ក្រសួងការបរទេសចិន៖ ប្រទេសចិនប្រឆាំងនឹងសហរដ្ឋអាមេរិកដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទោះក្រោមលេសណាមួយក្តី
កាលពីថ្ងៃទី៩ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំស្តីពីរឿងដែលសហរដ្ឋអាមេរិកប្រើច្បាប់ក្នុងស្រុកសម្រាប់ដាក់ទណ្ឌកម្មទៅលើមន្ត្រីអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងនឹងសហរដ្ឋអាមេរិកដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទោះក្រោមលេសណាមួយក្តី។
សូមបញ្ជាក់ថា យោងតាមការផ្សាយដំណឹងឱ្យដឹងថា ពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានយកស្ថានការណ៍អ៊ីរ៉ង់ធ្វើជាលេស ហើយប្រើច្បាប់ក្នុងស្រុកខ្លួនដើម្បីដាក់ទណ្ឌកម្មទៅលើមន្ត្រីអ៊ីរ៉ង់ ព្រមនិងគំរាមកំហែងថានឹងបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ ភាគីអ៊ីរ៉ង់បានចោទថាអាមេរិកបានបង្កជម្លោះក្នុងស្រុកនៅអ៊ីរ៉ង់។
ពេលឆ្លើយតបនឹងសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មាន លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនតែងតែប្រឆាំងនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគីដែលខុសច្បាប់ពីសំណាក់សហរដ្ឋអាមេរិកចំពោះប្រទេសអ៊ីរ៉ង់ ប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទោះក្រោមលេសណាមួយក្តី និងប្រឆាំងនឹងការយកលេសលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដើម្បីបំផុស"បដិវត្តន៍ពណ៌" នៅក្នុងប្រទេសដទៃ៕