ប្រទេសចិនសម្តែងការយកចិត្តទុកដាក់ខ្ពស់ចំពោះឧបត្ថម្ភកធនឧស្សាហកម្មនិងវិធានការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ដែលបំពានគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក
ក្រុមប្រឹក្សាពាណិជ្ជកម្មទំនិញនៃអង្គការពាណិជ្ជកម្មពិភពលោកបានបើកធ្វើកិច្ចប្រជុំផ្លូវការនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ។ នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូចិនបានថ្លែងសុន្ទរកថារយៈពេល ៤០ នាទីស្តីពីវិធានការឧបត្ថម្ភកធនជាច្រើនខដែលប្រកបដោយភាពរើសអើងពាណិជ្ជកម្មនិងភាពមួលបង្កាច់ក្នុង "សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា" ដែលទើបដាក់ចេញដោយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ក៏ដូចជាវិធានការនិងគោលនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិកដែលបានរំខានដល់ខ្សែសង្វាក់ឧស្សាហកម្មឧបករណ៍ពាក់កណ្តាលចម្លងនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ សុន្ទរកថានេះបានលាតត្រដាងលម្អិតនូវវិធានការនិងគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលមិនស្របតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក សកម្មភាពបំពានគោលការណ៍ទូទៅនៃច្បាប់អន្តរជាតិ និងរំខានដល់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់តម្លៃសកល ដោយបានទទួលការយកចិត្តទុកដាក់យ៉ាងទូលំទូលាយរបស់បណ្តាភាគីនានា ។
ថ្លែងក្នុងសុន្ទរកថា ប្រទេសចិនបានដាស់តឿនសហរដ្ឋអាមេរិកឱ្យគោរពតាមបទដ្ឋានរបស់អង្គការពាណិជ្ជកម្មពិភពលោក លុបចោលខ្លឹមសារដែលប្រកបដោយភាពរើសអើង និងភាពមួលបង្កាច់ក្នុងសេចក្តីព្រាងច្បាប់នេះ ហើយអនុវត្តយ៉ាងពិតប្រាកដនូវការសន្យាស្តីពីការដែលគោលនយោបាយផ្នែកពាណិជ្ជកម្ម និងបរិស្ថានធាតុអាកាស គួរតែស្របទៅតាមបទដ្ឋានរបស់អង្គការពាណិជ្ជកម្មពិភពលោកដែលបានចែងក្នុងសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូល G20 នៅកោះបាលី ៕