ពិធីបុណ្យសែនព្រះខែក្នុងទំនាក់ទំនងប្រពៃណីរវាងប្រជាជាតិកម្ពុជានិងចិន

2022-09-07 17:31:28
ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសិក្សាសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌មានរៀបចំពិធីបុណ្យសែនព្រះខែក្នុងទំនាក់ទំនងប្រពៃណីរវាងប្រជាជាតិកម្ពុជានិងចិន។

  លោក តន់ សុវណ្ណឧត្តម នាយកសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលតែងបានគាំទ្រជាប់ជានិច្ចដល់កិច្ចសហការរវាងសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងបេសកកម្មចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅក្នុងការរៀបចំវេទិកាវិទ្យាសាស្រ្តចំហ សន្និសីទ និងសិក្ខាសាលានានាទាក់ទងនឹងចំណងមេត្រីភាពរវាងវប្បធម៌នៃប្រជាជាតិកម្ពុជានិងចិន ហើយថ្ងៃនេះជាសក្ខីភាពនៃសកម្មភាពដែលសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសហការក្នុងការបង្កើនពុទ្ធិនិងបទពិសោធន៍ស្តីពីពិធីបុណ្យសែនព្រះខែ។ ជាមួយគ្នាផងដែរ លោកក៏បានបន្តលើកទឹកចិត្តដល់សមាគមក្នុងកិច្ចទំនាក់ទំនងជាមួយបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិនក្នុងការសម្របសម្រួលដល់មន្ត្រីដែលបម្រើការងារនៅសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ក្នុងការបំពេញទស្សនកិច្ចនៅប្រទេសចិន។

  ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមប្រមាណ៤០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនៃសមិទ្ធផលការងាររបស់សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ ហើយលោកបណ្ឌិតនឹងបន្តគោរពតាមការណែនាំរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការផ្តល់ឱកាសដល់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលបានចូលរួមនៅក្នុងចរន្តនៃការរីកចម្រើនរបស់សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌។ ដោយឡែក ទាក់ទងនឹងប្រធានបទនារសៀលនេះ លោកបណ្ឌិតបានគូសបញ្ជាក់ថា ពិធីបុណ្យសែនព្រះខែប្រពៃណីជនជាតិចិន មានអាយុកាលប្រមាណជិត៥០០០ឆ្នាំនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដោយពិធីនេះជាពិធីធំលំដាប់ទី២បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន។ ពិធីបុណ្យសែនព្រះខែបានបញ្ជាក់ពីគោលបំណងសំខាន់នៃជំនួបរវាងសមាជិកគ្រួសារនិងសាច់ញាតិរួមទាំងមិត្តភក្តិផងដែរ។ លើសពីនេះ ពិធីនេះក៏បានរំលេចពីសុខដុមនីយកម្មនៅក្នុងសង្គមចិនដែលគ្របដណ្តប់ដោយពហុជំនឿនិងពហុសាសនា។ នៅក្នុងបទបង្ហាញនាថ្ងៃនេះ លោកបណ្ឌិតក៏បានលាតត្រដាងនូវទំនាក់ទំនងរវាងប្រជាជាតិកម្ពុជានិងចិននៅក្នុងការប្រារព្ធពិធីបុណ្យសែនព្រះខែ ដោយផ្សារភ្ជាប់នឹងសាសនាសំខាន់ចំនួន៣ (សាសនាព្រះពុទ្ធ សាសនាតាវ និង សាសនាខុងជឺ) និងទស្សនវិទូសំខាន់ចំនួន៥ (ព្រះពុទ្ធ ឡៅជឺ ខុងជឺ ស៊ុនជឺ និង ហានហ្វៃជឺ)។

  កញ្ញា នឿង សុខា ដែលជាសិក្ខាមន្ត្រីរាជការដែលបានចូលរួមនៅក្នុងបទបាឋកថានេះ បានយល់ដឹងកាន់តែស៊ីជម្រៅពីវប្បធម៌របស់ប្រទេសចិនដែលកំពុងជះឥទ្ធិពលដល់សង្គមនិយមតាមបែបផែនចិន និងតាមរយៈពិធីសែនព្រះខែប្រពៃណីជនជាតិចិនបានរួមចំណែកដល់យន្តការពហុភាគីក្នុងចរន្តពហុជំនឿនិងពហុសាសនាដើម្បីទទួលយកនូវគំរូភាពនៃសុខដុមនីយកម្មរបស់ប្រជាជាតិចិនក្នុងការចងភ្ជាប់បេះដូងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន៕

ពិធីបុណ្យសែនព្រះខែក្នុងទំនាក់ទំនងប្រពៃណីរវាងប្រជាជាតិកម្ពុជានិងចិន