រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ចិនទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនស្រស់កម្ពុជាចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨

2022-09-08 17:59:26
ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លើក ឡើងថា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ( GACC )បានអនុម័តទទួល ស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនចំនួន៧៤ និងរោង ចក្រវេចខ្ចប់ចំនួន៨ ដែលបានចុះបញ្ជីនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២២ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំរួចមក ។

  យោងតាមហ្វេកប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានលើកឡើងថា រោងចក្រវេចខ្ចប់ដែលបានអនុម័តទទួលស្គាល់ជាផ្លូវការទាំង៨  រួមមាន ៖

  ១-ក្រុមហ៊ុន BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD;

  ២-ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO., LTD;

  ៣-ក្រុមហ៊ុន TCMC CO., LTD;

  ៤-ក្រុមហ៊ុន CAMBODIAN BANANA AGRICULTURAL CO., LTD;

  ៥-ក្រុមហ៊ុន GAO YUAN (CAMBODIA) DEVELOPMENT CO., LTD;

  ៦-ក្រុមហ៊ុន AL JAZEELAN FOOD PTE. LTD; ៧-ក្រុមហ៊ុន JIA DUO BAO BEVERAGE CO., LTD

  ៨-ក្រុមហ៊ុន JINDIYUAN AGRICULTURAL DEVELOPMENT CO., LTD ។

  សូមរំលឹកថា ក្នុងគោល បំណងដើម្បីជំរុញការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណ រដ្ឋប្រជាមានិតចិន (GACC) តាំងពីដើមឆ្នាំ២០១៩ ហើយរហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ទើបទទួលបានការឯកភាព និងចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ នៅក្នុងខ្លឹមសារនៃពិធីសារបានកំណត់ថា មៀនដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការមៀនដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងមែកជាប់នឹងផ្លែមៀនត្រូវមានប្រវែងមិនលើសពី១៥ សង់ទីម៉ែត្រ ព្រមទាំងត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់សមាសភាពចង្រៃដើម្បីធានាថា ផ្លែមៀនស្រស់ទាំង នោះពុំជាប់ជាមួយនូវសមាស ភាពចង្រៃភូតគាម អនាម័យដូចមានចែងក្នុងពិធីសារ ។

  ក្នុងនោះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការមៀននិងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួន៧៤ក្រុមហ៊ុនឬ ម្ចាស់ចម្ការ ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានកសិកម្ម ក៏បាននិងកំពុងបន្តទទួល ពាក្យស្នើសុំចុះបញ្ជីចម្ការមៀនជាបន្តបន្ទាប់ថែមទៀតផងដែរ។

  កន្លងមកនេះ អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្រ្តីជំនាញចុះតម្រង់ទិសខាងបច្ចេក ទេស ពិនិត្យ និងវាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន ព្រមទាំងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ ដោយបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់សមាសភាពចង្រៃ ហើយបានផ្ញើជូន GACC កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ និងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ដើម្បីស្នើសុំធ្វើការត្រួតពិនិត្យលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

 

  សូមបញ្ជាក់ថា ផ្លែមៀនស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី៣ បន្ទាប់ពីផ្លែចេកស្រស់និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់ ។ នេះគឺជាសមិទ្ធផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជា ណាចក្រកម្ពុជានិងសាធារណ រដ្ឋប្រជាមានិតចិន ៕

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ចិនទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនស្រស់កម្ពុជាចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨