វេទិកាជាន់ខ្ពស់អំពីការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងចិននិងអាហ្សង់ទីនបានប្រារព្ធធ្វើនៅក្រុងប៉េកាំង
កាលពីថ្ងៃទី២៨ខែកញ្ញា វេទិកាជាន់ខ្ពស់អំពីការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងចិននិងអាហ្សង់ទីនបានប្រារព្ធធ្វើនៅក្រុងប៉េកាំង ។ វេទិកានេះគឺរួមគ្នារៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងការិយាល័យរដ្ឋលេខាធិការទទួលបន្ទុកប្រព័ន្ធសារព័ត៌មានសាធារណៈរបស់អាហ្សង់ទីន ដែលជាសកម្មភាពដ៏សំខាន់មួយដើម្បីអបអរសាទរខួបទី៥០នៃការបង្កើតសម្ព័ន្ធផ្លូវទូតរវាងចិននិងអាហ្សង់ទីននិងឆ្នាំសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងអាហ្សង់ទីនឆ្នាំ២០២២ ។
លោក Santiago Cafiero រដ្ឋមន្ត្រីក្រសួងការបរទេស ពាណិជ្ជកម្មអន្តរជាតិធម្មការនិងសាសនារបស់អាហ្សង់ទីនបានលើកឡើងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ក្នុងឱកាសខួបទី៥០នៃការដែលអាហ្សង់ទីននិងចិនបង្កើតសម្ព័ន្ធផ្លូវទូត កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរក្នុងគ្រប់វិស័យរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍទៅមុខយ៉ាងស៊ីជម្រៅ ។ ក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការមួយចំនួនដែលភាគីទាំងពីរអាហ្សង់ទីននិងចិនបានឈានដល់នឹងបង្កើនសុខសុភមង្គលរបស់ប្រជាជនអាហ្សង់ទីនឥតឈប់ឈរ ដើម្បីជំរុញការកសាងពិភពលោកដែលកាន់តែប្រកបដោយសន្តិភាពនិងយុត្តិធម៌ ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធាននិងនិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញថា សារលិខិតជូនពររបស់លោកប្រធានរដ្ឋចិន Xi Jinping និងលោក Fernández ប្រធានាធិបតីអាហ្សង់ទីននឹងណែនាំយើងបន្តជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាហ្សង់ទីនបើកទំព័រថ្មី ដើម្បីបោះជំហានទៅកាន់ទិសដៅបង្កើតសហគមន៍រួមវាសនាចិននិងអាមេរិកឡាទីន ក៏ដូចជាសហគមន៍រួមវាសនារបស់មនុស្សជាតិឥតឈប់ឈរ ៕