ហេតុអ្វីពិភពលោកផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី២០
តួអង្គដ៏សំខាន់នៅពីក្រោយការអភិវឌ្ឍដ៏ឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់ប្រទេសចិនក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ គឺបក្សកុម្មុយនីស្តចិន ដែលកំពុងប្រាព្ធធ្វើមហាសន្និបាតថ្នាក់ជាតិលើកទី២០របស់ខ្លួន នៅពេលថ្មីៗនេះ ។ បើយើងប្រៀបធៀបប្រទេសចិនទៅនឹងរាងកាយរបស់មនុស្សម្នាក់ រដ្ឋាភិបាលចិនប្រៀបដូចជាប្រព័ន្ធសរសៃឈាម ចំណែកឯបក្សកុម្មុនីស្តចិនប្រៀបដូចជាប្រព័ន្ធសរសៃប្រសាទ។ ប្រព័ន្ធទាំងពីរនេះ បំពេញមុខងារផ្សេងគ្នា ប៉ុន្តែជួយគាំទ្របំពេញឲ្យគ្នាទៅវិញទៅមក។ ប្រព័ន្ធខួរសរសៃប្រសាទ មានតួនាទីផ្ដល់ព័ត៌មានប្រាប់រាងកាយអំពីកិច្ចការដែលត្រូវអនុវត្ត ហើយប្រព័ន្ធសរសៃឈាម មានតួនាទីផ្ដល់ជាមធ្យោបាយដើម្បីបង្កលទ្ធភាពឲ្យរាងកាយអាចបំពេញមុខងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ មុខងារចម្បងរបស់អង្គមហាសន្និបាតបក្សកុម្មុយនីស្តចិន គឺធ្វើការកំណត់គោលដៅនិងគោលនយោបាយរបស់ប្រទេសចិនសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
ជាការពិត ក្រោមការដឹកនាំរបស់បក្សកុម្មុនីស្តចិន ប្រទេសចិនសម្រេចបានសមិទ្ធផលលេចធ្លោជាច្រើន ដោយក្នុងចំណោមសមិទ្ធផលទាំងនោះ ប្រទេសចិនសម្រេចបានដោយជោគជ័យនូវគោលដៅទីមួយនៃគោលដៅខួបមួយរយឆ្នាំរបស់បក្សកុម្មុនីស្តចិន ដោយបានប្រែក្លាយប្រទេសចិនទៅជាប្រទេសដែលមានការរីកចម្រើនគ្រប់ទិដ្ឋភាពទាំងអស់ក្នុងកម្រិតមធ្យម ដោយបានលុបបំបាត់ភាពក្រីក្រទាំងស្រុង ។ នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រទេសចិនកំពុងបោះជំហានយ៉ាងនឹងនរឆ្ពោះទៅរកការសម្រេចគោលដៅទីពីរនៃគោលដៅខួបមួយរយឆ្នាំរបស់បក្សកុម្មុយនីស្តចិន ពោលគឺប្រែក្លាយប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង រឹងមាំ ដែលមានលក្ខណៈប្រជាធិបតេយ្យ មានវប្បធម៌ខ្ពង់ខ្ពស់និងមានសុខដុម នៅត្រឹមឆ្នាំ២០៤៩។
ជាមួយនឹងកំណើននៃកម្លាំងសេដ្ឋកិច្ចសង្គមរបស់ខ្លួន ប្រទេសចិនបានបំពេញតួនាទីកាន់តែសំខាន់និងរួមចំណែកកាន់តែច្រើនក្នុងអភិបាលកិច្ចតំបន់និងសកល ជាពិសេស តួនាទីនិងការចូលរួមរបស់ចិនក្នុងការកសាងនិងពង្រឹងសន្តិភាព ស្ថេរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោកទាំងមូល ។ សេចក្ដីសម្រេចនានាដោយអង្គមហាសនិ្នបាតបក្ស កុម្មុយនីស្តចិន មិនត្រឹមតែមានឥទ្ធិពលទៅលើគោលនយោបាយនៅក្នុងប្រទេសចិនខ្លួនឯងតែប៉ុណ្ណោះទេ តែថែមទាំងមានឥទ្ធិពលទៅលើស្ថានភាពនៃទំនាក់ទំនងអន្តរជាតិ ទាំងនៅក្នុងកម្រិតតំបន់ និងនៅលើពិភពលោកទាំងមូលផងដែរ។
ខណៈដែលពិភពលោកកំពុងជួយប្រទះបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន ដូចជាជម្លោះធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើននៅជុំវិញពិភពលោក វិបត្តិសេដ្ឋកិច្ចនិងវិបត្តិពាណិជ្ជកម្មអន្តរជាតិ ជំងឺរាតត្បាតកូវីដ ១៩ បម្រែបម្រួលអាកាសធាតុ និងវិបត្តិថាមពល កែវភ្នែករបស់ឥស្សរជននយោបាយ អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវ នៅជុំវិញពិភពលោក កំពុងសម្លឹងមើលដំណើរការនៃមហាសន្និបាតបក្សកុម្មុយនីស្តចិនយ៉ាងយកចិត្តទុកដាក់ ដោយផ្ដោតជាពិសេសទៅលើគោលនយោបាយនិងអាទិភាពនានាដែលនឹងត្រូវអនុម័តដោយអង្គមហាសន្និបាតនេះ។ និយាយម្យ៉ាងទៀត ពិភពលោក រំពឹងថាប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន នឹងដាក់ចេញនូវគំនិតផ្ដួចផ្ដើម សំណើ និងសកម្មភាពថ្មីៗបែបស្ថាបនាបន្ថែមទៀត ដែលអាចជួយកាត់បន្ថយភាពតានតឹងនៅលើឆាកអន្តរជាតិ និងរួមចំណែកដល់ការកសាងនិងពង្រឹងសន្តិភាព ស្ថេរភាព និងវិបុលភាព របស់តំបន់ និងពិភពលោកទាំងមូល ប្រកបដោយប្រសិទ្ធភាព។
នៅក្នុងសុន្ទរកថាបើកមហាសន្និបាតបក្សលើកទី២០នេះ លោកប្រធានាធិបតី ស៊ី ជិនពីង បានបង្ហាញនូវសមិទ្ធផលដ៏លេចធ្លោដែលប្រទេសចិនសម្រេចបានក្នុងរយៈពេលមួយ ទស្សវត្សរ៍កន្លងទៅ និងបានដាក់ចេញនូវចក្ខុវិស័យសម្រាប់ប្រទេសចិន ដែលបង្ហាញទិសដៅនៃគោលនយោបាយក្នុងប្រទេសនិងអន្តរជាតិរបស់ប្រទេសចិនសម្រាប់ពេលអនាគត។ លោកស៊ី ជិនពីង បានបញ្ចាក់យ៉ាងច្បាស់នូវគោលនយោបាយការបរទេសរបស់ប្រទេសចិន ដែលផ្ដោតលើ “ការពង្រឹងលើកកម្ពស់ទំនាក់ទំនងអន្តរជាតិបែបថ្មី ដោយពង្រឹងនិងពង្រីកភាពជាដៃគូសកលដោយផ្អែកលើ សមភាព ភាពបើកចំហរ និងកិច្ចសហប្រតិបត្តិការ” ។ គាត់បានសង្កត់ធ្ងន់ថា “ប្រទេសចិនប្រឆាំងដាច់ខាតចំពោះគ្រប់ទម្រង់នៃអនុត្តរភាពវាតទីនិយមនិងនយោបាយដែលប្រើអំណាចបង្ខិតបង្ខំ ផ្នត់គំនិតសង្គ្រាមត្រជាក់ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងស្តង់ដារទ្វេ” និងសន្យាយ៉ាងមុតមាំថា ប្រទេសចិននឹងមិនអនុវត្តគោលនយោបាយអនុត្តរភាព និងពង្រីកវាតទីនិយមនោះឡើយ មិនថាប្រទេសចិនមានការអភិវឌ្ឍរីកចម្រើនដល់កម្រិតណាក៏ដោយ។
និយាយម្យ៉ាងទៀត ប្រទេសចិនមិនត្រឹមតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍនិងសន្តិសុខរបស់ខ្លួនតែប៉ុណ្ណោះទេ តែប្រទេសចិនថែមទាំងយកចិត្តទុកដាក់និងខិតខំ“ពង្រឹងសន្តិភាពពិភពលោក ជំរុញលើកកម្ពស់ការអភិវឌ្ឍរួម និងខិតខំកសាងនិងអភិវឌ្ឍសហគមន៍មនុស្សជាតិមួយដែលមានអនាគតរួមគ្នា” ជាពិសេសតាមរយៈការដាក់ចេញនូវគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកលនិងគំនិតផ្ដួចផ្ដើមសន្តិសុខសកល ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណែទម្រង់និងការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចសកល ដែលនឹងពង្រឹងការអនុវត្តយន្តការពហុភាគីនិយមពិតប្រាកដ លើកកម្ពស់ប្រជាធិបតេយ្យនៅក្នុងទំនាក់ទំនងអន្តរជាតិ និងធ្វើឲ្យអភិបាលកិច្ចសកលមានយុត្តិធម៌និងសមធម៌ជាងមុន ។ ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ដើម្បីសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រែក្លាយគំនិតផ្ដួចផ្ដើមទាំងពីរនេះទៅជាសកម្មភាពជាក់ស្ដែង នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ