ចិនដាក់ចេញគោលនយោបាយលំនឹងសេដ្ឋកិច្ចជុំថ្មី ដើម្បីជួយសហគ្រាសដោះស្រាយការលំបាក ក្រសួងពាណិជ្ជកម្មចិនថ្លែងថា មានជំនឿចិត្តសម្រេចបាននូវកំណើនវិជ្ជមានលើវិស័យពាណិជ្ជកម្មជាមួយក្រៅប្រទេសនៅឆមាសទីពីរឆ្នាំនេះ
ថ្ងៃទី២៧ ខែកញ្ញា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទជាប្រចាំស្តីពីការដាក់ចេញគោលនយោបាយ ដោយបានលើកឡើងពីសភាពការណ៍ពាក់ព័ន្ធការលំនឹងការអភិវឌ្ឍពាណិជ្ជកម្មជាមួយក្រៅរបស់ប្រទេស ។ ប្រទេសចិនបានដាក់ចេញគោលនយោបាយនិងវិធានការ “លំនឹងសេដ្ឋកិច្ចជាមួយក្រៅប្រទេស”ជុំថ្មីចំនួន៦ចំណុច លើវិស័យធុរកិច្ចអេឡិចត្រូនិចឆ្លងដែនជាដើម ។ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ពិតមែនតែប្រឈមនឹងភាពមិនប្រាកដប្រជាគ្រប់បែបយ៉ាងក្តី ប៉ុន្តែប្រទេសចិននៅតែមានជំនឿចិត្តអាចសម្រេចបាននូវកំណើនវិជ្ជមានលើវិស័យពាណិជ្ជកម្មជាមួយក្រៅប្រទេសនៅឆមាសទីពីរឆ្នាំនេះ ។
លោក Wang Shouwen អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា យើងនឹងបន្តជ្រោងទង់នៃការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយសេរីភាពនិងបើកទូលាយជាបន្តទៀត ប្រកាន់ខ្ជាប់ការបើកទូលាយចំពោះបរទេស គាំទ្រសហគ្រាសចិននាំចេញផលិតផល និងផ្គត់ផ្គង់ទំនិញនិងសេវាកម្មដែលមានគុណភាពនិងតម្លៃសមរម្យដល់ទីផ្សារពិភពលោកផង ហើយក៏ស្វាគមន៍ទំនិញនិងសេវាកម្មរបរទេស ព្រមនិងសហគ្រាសបរទេសមកស្វែងរកឱកាសអភិវឌ្ឍន៍នៅទីផ្សារចិនផង ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការរួមនិងឈ្នះ-ឈ្នះ ៕