ភាគីចិនគូសបញ្ជាក់ថា ការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែននឹងមិនអាចនាំមកនូវសន្តិភាពនោះទេ

2022-09-09 16:32:58
ប្រភព:CRI

  កាលពីថ្ងៃទី៨ខែកញ្ញា លោក Geng Shuang តំណាងរងនៃប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅពេលក្រុមប្រឹក្សាសន្តិសុខពិនិត្យពិភាក្សាអំពីបញ្ហារាលដាលនៃសព្វាវុធនៅអ៊ុយក្រែន ដោយគូសបញ្ជាក់ថា ការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែននឹងមិនអាចនាំមកនូវសន្តិភាពនោះទេ ។

  លោកបានថ្លែងថា វិបត្តិអ៊ុយក្រែនដែលអូសបន្លាយអស់រយៈពេលជាង៦ខែបានបញ្ជាក់យ៉ាងពេញលេញថា កាំភ្លើង គ្រាប់ផ្លោងនិងគ្រាប់កាំភ្លើងបាននាំមកនូវការឈឺចាប់យ៉ាងខ្លាំងដល់មនុស្សជាតិ ។ គិតមកទល់បច្ចុប្បន្ននេះ ការបាញ់ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតំបន់នានានៅតែបន្តទៀត ហើយសព្វាវុធនិងគ្រាប់កាំភ្លើងកាន់តែច្រើនបានត្រូវបញ្ជូនទៅសមរភូមិ ដែលបង្កជាការព្រួយបារម្ភចំពោះការប៉ះទង្គិចរយៈពេលយូរនិងរីកធំ ។

  លោក Geng Shuang បានថ្លែងទៀតថា ភាគីចិនបានផ្តួចផ្តើមគំនិតជាប់រហូតមក គឺការចរចានិងការសន្ទនាទើបជាវិធីដ៏ប្រាកដប្រជានិងអាចអនុវត្តបានក្នុងការដោះស្រាយវិបត្តិ ។ ភាគីពាក់ព័ន្ធនានាគួរតែរក្សាការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរ ទុកចន្លោះសម្រាប់ការចរចាការទូត និងបង្កលក្ខខណ្ឌសម្រាប់ដោះស្រាយវិបត្តិដោយវិធីនយោបាយ ក៏ដូចជាខិតខំប្រឹងប្រែងដើម្បីសម្រេចការឈប់បាញ់គ្នាក្នុងពេលឆាប់ៗ ៕

ភាគីចិនគូសបញ្ជាក់ថា ការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែននឹងមិនអាចនាំមកនូវសន្តិភាពនោះទេ