លោកWangYiជួបសន្ទនាតាមទូរស័ព្ទជាមួយលោកSergey Lavrovរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី
ថ្ងៃទី២៧ ខែតុលា លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកSergey Lavrovរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី។
លោកWangYiបានលើកឡើថា លោកភូទីនប្រធានាធិបតីរុស្ស៊ីបានផ្ញើសារអបអរសាទរចំពោះលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនភ្លាមៗបន្ទាប់ពីបិទបញ្ចប់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ នេះបានបង្ហាញពីទំនុកចិត្តទៅវិញទៅមកកម្រិតខ្ពស់និងការគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំរវាងប្រទេសចិននិងរុស្ស៊ី។ភាគីចិនរីករាយជំរុញទំនាក់ទំនងរវាងប្រទេសចិននិងរុស្ស៊ីនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យឱ្យឡើងដល់កម្រិតកាន់តែខ្ពស់ដោយឥតឈប់ឈរ។
ជាការឆ្លើយតប លោកSergey Lavrovបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅដែលសមាជបក្សកុម្មុយនីស្តចិនលើកទី២០ទទួលបានជោគជ័យដោយគាប់ប្រសើរ ព្រមទាំងអបអរសាទរចំពោះលោកXi Jinpingដែលត្រូវជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនម្តងទៀត ដោយលើកឡើងថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ជាព្រឹត្តិការណ៍ធំលើពិភពលោក មុខជានឹងដឹកនាំប្រទេសចិនឱ្យសម្រេចគោលដៅស្តារភាពរុងរឿងប្រជាជាតិចិនឡើងវិញជាមិនខាន។ភាគីរុស្ស៊ីរីករាយរួមជាមួយភាគីចិនដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែស៊ីជម្រៅ រួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងពិភពលោក។
ភាគីទាំង២ក៏បានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នាផងដែរ៕