អ្នកនាំពាក្យនៃគណៈប្រតិភូខេត្តនិងភូមិភាគជាច្រើនដែលចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី២០ថ្លែងអំពី “ការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់”

2022-10-20 17:58:26
ប្រភព:CRI

  របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានលើកឡើងដល់ “ការបើកទូលាយ”ជាច្រើនលើក ។ របាយការណ៍លើកឡើងថា នឹងជំរុញការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ពន្លឿនការកសាងប្រទេសខ្លាំងក្លាខាងពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ព្រមទាំងគាំពារនិម្មាបនកម្មសេដ្ឋកិច្ចអន្តរជាតិនិងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលប្រកបដោយស្ថិរភាពនិងភាពសំបូរបែប ។ ក្នុងការផ្តល់បទសម្ភាសន៍ជាសមូហភាពលើកទីបីនៃមជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលធ្វើឡើងកាលពីថ្ងៃទី១៩ខែតុលា អ្នកនាំពាក្យនៃគណៈប្រតិភូខេត្តនិងភូមិភាគជាច្រើនបានថ្លែងថា តំបន់នានានឹងបម្រើនិងរួមបញ្ចូលជាមួយនិម្មាបនកម្មអភិវឌ្ឍន៍ជាតិថ្មីតាមរយៈការបើកទូលាយកាន់តែខ្លាំងក្លា ។

  លោក Shen Danyang អភិបាលខេត្តរងជាអចិន្ត្រៃយ៍នៃខេត្ត Hainan បានថ្លែងថា ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ការប្រើប្រាស់ទុនបរទេសនិងពាណិជ្ជកម្មបរទេសនៃខេត្ត Hainan បានកើនឡើងយ៉ាងខ្លាំង ។ ក្នុងរយៈពេលបីឆ្នាំកន្លងទៅ ការប្រើប្រាស់ទុនបរទេសគិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង៨០ភាគរយ ពាណិជ្ជកម្មបរទេសគិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង៥០ភាគរយ សន្ទស្សន៍សេដ្ឋកិច្ចបើកទូលាយជាច្រើនបានស្ថិតនៅចំណាត់ថ្នាក់ឈានមុខនៅទូទាំងប្រទេសចិន ។

  លោក Sun Daguang រដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មការបក្សប្រចាំភូមិភាគស្វយ័ត Guangxi បានលើកឡើងថា គិតមកទល់បច្ចុប្បន្ននេះ ពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលអំពីពាណិជ្ជកម្មនិងការវិនិយោគចិន-អាស៊ានបានរៀបចំធ្វើ១៩លើកដោយជោគជ័យហើយ ក្របខ័ណ្ឌសេវាកម្មក៏ពង្រីកពី “១០បូក១”ទៅកាន់ RCEP និង “ខ្សែក្រវាត់និងផ្លូវ”ផងដែរ ។ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយនៃភូមិភាគស្វយ័ត Guangxi ក្នុងរយៈពេល២២ឆ្នាំជាប់ៗគ្នា ។

  លោក Bai Yugang រដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មការបក្សប្រចាំខេត្ត Shandong បានថ្លែងថា ខេត្ត Shandong នឹងពង្រីកឧត្តមភាពផ្នែកទីតាំងភូមិសាស្ត្រថែមមួយកម្រិតទៀត ដើម្បីបម្រើនិងរួមបញ្ចូលជាមួយនិម្មាបនកម្មអភិវឌ្ឍន៍ជាតិថ្មីដោយការបើកទូលាយកាន់តែខ្លាំងក្លា ៕

អ្នកនាំពាក្យនៃគណៈប្រតិភូខេត្តនិងភូមិភាគជាច្រើនដែលចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី២០ថ្លែងអំពី “ការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់”