ទំនើបកម្មសង្គមនិយមតាមបែបផែនចិនបានយល់ជ្រួតជ្រាបដល់និស្សិតនៅសាកលវិទ្យាល័យជាតិមានជ័យ
ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យជាតិមានជ័យមានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។
ថ្លែងបើកអង្គបាឋកថាទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិតនៅក្នុងខេត្តបន្ទាយមានជ័យចំនួន២០០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រៅពីបានគូសរំលេចពីប្រសាសន៍របស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលបានរំលេចពីសមិទ្ធផលនានារបស់កម្ពុជាទទួលបានក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានផ្តល់ចំណងជើងថាចំណងមិត្តភាពចិននិងកម្ពុជាកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាកាន់តែស៊ីជម្រៅ លោកបណ្ឌិតក៏បានពន្យល់យ៉ាងក្បោះក្បាយពីការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។
ប្រទេសចិនគឺជាប្រទេសអភិវឌ្ឍដ៏ធំមួយ។ ដូច្នេះការជ្រើសរើសផ្លូវត្រឹមត្រូវសម្រាប់វឌ្ឍនភាពនយោបាយរបស់ខ្លួនគឺជាបញ្ហាដ៏ធំសំខាន់ ដែលពាក់ព័ន្ធដល់ឫសគល់ជាតិ និងស្ថានភាពទូទៅ។ ចិនយល់ច្បាស់ណាស់ពីជម្រើសដែលត្រូវជ្រើសរើសរវាង ការប្រឈមមុខគ្នាដោយអរិភាព ឬការគោរពគ្នាទៅវិញទៅមក? រវាងភាពឯកោនិងការផ្តាច់ចំណង ឬការបើកចំហក្នុងកិច្ចសហប្រតិបត្តិការ? រវាងផលបូកស្មើសូន្យ ឬទទួលនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក?មធ្យោបាយដ៏ល្អបំផុតដើម្បីវាយតម្លៃថាតើប្រព័ន្ធនយោបាយរបស់ប្រទេសមានប្រសិទ្ធភាពដែរឬទេ គឺត្រូវសង្កេតមើលទៅលើជីវភាពរស់នៅរបស់ប្រជាជន។ ចាប់ពីឆ្នាំ២០១០មក ប្រទេសចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ ហើយបើយោងតាមគំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ យើងឃើញថាGDPរបស់ប្រជាជនចិនសម្រាប់មនុស្សម្នាក់ត្រូវបានគេរំពឹងថានឹងឈានដល់១១៨០០ដុល្លារនៅចុងឆ្នាំ២០២២។ ក្នុងរយៈពេលវែង GDPរបស់ប្រជាជនចិនសម្រាប់មនុស្សម្នាក់ត្រូវបានព្យាករណ៍ថានឹងមាននិន្នាការនៅប្រមាណជា១២៥០០ដុល្លារក្នុងឆ្នាំ២០២៣ និង១៣៤០០ដុល្លារក្នុងឆ្នាំ២០២៤។
សព្វថ្ងៃនេះ ក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រទាំងអស់ ប្រទេសចិនកាន់តែខិតជិត កាន់តែមានទំនុកចិត្ត និងកាន់តែមានសមត្ថភាពសម្រេចគោលដៅនៃការស្តារជាតិឡើងវិញ ហេតុនេះ ការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន គឺជាទម្រដ៏រឹងមាំក្នុងការសម្រេចបានគោលដៅតស៊ូសតវត្សរ៍ទីពីររបស់ប្រទេសចិន។ លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិមានជ័យបានយល់ស្របថា ការចម្លងប្រព័ន្ធនយោបាយរបស់បណ្តាប្រទេសដទៃទៀតដោយមិនបានគិតពិចារណាមិនច្បាស់លាស់ និងមិនអាចដំណើរការបានទេនៅក្នុងប្រទេសចិន។ ប្រព័ន្ធទាំងនោះនឹងមិនអាចសម្របខ្លួនទៅនឹងប្រទេសចិនបានទេ។ មានតែប្រព័ន្ធមួយប៉ុណ្ណោះដែលបានចាក់ឫសយ៉ាងរឹងមាំ និងលូតលាស់ពេញលេញនៅក្នុងដីរបស់ចិនដែលអាចទុកចិត្តបាន ហើយនឹងបំពេញគោលបំណងរបស់ខ្លួន នោះគឺសង្គមនិយមតាមបែបផែនចិន។ ដោយធ្លាប់បានទៅបំពេញទស្សនកិច្ចនិងបានបញ្ជូនកូនប្រសុរបស់ខ្លួនទៅសិក្សានៅប្រទេសចិន ឯកឧត្តម ឧត្តមសេនីយទោ កែវ សេងឡាយ មេបញ្ជាការរងបញ្ជាការដ្ឋានរថក្រោះនៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា ដោយយកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាឧទាហរណ៍បញ្ជាក់ នោះយើងនឹងឃើញថាបើគិតដល់ត្រឹមចុងខែមិថុនាឆ្នាំ២០២២ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាង២០០ជាមួយប្រទេសចំនួន១៤៩ និងអង្គការអន្តរជាតិចំនួន៣២ ស្តីពីគំនិតផ្តួចផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ» និងបានធ្វើការវិនិយោគជាង១៤០ពាន់លានដុល្លារអាមេរិក នៅតាមបណ្តាប្រទេសនានានៅតាមបណ្តោយខ្សែក្រវាត់និងផ្លូវ ដែលមិនត្រឹមនាំប្រជាជនចិនចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ តែថែមទាំងបានជួយមនុស្សជាតិចំនួន៧.៦លាននាក់ចេញពីភាពក្រីក្រខ្លាំងនិង៣២លាននាក់ចេញពីភាពក្រីក្រកម្រិតមធ្យមនៅទូទាំងពិភពលោក។ ដោយយល់ស្របជាមួយនឹងអង្គពិធី ឯកឧត្តមក៏បានសន្និដ្ឋានថា ការបំផុសគំនិតដោយទំនើបកម្មតាមបែបផែនចិន ប្រទេសនីមួយៗអាចរៀនសូត្រពីភាពជោគជ័យនៃមាគ៌ារបស់ចិនឆ្ពោះទៅកាន់ទំនើបភាវូបនីយកម្ម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាអព្ភូតហេតុក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍមនុស្ស និងការត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍសង្គមមនុស្ស ដោយផ្តល់នូវវិធីសាស្រ្តជំនួស ដើម្បីសម្រេចបាននូវទំនើបកម្មដែលខុសគ្នា៕