មន្ត្រីកុងស៊ុលម្នាក់របស់ជប៉ុនត្រូវចាប់ខ្លួន និងតម្រូវឱ្យចាកចេញពីដែនរុស្ស៊ីក្នុងរយៈពេល៤៨ម៉ោង

2022-09-28 17:57:16
ប្រភព:CRI

  ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃទី២៦ខែកញ្ញាថា ទីភ្នាក់ងាររបស់ខ្លួនបានចាប់ខ្លួនមន្ត្រីកុងស៊ុលមួយរូបនៃស្ថានអគ្គកុងស៊ុលជប៉ុនប្រចាំនៅក្រុង Vladivostok ។ មន្ត្រីកុងស៊ុលរូបនេះប៉ុនប៉ងយកព័ត៌មានដែលដាក់កំហិតមិនឱ្យផ្សព្វផ្សាយ ។ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ថា មន្ត្រីកុងស៊ុលរូបនេះជា “បុគ្គលមិនត្រូវបានស្វាគមន៍”ទេ ហើយតម្រូវឱ្យចាកចេញពីរុស្ស៊ីក្នុងរយៈពេល៤៨ម៉ោង ។ ភាគីជប៉ុនបានសម្តែងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការនេះ ។

  កាលពីថ្ងៃទី២៧ខែកញ្ញា វេបសាយ NHK របស់ជប៉ុនបានលើកឡើងថា ថ្ងៃដដែល លោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុនបានបដិសេធពីការដែលមន្ត្រីការទូតរូបនេះធ្វើសកម្មភាពចារកម្ម ហើយរិះគន់ទង្វើរបស់ភាគីរុស្ស៊ីថា បានល្មើសយ៉ាងច្បាស់និងធ្ងន់ធ្ងរទៅនឹងអនុសញ្ញាវីយ៉ែននិងសន្ធិសញ្ញាមន្ត្រីកុងស៊ុលរវាងជប៉ុននិងសូវៀតផងដែរ ។ លោកសម្តែងការសោកស្តាយនិងមិនអាចទទួលបានចំពោះការនេះ ហើយលើកការតវ៉ាយ៉ាងខ្លាំង ៕

មន្ត្រីកុងស៊ុលម្នាក់របស់ជប៉ុនត្រូវចាប់ខ្លួន និងតម្រូវឱ្យចាកចេញពីដែនរុស្ស៊ីក្នុងរយៈពេល៤៨ម៉ោង