយកម្ពុជាក្នុងការពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាតិទៅក្នុងតំបន់ផងដែរ។ 

  ឯកឧត្តមរដ្ឋលេខាធិការ ក៏បាន ដកស្រង់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា “ទីណាមានផ្លូវ ទីនោះមានសង្ឃឹម” ដូចគ្នាទៅនឹងសុភាសិតមួយឃ្លារបស់ចិន ដែលនិយាយថា “ប្រសិនបើចង់មានបាន ត្រូវធ្វើផ្លូវមុន”។ 

  បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មហាមិត្តចិន ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាតាំងពីដើមរហូតមក។

  គំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មអន្តរជាតិ។

  សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ ចែករំលែក ផ្លាស់ប្ដូរយោបល់ និងទស្សនវិស័យអំពីឱកាសធុរកិច្ច និងវិនិយោគលើវិស័យជាច្រើន រួមមានការពង្រីកកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិលើផ្នែកពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដោយជំរុញបណ្តាញទំនាក់ទំនងផ្គូផ្គងធុរកិច្ច និងការបង្កើតភាពជាដៃគូ៕

គំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវបង្កើតឡើងចិនគឺជាកាតាលីករថ្មី សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា