"ចុងភៅស៊ុបឆ្នាំងភ្លើង" ត្រូវបានប្រទេសចិនកំណត់ជាមុខរបរថ្មី
ថ្មីៗនេះ ក្រសួងធនធានមនុស្ស និងគាំពារសង្គមនៃប្រទេសចិន បានចេញសេចក្តីជូនដំណឹងមួយថា៖ "ចុងភៅស៊ុបឆ្នាំងភ្លើង" បានក្លាយជាប្រភេទការងារថ្មីមួយដែលនៅក្រោមអាជីព"ចុងភៅចម្អិនបែបចិន"។
"ចុងភៅស៊ុបឆ្នាំងភ្លើង" គឺជាបុគ្គលដែលប្រកបរបរធ្វើស៊ុបទឹកជ្រលក់ រៀបចំម្ហូបអាហារ និងកាត់បន្លែស្រស់ ថែមទាំងមានសមត្ថភាពចេះដំណើរការភោជនីយដ្ឋាន និងគ្រប់គ្រងបុគ្គលិក។ ស៊ុបឆ្នាំងភ្លើងរបស់ទីក្រុងឆុងឈីងនៃប្រទេសចិនមានភាពល្បីល្បាញពាសពេញប្រទេស ចំណែកសេដ្ឋកិច្ចអំពីស៊ុបឆ្នាំងភ្លើងរបស់ក្រុងឆុងឈីងមានការរីកចម្រើន។ នាពេលបច្ចុប្បន្ន ទ្រង់ទ្រាយនៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូលនៃស៊ុបឆ្នាំងភ្លើងនៃក្រុងឆុងឈីងបានឈានដល់កម្រិតពាន់លានយន់។ ក្នុងឆ្នាំ២០១៥ ទីក្រុងឆុងឈីងបានកំណត់ "ចុងភៅស៊ុបឆ្នាំងភ្លើង" ជាប្រភេទការងារពិសេសក្នុងតំបន់ ហើយបានបង្កើតស្តង់ដារជំនាញវិជ្ជាជីវៈពិសេសរហូតមកដល់ពេលនេះ មនុស្សជាង ៦ម៉ឺននាក់បានជាប់ក្នុងការប្រឡងហើយទទួលវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈពិសេសអំពីស៊ុបឆ្នាំងភ្លើងលើក្នុងក្រុងឆុងឈីង។
លើសពីនេះ ក្នុងចំណោមមុខរបរថ្មីជាង ១៥០ដែលទើបនឹងបង្កើតថ្មីនៅក្នុងប្រទេសចិន ក៏មានមុខរបរដែលគ្របដណ្តប់ទៅលើវិស័យថ្មីៗមានដូចជាអ្នកបច្ចេកទេសវិស្វកម្មលេខសម្ងាត់ អ្នកបច្ចេកទេសវិស្វកម្មគ្រប់គ្រងកាបូន និងអ្នកបច្ចេកវិទ្យាលើហិរញ្ញវត្ថុជាដើម៕
ប្រភព៖ស៊ីនហួចិន
អ្នកសារព័ត៌មាន៖ចៅ ចាលឺ