ដំណើរឆ្ពោះទៅមុខ│នាយកវិទ្យាល័យនារីជួយសិស្សចំនួន ២០០០ នាក់សម្រេចសុបិនក្នុងការចូលសិក្សា​ក្នុង​សាកល​វិទ្យាល័យ

2022-10-12 17:30:18
ប្រភព:xinhua

  លោកស្រី ចាំង គុយមៃ ជានាយកវិទ្យាល័យនារីហ្វាភីងទីក្រុងលីជាំងខេត្តយូណាន ទោះបីជាលោកស្រីមានអាយុ ៦៥ ឆ្នាំហើយ និងមានជំងឺជាច្រើន ហើយដៃ និងកលោកស្រីបិទថ្នាំក៏ដោយ ប៉ុន្តែ លោកស្រីតែងនៅជាមួយសិស្សជារៀងរាល់ថ្ងៃ ។ លោកស្រីកាន់ឧបករណ៍បំពងសំឡេងតូច ដើម្បីដាស់តឿនសិស្សឱ្យក្រោកពីគេង ចូលរៀន បរិភោគអាហារពេលព្រឹក និងហាត់ប្រាណ ។  លោកស្រី ចាំង គុយមៃ បានធ្វើការវិស័យការអប់រំរយៈពេលយូរ។ លោកស្រីបានឃើញដោយផ្ទាល់ថា ក្មេងស្រីជាច្រើនបានបោះបង់សាលារៀនដោយសារគ្រួសារក្រីក្រ។ ជាច្រើនឆ្នាំមុន នៅតាមផ្លូវទៅផ្ទះសិស្ស លោកស្រីបានមានសុបិនក្នុងការបង្កើតវិទ្យាល័យនារីដែលបង្រៀនដោយឥតគិតថ្លៃ ។ នៅខែកញ្ញា ឆ្នាំ ២០០៨ វិទ្យាល័យនារីហ្វាភីងទីក្រុងលីជាំងខេត្តយូណានត្រូវបានបង្កើតឡើង ដែលជាវិទ្យាល័យនារីបង្រៀនដោយឥតគិតថ្លៃទី ១​ នៅប្រទេសចិន​ ។

  រៀងរាល់ព្រឹក ម៉ោង ៥ និង ១៥ នាទី លោកស្រី ចាំង គុយមៃ នឹងក្រោកពីដំណេក រួចបើកភ្លើងនៅច្រកដើរមុនគេ ។ ពេលព្រឹក លោកស្រីនឹងទៅបន្ទប់នីមួយៗ ដើម្បីធានាថាគ្រូបង្រៀនយកចិត្តទុកដាក់ក្នុងការបង្រៀន ហើយសិស្សយកចិត្តទុកដាក់ក្នុងការសិក្សា។ ពេលសិស្សកំពុងបរិភោគ លោកស្រីនឹងកាន់ឧបករណ៍បំពងសំឡេងតូច ដើម្បីដាស់តឿនសិស្សឱ្យបរិភោគឲ្យទាន់ពេល។ រហូតដល់ម៉ោង ២៤ យប់ បន្ទាប់ពីលោកស្រីពិនិត្យបន្ទប់គេងរបស់សិស្ស គាត់ទើបត្រឡប់ទៅគ្រែរបស់ខ្លួនវិញ ។

  ពីរបីឆ្នាំដំបូងដែលសាលាត្រូវបានបង្កើតឡើង លោកស្រី ចាំង គុយមៃ តែងតែរត់ហាត់ប្រាណជាមួយសិស្ស ប៉ុន្តែ ដោយសារលោកស្រីធ្វើការហួសកម្លាំងខ្លាំង សុខភាពរបស់លោកស្រីមិនសូវល្អទេ ។ អ្នកគ្រូ ជូ រ៉ងបានរៀបរាប់ថា “លោកស្រី ចាំង គុយមៃប្រើប្រាស់ជីវិតរបស់គាត់ផ្លាស់ប្តូរពិន្ទុរបស់សិស្ស។”

  ក្រៅពីការកំដជាមួយសិស្សក្នុងសាលា នៅក្នុងវិស្សមកាលធំ និងវិស្សមកាលតូច លោកស្រី ចាំង គុយមៃ មានទម្លាប់ទៅផ្ទះរបស់សិស្សដើម្បីដឹងច្បាស់ពីស្ថានភាពគ្រួសារនៃសិស្សនីមួយៗ លោកស្រីធ្លាប់ទៅផ្ទះសិស្សទាំងអស់ ។

  លោកស្រី សាន ជីយាន ដែលជាសិស្សវិទ្យាល័យនារីហ្វាភីង បានបញ្ចប់ការសិក្សានៅឆ្នាំ ២០២៤ ។ លោកស្រីសាន ជីយាននៅតែចងចាំច្បាស់លាស់ថា “ពេលខ្ញុំរៀនថ្នាក់ទី ១២  សុខភាពរបស់ឪពុកខ្ញុំមិនល្អទេ គ្រួសារខ្ញុំក្រីក្រណាស់ ដូច្នេះ ខ្ញុំបានទៅលក់អំពៅ ។ ប៉ុន្តែ ពេលអ្នកគ្រូ ចាំង គុយមៃ ទៅផ្ទះរបស់ខ្ញុំ គាត់បានឃើញខ្ញុំកំពុងលក់អំពៅតាមផ្លូវ ។ តាំងពីថ្ងៃនោះមក អ្នកគ្រូតែងតែឱ្យលុយដល់ខ្ញុំ និងប្រាប់ខ្ញុំថា យកចិត្តទុកដាក់រៀនសូត្រ កុំបារម្ភពីផ្ទះទេ ។”

  តាំងពីវិទ្យាល័យនារីហ្វាភីងទីក្រុងលីជាំងខេត្តយូណានត្រូវបានបង្កើតឡើង មានសិស្សសរុបចំនួនជាង ២០០០ នាក់ចូលរៀនក្នុងសាកលវិទ្យាល័យហើយ ។

  ប្រភព៖xinhua

  ដោយ ផាង មីងក្វាង និងវ៉ាង អានហៅវី

  អ្នកបកប្រែ៖刘蓉

ដំណើរឆ្ពោះទៅមុខ│នាយកវិទ្យាល័យនារីជួយសិស្សចំនួន ២០០០ នាក់សម្រេចសុបិនក្នុងការចូលសិក្សា​ក្នុង​សាកល​វិទ្យាល័យ