អ្នកជំនាញនៃធនាគារគំនិតរបស់សហរដ្ឋអាមេរិក កោតសរសើរពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក្រសួងការបរទេសចិនឆ្លើយតបថា ស្វាគមន៍ដៃគូកាន់តែច្រើនចូលរួមក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមនេះ

2022-09-22 18:55:54
ប្រភព:CRI

  កាលពីថ្ងៃទី២១ ខែកញ្ញា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល បានប្រកាន់ខ្ជាប់នូវស្មារតីភាពជាដៃគូដែលបើកចំហ និងប្រកបដោយបរិយាប័ន្ន ប្រទេសចិនសូមស្វាគមន៍ដៃគូដែលរួមទាំងប្រទេសអភិវឌ្ឍន៍ផងមកចូលរួមក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមនេះ ដើម្បីរួមគ្នាលើកកម្ពស់បុព្វហេតុអភិវឌ្ឍន៍សកលឱ្យឈានដល់កម្រិតថ្មី។

  យោងតាមការផ្សាយដំណឹងឱ្យដឹងថា មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីយុទ្ធសាស្ត្រនិងបញ្ហាអន្តរជាតិ (CSIS) នៃធនាគារគំនិតរបស់សហរដ្ឋអាមេរិកបានរៀបចំសិក្ខាសាលាតាមអនឡាញមួយស្តីពី "គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលថ្មី"។ មានអ្នកជំនាញបានថ្លែងនៅក្នុងសិក្ខាសាលានេះថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលគឺផ្តើមចេញពីការពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដែលនឹងជួយឱ្យកម្លាំងអភិវឌ្ឍន៍នៅទូទាំងសកលលោកបង្កើនសាមគ្គីភាព និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានអភិវឌ្ឍន៍ និងដើរស្របជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ បណ្តាប្រទេសលោកខាងលិចមិនគួរបដិសេធចោលទាំងស្រុងនោះទេ ប៉ុន្តែគួរតែធ្វើការទាក់ទងនិងសម្របសម្រួលជាមួយប្រទេសចិន ដើម្បីធានាឱ្យគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលអាចដើរតួនាទីយ៉ាងពិតប្រាកដ។

អ្នកជំនាញនៃធនាគារគំនិតរបស់សហរដ្ឋអាមេរិក កោតសរសើរពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក្រសួងការបរទេសចិនឆ្លើយតបថា ស្វាគមន៍ដៃគូកាន់តែច្រើនចូលរួមក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមនេះ